
អង្គការអន្តរជាតិ Save The Children កាលពីខែមិថុនា បានធ្វើការស្ទង់មតិមួយលើពលរដ្ឋជប៉ុនជិត៨ពាន់គ្រួសាររួមទាំងក្មេងប្រហែល១៤,០០០នាក់ផង ដោយពួកគេមានប្រាក់ចំណូលប្រចាំខែប្រមាណ៧៥៨ដុល្លារអាម៉េរិក។ លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញថា គ្រួសារមានចំណូលទាបជាង៩០% នៅប្រទេសជប៉ុន កំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់អាហារដល់កូនៗរបស់ពួកគេដោយសារការកើនឡើងនូវតម្លៃទំនិញ រីឯប្រាក់ឈ្នួលមិនត្រូវបានដំឡើង ហើយប្រហែល៦០%នៃគ្រួសារទាំងនេះបានកាត់បន្ថយ ឬឈប់ទិញរបស់របរសំខាន់ៗដូចជាអង្ករជាដើម ដោយសារការចំណាយខ្ពស់។
កត្តាដ៏លំបាកទាំងនេះ បានបង្កឡើងដោយសារអតិផរណានៅជប៉ុន បានកើនឡើងដល់២,៧% កាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះជាហេតុជំរុញឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗបានហក់ឡើងខ្លាំង។
យ៉ាងណាមិញ បើតាមទិន្នន័យរបស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃសុក្រ បង្ហាញថា តម្លៃទំនិញប្រើប្រាស់ស្នូលក្នុងខែកក្កដា បានកើនឡើងជាង៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយតម្លៃម្ហូបអាហារបានកើនឡើងជាង៨% បើទោះបីជាថាមពល និងតម្លៃផ្សេងទៀតបានធ្លាក់ចុះតិចតួចក៏ដោយ។ ជាមួយគ្នានេះ តម្លៃអង្ករបានកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០២៤មួយផ្នែកដោយសារតែកង្វះការផ្គត់ផ្គង់ ដែលបង្កឡើងដោយដំណាំដែលមិនមានស្តង់ដារ និងកំណើនភ្ញៀវទេសចរក្នុងប្រទេសជប៉ុន។
សាខាអង្គការ Save The Children ប្រចាំប្រទេសជប៉ុន បានប្រើប្រាស់របាយការណ៍នេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលបង្កើតកម្មវិធីទូទាត់សាច់ប្រាក់តាមគោលដៅសម្រាប់គ្រួសារដែលប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច និងពង្រីកកម្មវិធីជំនួយអាហារសាធារណៈរបស់ខ្លួនរួមទាំងការផ្តល់អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃដល់សិស្សមកពីគ្រួសារបែបនេះផងដែរ៕
ដោយ៖ សុខ មង្គល