ដំបូងឡើយ បើនិយាយពីព័ត៌មាន ឬដំណឹង កាសែតនិងទស្សនាវដ្ដីដើរតួសំខាន់ជាងគេ បន្ទាប់មក លេចចេញនូវវិទ្យុ ដែលបានដណ្ដើមតំណែងកាសែត-ទស្សនាវដ្ដីក្នុងការផ្ដល់ដំណឹងលឿនដល់មហាជន។ ក្រោយមកទៀត ក្នុងអំឡុង១០ឆ្នាំមុននេះ ទូរទស្សន៍បានក្លាយជាប្រភពដ៏សំខាន់និងឈានមុខគេក្នុងការផ្ដល់ទាំងដំណឹង និងការកម្សាន្តដល់មហាជន។ ទូរទស្សន៍បានដណ្ដើមយកទីផ្សារផ្សាយពាណិជ្ជកម្មមួយចំណែកធំលើសលប់ ធ្វើឲ្យក្រុមហ៊ុនកាសែត-ទស្សនាវដ្ដីជួបការលំបាកយ៉ាងខ្លាំងក្នុងការរកចំណូលពីការផ្សាយពាណិជ្ជកម្ម។
ឆ្នាំ២០១៦ ការស្រាវជ្រាវរបស់អង្គការអាមេរិកាំងមួយ ឈ្មោះ មូលនិធិអាស៊ី (The Asia Foundation) បង្ហាញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល៖ អ៊ិនថឹណិត (បណ្ដាញព័ត៌មានសង្គម Facebook) បានដណ្ដើមតំណែងទូរទស្សន៍ក្នុងឋានៈជាប្រភពដ៏សំខាន់បំផុតនៃការទទួលព័ត៌មាន។ យោងតាមការស្រាវជ្រាវ អ្នកចូលរួមឆ្លើយសំណួរស្ទង់មតិ ៣០ភាគរយ ឆ្លើយថា គេប្រើអ៊ិនថឹណិត/ហ្វេសប៊ុកដើម្បីតាមដានព័ត៌មាន ២៩ភាគរយ មើលទូរទស្សន៍ និង ១៥ភាគរយ ស្ដាប់វិទ្យុ។
ហេតុអ្វីបានជាគេមើលព័ត៌មានហ្វេសប៊ុកច្រើនជាងទូរទស្សន៍ ខណៈដែលគេថា ព័ត៌មាននៅលើហ្វេសប៊ុកគ្មានវិជ្ជាជីវៈ ?
“ទូរទស្សន៍នៅកម្ពុជាមិនអាចផ្ដល់ព័ត៌មានអ្វី លើសពីព័ត៌មានពិធីការ និងកម្មវិធីកម្សាន្តសុទ្ធនោះឡើយ។ ទូរទស្សន៍នៅកម្ពុជាបានធ្វើអត្តឃាតខ្លួនឯង ដោយសារតែមិនអាចផ្ដល់ព័ត៌មានដែលមានគុណភាព”
លោក Javier Sola ប្រធានអង្គការ វិទ្យាស្ថានបើកទូលាយ ថ្លែងថា «អ្នកមើលទូរទស្សន៍អាចមើលឃើញតែអ្វីដែលខាងទូរទស្សន៍ចាក់ផ្សាយឲ្យមើលតែប៉ុណ្ណោះ ប៉ុន្តែ នៅលើអ៊ិថឹណិតវិញ មនុស្សកាន់តែច្រើនឡើងអាចផ្សព្វផ្សាយព័ត៌មានដោយខ្លួនឯងបានថែមទៀតផង»។
“ហ្វេសប៊ុកបានបើកជើងមេឃឲ្យប្រជាជនទទួលបានព័ត៌មានគ្រប់ប្រភេទ មិនមានការរឹតត្បិតដូចការផ្សាយរបស់ទូរទស្សន៍។ អ្វីដែលសំខាន់ ព័ត៌មានដែលផ្សាយនៅតាមទូរទស្សន៍ ធ្វើឲ្យប្រជាជនអស់ទំនុកចិត្ត។ ប្រជាជនបានចាត់ទុក Facebook ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងបង្ហាញភាពអយុត្តិធម៌សង្គម”
ប៉ុន្តែ ទោះជាហ្វេសប៊ុកហាក់កំពុងដណ្ដើមតំណែងទូរទស្សន៍ជាប្រភពព័ត៌មានសំខាន់បំផុតក្ដី ក៏ហ្វេសប៊ុកមិនទាន់អាចជំនួសទូរទស្សន៍បានឡើយ។ នេះបើតាមលោក ទូច យិនមុនីស្ថាបនិកផលិតកម្ម Studio 4 និងជាអតីតសាស្ត្រាចារ្យផ្នែកសារព័ត៌មាន។ លោក យិនមុនី ថា មូលហេតុដែលហ្វេសប៊ុកមិនទាន់អាចជំនួសទូរទស្សន៍បាន ព្រោះថា ព័ត៌មាននៅលើហ្វេសប៊ុកមិនទាន់មានភាពវិជ្ជាជីវៈនៅឡើយ ភាគច្រើនជាមតិ។ ម្យ៉ាងទៀត ចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់ពលរដ្ឋភាគច្រើននៅមានកម្រិតនៅឡើយ ដូច្នេះវាត្រូវការពេលវេលាច្រើនទៀតទម្រាំពួកគាត់យល់ដឹងច្រើនពីអ៊ិនថឹណិត ឬហ្វេសប៊ុកនេះ។
ទន្ទឹមនឹងការកើនប្រជាប្រិយ ហ្វេសប៊ុកក៏មានផលអវិជ្ជមានដែរ
“នៅលើអ៊ិនថឹណិត ក៏មានភាពអវិជ្ជមានខ្លះដែរ ដូចជា ព័ត៌មានក្លែងក្លាយ ឬពាក្យចចាមអារ៉ាម ជាដើម។ ដូច្នេះ អ្នកប្រើត្រូវតែយល់ដឹងពីរបៀបផ្ទៀងផ្ទាត់ និងស្គាល់ពីភាពខុសគ្នារវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិតដែលអាចទុកចិត្តបាន”
តួលេខចុងក្រោយពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញថា នៅកម្ពុជា អ្នកប្រើអ៊ិនថឹណិតមានចំនួន ៧លាន ១សែននាក់ ហើយដោយឡែក អ្នកប្រើហ្វេសប៊ុកមានចំនួនប្រមាណ ៤លាននាក់។ ភាគច្រើនលើសលប់នៃអ្នកប្រើ គឺប្រើអ៊ិនថឹណិតជាមួយទូរស័ព្ទដៃ។ កំណើនការប្រើប្រាស់ទូរស័ព្ទដៃភ្ជាប់អ៊ិនថឹណិត ត្រូវគេមើលឃើញថា ជំរុញដោយតម្លៃស្មាតហ្វូនដែលអាចប្រើអ៊ិនថឹណិតបានកាន់តែចុះទាប បូករួមនឹងការអភិវឌ្ឍបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យគេប្រើអក្សរខ្មែរនៅលើអ៊ិនថឹណិតនិងហ្វេសប៊ុកបានផង។
ហ្វេសប៊ុកក្លាយជាប្រធានបទនយោបាយដ៏ចម្រូងចម្រាសនៅកម្ពុជា
នៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៣ គេឃើញអ្នកនយោបាយប្រឆាំងរដ្ឋាភិបាល ជាពិសេស មេដឹកនាំគណបក្សសង្គ្រោះជាតិ សកម្មយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រើទំព័រហ្វេសប៊ុករបស់ខ្លួន រិះគន់រដ្ឋាភិបាល និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សខ្លួន ដើម្បីអូសទាញការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេងដែលជាមនុស្សជំនាន់អ៊ិនថឹណិត។ ហើយជាលទ្ធផល ការកើនសំឡេងឆ្នោតគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ត្រូវគេមើលឃើញថា មួយផ្នែកគឺជំរុញដោយសារការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។
គិតមកទល់ពេលនេះ ទំព័រហ្វេសប៊ុករបស់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ទទួលបានការចូលចិត្ត (Likes) ជាង ៣លាន ៦សែននាក់។
ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដឹកនាំរដ្ឋាភិបាលវិញ រួមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនទៀត នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ហាក់ទទួលស្គាល់ពីឥទ្ធិពលនិងសារសំខាន់នៃបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក។
លោកនាយករដ្ឋមន្ត្រីបានប្រកាសជាផ្លូវការទំព័រហ្វេសប៊ុករបស់លោក និងផ្សព្វផ្សាយគ្រប់សកម្មភាពផ្លូវការនិងមិនផ្លូវការរបស់លោក និងរបស់រាជរដ្ឋាភិបាល។ ដូចគ្នានេះដែរ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងក្រសួងមន្ទីរនានា ចាប់ផ្ដើមបង្កើតនិងប្រើហ្វេសប៊ុកយ៉ាងផុលផុស។
ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានអ្នកចូលចិត្តនិងតាមដានមើល ជាង ៦លាន ៧សែននាក់ គិតមកទល់នឹងពេលនេះ គឺលើសទំព័រហ្វេសប៊ុកប្រធានគណបក្សសង្គ្រោះជាតិជិតពាក់កណ្ដាល។
បណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក ក៏បង្កើតនូវភាពចម្រូងចម្រាសនយោបាយនៅកម្ពុជាផងដែរ ដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បន្ទាប់ពីបានចោទជាសាធារណៈថា លោកនាយករដ្ឋមន្ត្រីទិញ Likes សម្រាប់ទំព័រហ្វេសប៊ុក ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីប្ដឹងទៅតុលាការ ហើយបច្ចុប្បន្ន សំណុំរឿងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។
ត្រលប់ទៅរឿងអ៊ិនថឹណិត/ហ្វេសប៊ុក និងទូរទស្សន៍វិញ គេមិនទាន់អាចទស្សន៍ទាយបានថាយ៉ាងណានៅឡើយទេនៅពេលអនាគត ប៉ុន្តែ សង្កេតឃើញសព្វថ្ងៃ អ្នកផលិតព័ត៌មានទូរទស្សន៍ខ្លះ យកអ្វីៗដែលគេចែករំលែករាលដាលលើហ្វេសប៊ុកស្រាប់ហើយ មកធ្វើជាព័ត៌មានផ្សាយលើកញ្ចក់ទូរទស្សន៍ ជាជាងខំផលិតអ្វីៗឲ្យល្អដើម្បីឲ្យអ្នកប្រើហ្វេសប៊ុកចែករំលែក។
ម្យ៉ាងទៀត តាំងពីហ្វេសប៊ុកចេញកម្មវិធីអនុញ្ញាតឲ្យមានការផ្សាយផ្ទាល់លើហ្វេសប៊ុក ទូរទស្សន៍ធំៗជាច្រើនក៏ផ្សាយកម្មវិធី ឬព័ត៌មានខ្លួនឯងផ្ទាល់តាមហ្វេសប៊ុកដែរ ដូច្នេះចំពោះអ្នកប្រើហ្វេសប៊ុកស្រាប់ គឺរឹតតែមិនបាច់មើលទូរទស្សន៍៕