លោក អួន សីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា នៅ៩ខែឆ្នាំ២០២៣ នេះ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជិត៦៤ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាម បានជាង៦១ម៉ឺន៣ពាន់តោន គិតជាទឹកប្រាក់មានជាង៨រយលានដុល្លារ ថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ការនាំចេញធ្លាក់ចុះនេះ ត្រូវបានប្រធានសមាគមរូបនេះ អះអាងថា គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យទិន្នផលស្វាយចន្ទីមានការធ្លាក់ចុះ។ បើទោះបីបរិមាណនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះក្តី ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះហាក់មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅខែកញ្ញា មានតម្លៃពី៧ពាល់រៀល ទៅ៧ពាន់៥រយរៀលក្នុងមួយគីឡូក្រាម ឬស្មើនឹង១ពាន់៩រយដុល្លារ ក្នុងមួយតោន មានការកើនឡើងបន្តិចបន្តួចបើ់ធៀបនឹងឆ្នាំមុន។
បើតាមប្រធានសមាគមស្វាយចន្ទីរូបនេះ គ្រាប់ស្វាយចន្ទីឆៅកម្ពុជា ប្រមាណ៩៥% ត្រូវបាននាំចេញទៅប្រទេសវៀតណាម សម្រាប់កែច្នៃយកទៅលក់បន្ត ខណៈមានតែ៥%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃដោយសិប្បកម្មក្នុងស្រុក។ ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកនៅមានកម្រិតនេះ ត្រូវបានលោក អួន ស៊ីឡុត អះអាងថា គឺដោយសារសមត្ថភាពផលិតនៅមានកម្រិត និងកង្វះចំណេះដឹង និងជំនាញសម្រាប់ការអភិវឌ្ឍឧស្សាហកម្មសិប្បកម្មដល់ការកែច្នៃចំណីអាហារប្រកបដោយស្តង់ដារសុវត្ថិភាពសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងខ្វះទុនបង្វិលសម្រាប់ទិញគ្រាប់ស្តុកទុកដើម្បីកែច្នៃ គួបផ្សំមិនទាន់មានការលើកទឹកចិត្តលើផ្នែកពន្ធដាជាដើម។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួនពីធនាគាររដ្ឋ និងឯកជន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជាមានការអភិវឌ្ឍទៅមុខបានលឿន។ បន្ថែមលើនេះ លោក ក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យស្វាយចន្ទីផងដែរ។
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា៕