ក្រុមហ៊ុន មេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក មានការរីកចម្រើនជាបន្តបន្ទាប់ដែលមើលទៅហាក់ដូចជាគ្មានទីបញ្ចប់នោះទេ ប៉ុន្តែអ្វីៗហាក់មានការប្រែប្រួលសម្រាប់ក្រុមហ៊ុននេះ បន្ទាប់ពីប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ និងការរាយការណ៍កាលពីដើមឆ្នាំនេះពីការថយចុះជាលើកដំបូងនូវអ្នកប្រើប្រាស់ប្រចាំថ្ងៃនៃប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរបស់អាមេរិកមួយនេះ។
បន្ទាប់ពីក្រុមហ៊ុនមេតាបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញ ៣៦% មកនៅត្រឹម ៦ពាន់៧រយលានដុល្លារនោះ នាយកប្រតិបត្តិលោក Mark Zuckerberg បានប្រាប់អ្នកវិភាគថា នេះគឺជារយៈពេលមួយដែលទាមទារឱ្យប្រឹងប្រែងថែមទៀត ហើយលោករំពឹងថា ក្រុមហ៊ុននឹងសម្រេចបានកិច្ចការកាន់តែច្រើន ជាមួយការប្រើប្រាស់ធនធានតិចជាងមុននេះ។
ក្រុមហ៊ុន Meta ក៏បាននិយាយដែរថា ប្រាក់ចំណូលនៅក្នុងត្រីមាសដែលទើបបិទបញ្ចប់ថ្មីៗនេះបានធ្លាក់ចុះ១ភាគរយ គឺមានមកនៅត្រឹម ជិត២៩ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះលើកដំបូងរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុនដែលគេស្គាល់ថាជាក្រុមហ៊ុន Facebook នេះបានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈក្នុងឆ្នាំ ២០១២មក។
ក្រុមអ្នកវិភាគបាននិយាយថា ការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ នៃប្រាក់ចំណូលប្រចាំត្រីមាសនេះបានបង្ហាញពីកម្រិតដែលអាជីវកម្មរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ប្រសិនបើពួកគេអាចហៅការធ្លាក់ចុះនេះជាដំណឹងល្អមែននោះ គឺថាក្រុមហ៊ុនជាដៃគូប្រកួតប្រជែងជាមួយក្រុមហ៊ុន Meta ក្នុងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលក៏កំពុងតែជួបប្រទះនឹងការធ្លាក់ចុះដូចគ្នានេះដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Meta បានរាយការណ៍ពីការកើនឡើងនៃអ្នកប្រើប្រាស់ Facebook ប្រចាំថ្ងៃរហូតដល់ ជិត២ពាន់លាននាក់ ដែលផ្ទុយទៅនឹងការព្យាករណ៍របស់អ្នកវិភាគ ដែលថាហ្វេសប៊ុកអាចនឹងមានការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុននេះបានកត់សម្គាល់ថា អ្នកប្រើប្រាស់ប្រចាំខែបានធ្លាក់ចុះប្រហែល ២ លាននាក់ ដោយមានមកនៅត្រឹមប្រហែលជិត៣ពាន់លាននាក់ប៉ុណ្ណោះ។
ក្រុមហ៊ុនមេតាក៏បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងខ្ជាប់ខ្ជួនពីសមាជិកសភា និងក្រុមនិយតករមិនត្រឹមតែទៅលើចំណុចខ្លាំងដ៏អស្ចារ្យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។៕
អត្ថបទ៖ សុខ ជា