រដ្ឋមន្ត្រីការបរទេសចិនមកកាន់ប្រទេសថៃ

អ្នកជំនាញភូមិសាស្ត្រនយោបាយ លើកឡើងអ្វីខ្លះជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនមកកាន់ប្រទេសថៃ?


រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ប្រទេសថៃ ដែលជាផ្នែកមួយនៃបេសកកម្មការទូតរយៈពេលពីរសប្តាហ៍របស់លោកនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈអំឡុងដំណើរទស្សនៈកិច្ចរបស់ប្រមុខការទូតចិននេះ ក៏មានការប្រារព្ធខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងចិន និង ថៃផងដែរ។
រដ្ឋមន្ត្រីការបរទេសចិនមកកាន់ប្រទេសថៃ

យ៉ាងណាមិញ សម្រាប់​អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​នៅ​ប្រទេស​ថៃ មើលឃើញ​ថា ដំណើរ​ទស្សនកិច្ច​នេះ វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ ពី​ការ​ប្រជែង​ឥទ្ធិពល​រវាង​ទីក្រុង​ប៉េ​កាំ​ង និង​ទីក្រុង​វ៉ា​ស៊ិ​ន​តោន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Bangkok Post​។

លោក Sitthiphon Kruarattikan នាយក​វិទ្យាស្ថាន​សិក្សា​អាស៊ី​បូព៌ា និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Thammasat Studies បាន​និយាយ​ថា ដំណើរ​ទស្សនៈកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi ទំនងជា​ផ្នែក​មួយ​នៃ​ការ​ប្រកួតប្រជែង​ឥទ្ធិពល​របស់​ចិន ជាមួយ​សហរដ្ឋអាមេរិក​។ លោក​បាន​និយាយ​ថា ប្រទេស​ដែល​លោក Wang Yi ធ្វើ​ទស្សនកិច្ច​នៅ​២​ស​ប្ដា​ហ៍​នេះ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​សុទ្ធ​សឹង​ជា​ប្រទេស ដែល​ទីក្រុង​ប៉េ​កាំ​ង និង ទីក្រុង​វ៉ា​ស៊ី​ន​តោន កំពុង​ប្រកួតប្រជែង​គ្នា​ដើម្បី​ពង្រីក​ភាព​ជា​ដៃគូ និង កិច្ច​សហប្រតិបត្តិការ នៅ​ពេល​ដែល​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​កើនឡើង​។

បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​កាសែត People's Daily ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ចិន​ចាប់ពី​ត្រីមាស​ទី​ពីរ​តទៅ​នឹង​ផ្តោត​លើ​តំបន់​អាស៊ី និង អាស៊ាន​ជា​ពិសេស​តែ​ម្ដង​។

លោក Sitthiphon បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​រូប​នេះ មក​កាន់​តំបន់​អាស៊ី​ថ្មី​ៗ​នេះ គឺ​ដើម្បី​វាយតម្លៃ​ថា​តើ​ប្រទេស​ក្នុង​តំបន់​អាស៊ី​មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​។ លោក​បាន​បន្ត​ថា ទោះជា​យ៉ាងណា ចិន​ទំនងជា​មិន​បង្ខំ​ប្រទេស​អាស៊ាន​ណាមួយ​ឲ្យ​ចូល​ខាង​ខ្លួន​នោះ​ទេ​។

លោក Piti Srisaengnam នាយក​ផ្នែក​កិច្ចការ​សិក្សា​នៅ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​សាកលវិទ្យាល័យChulalongkorn បាន​និយាយ​ថា ការ​ដាក់​បញ្ចូល​ប្រទេស​ថៃ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang Yi ឆ្លុះ​បញ្ចាំង​អំពី​អព្យាក្រឹត​ការទូត​របស់​ប្រទេស​ថៃ​។

មែនទែន​ទៅ ប្រទេស​ថៃ​ការពារ​ផលប្រយោជន៍​របស់​ខ្លួន ដោយ​មិន​ជ្រើសរើស​ភាគី និង​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច ដែល​ជា​មូលហេតុ ដែល​មន្ត្រី​កំពូល​ៗ​មក​ពី​ប្រទេស​ចិន និង សហរដ្ឋអាមេរិក​មានការ​ចាប់អារម្មណ៍​ក្នុង​ការ​មក​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​។

គួរ​សង្កេត​ឃើញ​ថា មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang Yi រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក លោក Lloyd Austin ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​ម្តង​រួច​ទៅ​ហើយ​។ ទន្ទឹម​នឹង​នោះ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក Antony Blinken គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ថៃ​ម្តងទៀត បន្ទាប់​ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​បាលី​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

នាយក​ផ្នែក​កិច្ចការ​សិក្សា​នៅ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​លោក Piti បាន​និយាយ​ថា

ក្នុង​ឱកាស​ខួប​១០​ឆ្នាំ​នៃ​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចិន​-​ថៃ ប្រទេស​ទាំង​ពីរ​ទំនងជា​កសាង​ខ្សែ​ចង្វាក់​តម្លៃ​ដ៏​រឹង​មាំ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា ដើម្បី​ផលប្រយោជន៍​រួម​។

លោក​បាន​បន្ត​ថា ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​ចិន​កំពុង​ប្រឈម​មុខ​នឹង​របាំង​ពាណិជ្ជកម្ម ទីក្រុង​ប៉េ​កាំ​ង​ត្រូវការ​ប្រទេស​ថៃ និង​អាស៊ាន​ជា​វេទិកា​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ។

យោង​តាម​ក្រុម​អ្នកវិភាគ ការ​ប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង ដោយ​មើលឃើញ​លើ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​ទាំង ២ ទៅ​កាន់​ប្រទេស​ថៃ សិង្ហ​បុរី វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី ដែល​ជាទី​តាំង​យុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​។

គួរ​ជម្រាប​ថា ទំនាក់ទំនង​ចិន និង ថៃ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ធម្មតា ខណៈ​ប្រទេស​ថៃ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ទីក្រុង​ប៉េ​កាំ​ង​នឹង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត ដោយសារ​តែ​បារម្ភ​ពី​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​របស់​សហរដ្ឋអាមេរិក​។ ទោះ​យ៉ាងណា រាជរដ្ឋាភិបាល​ថៃ​ទំនងជា​មិន​ទទួលយក​នោះ​ទេ ប៉ុន្តែ​ប្រទេស​ថៃ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា កំពុង​ខិត​ទៅ​ជិត​សហរដ្ឋអាមេរិក​ដែល​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ប្រទេស​នេះ​។ ថ្វីបើ​បែប​នេះ​ក្តី ប្រទេស​ចិន​នឹង​ប្រើប្រាស់​ផលប្រយោជន៍​សេដ្ឋកិច្ច​រួម និង​ការ​វិនិយោគ​ជា​ឧបករណ៍​មួយ​ក្នុង​ការ​ចូលរួម​ជាមួយ​ប្រទេស​ថៃ និង​ពង្រឹង​ទំនាក់ទំនង​ផង​ដែរ​៕




អត្ថបទបន្ទាប់


កម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននៅខែសីហា

ព័ត៌មាន
សារព័ត៌មាន Kyodo របស់ជប៉ុន បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ភាគីកម្ពុជាបានអញ្ជើញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឱ្យមកចូលរួ…

កម្ពុជា និងវៀតណាមឈរកំពូលតារាង ជាប្រទេសមានការងើបឡើងវិញពីកូវីដ១៩បានល្អជាងគេនៅក្នុងតំបន់អាស៊ី

ព័ត៌មាន
ប្រទេសកម្ពុជា និងវៀតណាមបានកាន់កាប់តំណែងកំពូលក្នុងតារាង ជាប្រទេស ដែលមានការងើបឡើងវិញពីវិបត្តិកូវីដ១៩បានប្រសើរជាងគេនៅក្នុងតំបន់អាស៊ី ខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ