បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថៃ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃក្នុងរយៈពេលពីរខែដើមឆ្នាំ២០២១ មានទំហំទឹកប្រាក់ប្រមាណ ១ពាន់ ៣រយលានដុល្លារអាមេរិក មានការធ្លាក់ចុះជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ កម្ពុជានាំចេញផលិតផលទៅថៃ សម្រេចបានក្នុងទំហំទឹកប្រាក់ ២២៥លានដុល្លារធ្លាក់ចុះ៤៧% ខណៈកម្ពុជានាំចូលពីថៃមកវិញមានទឹកប្រាក់ជាង១ពាន់លានដុល្លារ កើនឡើង១១%។
ដោយឡែក របាយការណ៍ការពីការិយាល័យស្ថិតិពាណិជ្ជកម្មវៀតណាមបានបង្ហាញថា ពីរខែដើមឆ្នាំ២០២១ នេះការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាម សម្រេចបានជាង ៦០០លានដុល្លារអាមេរិក កើនឡើងជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯ ការនាំចេញរបស់វៀតណាមមកកាន់កម្ពុជាវិញសម្រេចបានជាង ៧០០លានដុល្លារ កើនឡើង ៨,៦%។ សរុបជារួមទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមនៅ២ខែ ដំបូងឆ្នាំ២០២១ មានជាង ១,៣ ពាន់លានដុល្លារ កើនឡើង៦៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលដែលជំរុញឲ្យការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាមកើនឡើងភាគច្រើនជាផលិតផលកសិកម្ម។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅទីផ្សារវៀតណាម និងថៃមានមួយឡើងមួយចុះយ៉ាងដូច្នេះ ដោយសារកត្តាតម្រូវការ និងការដឹកជញ្ជូន គួបផ្សំនឹងការជួយសម្របសម្រួលនៅតាមព្រំដែននៃប្រទេសទាំងពីរមានភាពខុសគ្នា។ ការលើកលែងពន្ធនាំចូលលើផលិតផលមួយចំនួនរបស់ប្រទេសទាំងពីរ ក៏កត្តារួមចំណែកមួយផងដែរ។
ឯកឧត្តម បន្ថែមថា ការនាំចេញរបស់កម្ពុជានៅដើមឆ្នាំ២០២១នេះ ក្រៅពីចរន្តនៃការនាំចេញទំនិញដែលប្រព្រឹត្តទៅជាធម្មតា ទោះជាមានការប៉ះពាល់ខ្លះៗដោយសារជម្ងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានោះ កំណើននៃការនាំចេញកសិផលទៅកាន់ទីផ្សារវៀតណាមសម្រាប់កែច្នៃលក់បន្ត និង សំរាប់ទីផ្សារក្នុងស្រុកក៏មានច្រើនគួរឲ្យកត់សម្គាល់ដែរ។ ចរន្តនាំចេញទាំងនៅតាមច្រកអន្តរជាតិ ក៏ដូចជាច្រកផ្សេងទៀតប្រព្រឹត្តទៅធម្មតា និងមានការសំរួលទាំងបែបបទនិងនីតិវិធីនានាដើម្បីជួយជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរក្នុងកាលៈទេសៈនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានគូសបញ្ជាក់ទៀតថា ខុសប្លែកពីវៀតណាម ក្រសួងពាណិជ្ជកម្មឃើញថា ច្រកនាំចេញទៅកាន់ប្រទេសថៃ មានការរាំងស្ទះខែដំបូងដើមឆ្នាំ ដោយសាររង់ចាំការរៀបចំបែបបទទាំងសងខាងសម្រាប់វិធានការការពារកូវីដ-១៩។ តាមពត៌មានពីមាត់ច្រកនាំចេញក្នុងខេត្តបាត់ដំបង គឺច្រកភ្នំព្រឹក និង ច្រកភ្នំដី/សំពៅលូន នៅដើមឆ្នាំនេះ ការនាំចេញកសិផលដូចជាពោត,ដំឡូង, កសិផលផ្សេងទៀតមានចរន្តធម្មតា, ប៉ុន្តែការនាំចេញអង្ករតាមច្រកទាំងនេះ ថយចុះ ឬស្ទើរតែគ្មាន ដោយភាគច្រើនបែរនាំចេញតាមប្រទេសវៀតណាមវិញ។ នៅច្រកកោះកុង/ចាំយាម ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស និងការនាំចេញជលផលក៏មានសភាពធម្មតាដែរ។
ចំណែកច្រកប៉ៃលិន និងបន្ទាយមានជ័យវិញ មានការនាំចេញពោត,ដំឡូង,ស្វាយ,មៀនប៉ៃលិន ដែលបច្ចុប្បន្នមានសភាពធម្មតា ក្រោយពីការរាំងស្ទះខ្លះៗនៅដើមឆ្នាំដោយសារការរៀបចំបែបបទសម្រាប់ការពារការឆ្លងរាលដាលជម្ងឺកូវីដ-១៩។ លើសពីនេះ ការរឹតត្បិតនៅក្នុងប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅមួយរយៈចុងក្រោយនេះ ក៏ជាបញ្ហាមួយ បានធ្វើឲ្យការនាំចេញផលិតផលកម្ពុជាទៅទីផ្សារថៃមានការជួប្រឈមនឹងបញ្ហាខ្លះៗផងដែរ។
សូមបញ្ជាក់ថាតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមសម្រេចបានជាង៣ពាន់លានដុល្លារ ធ្លាក់ចុះជាង១% ធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមមានជាង៣៨៥លានដុល្លារ កើនឡើងជីត១៥% ខណៈដែលនាំចូលពីវៀតណាមមកវិញមានជាង២.៦០០លានដុល្លារធ្លាក់ចុះជាង៣%។
ដោយឡែក ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសថៃវិញ សម្រេចបានជាងត្រឹមតែជាង ៧ពាន់លានដុល្លារប៉ុណ្ណោះ រអិលធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩ ដែលធ្លាប់មានដល់ទៅជាង ៩ពាន់លានដុល្លារ។ នេះបើតាមតួលេខពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានតម្លៃប្រមាណជាង ១ពាន់លានដុល្លារប៉ុណ្ណោះ ដែលមានការធ្លាក់ចុះដល់ទៅ ៤៩% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលការនាំចូលពីប្រទេសថៃមកវិញ មានជាង៦ពាន់លានដុល្លារធ្លាក់ចុះ ១៥%។ តាមតួលេខ សបញ្ជាក់ឲ្យឃើញថា កម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយថៃដល់ទៅ ជិត៥ពាន់លានដុល្លារអាមេរិក៕