ក្រុមអ្នកជំនាញសេដ្ឋកិច្ច អះអាងថា កត្តាដែលជំរុញកំណើននាំចេញរបស់កម្ពុជាទៅសិង្ហបុរី ដោយសារតែប្រទេសនេះមានតម្រូវការទំនិញច្រើនពីកម្ពុជា គួបផ្សំប្រទេសទាំងពីរស្ថិតក្នុងក្របខណ្ឌកិច្ចព្រមព្រៀង RCEP ជាមួយគ្នាផងដែរ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កម្ពុជា និងសិង្ហបុរី ជាសមាជិកអាស៊ានដូចគ្នា ហើយប្រទេសទាំងពីរ ក៏ស្ថិតក្នុងក្របខណ្ឌ កិច្ចព្រមព្រៀងRCEPផងដែរ ដែលកត្តានេះ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹក ពិសេសការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរីមានការកើនឡើងខ្លាំងយ៉ាងដូច្នេះ។
មិនតែប៉ុណ្ណោះ ស្របពេលដែលប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា (DTA) ទៀតសោតនោះ វាមិនត្រឹមតែជួយជំរុញការធ្វើពាណិជ្ជកម្មរទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្ដែក៏បានជួយលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគសិង្ហបុរីជាច្រើនឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជាផងដែរ។
បើតាមអនុប្រធានសភាពាណិជ្ជកម្មរូបនេះ ទំនិញដែលកម្ពុជានាំទៅសិង្ហបុរី មួយចំនួនជាទំនិញឆ្លងកាត់ និងទំនិញមួយចំនួនទៀត ជាទំនិញបំពេញតម្រូវការក្នុងប្រទេសសិង្ហបុរី ដោយក្នុងនោះទំនិញសក្តានុពលដែលកម្ពុជានាំទៅសិង្ហបុរី រួមមានផលិតផលវាយនភណ្ឌសម្លៀកបំពាក់ កាបូប និងស្បែកជើងគ្រឿងផ្គុំអគ្គិសនី និងផលិតកសិកម្ម និងកសិឧស្សាហកម្មមួយចំនួនផងដែរ។
ជុំវិញការនាំចេញទំនិញនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រៅតែពីទីផ្សារសិង្ហបុរី ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសដទៃទៀត នឹងមានកាន់តែរីកចម្រើន និងប្រសើរឡើងនៅពេលខាងមុខ ពិសេសការនាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌ RCEPជាដើម។
សូមជម្រាបថា នៅ៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់សរុបជាង ២៧ពាន់លានដុល្លារធ្លាក់ចុះជាង ១៥% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ជាង ១៣ពាន់លានដុល្លារធ្លាក់ចុះ ១,៨% ខណៈការនាំចូលពីទីផ្សារអន្តរជាតិមានទំហំជាង ១៤ពាន់លានដុល្លារ ធ្លាក់ចុះជាង២៥%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕