
ប្រទេសកម្ពុជា កន្លងមក គឺជាសេដ្ឋកិច្ចដុល្លារូបនីយកម្ម ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់រូបិយប័ណ្ណផ្លូវការរបស់អាមេរិកក៏មានការធ្លាក់ចុះជាបណ្តើរៗផងដែរ។
ក្នុងឆ្នាំនេះ មានយុទ្ធនាការខ្លាំងក្លាពីធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញឲ្យមានការប្រើប្រាស់លុយផ្លូវការរបស់ជាតិខ្លួននៅក្នុងសេដ្ឋកិច្ច។
នៅក្នុងយុទ្ធនាការនេះ ធនាគារជាតិនៃកម្ពុជាបានផ្សព្វផ្សាយនូវសាររបស់ខ្លួនតាមបណ្តាញសង្គមថា «ស្រឡាញ់ខ្លួនឯង ស្រឡាញ់ប្រទេសយើង ស្រឡាញ់លុយរៀលរបស់យើង។ គាំទ្រប្រាក់រៀល គាំទ្រសេដ្ឋកិច្ចយើង គាំទ្រខ្លួនយើង»។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកាត់ដេរ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា រោងចក្រទាំងអស់ ឥឡូវនេះ បើកប្រាក់ខែជាលុយដុល្លារនៅឡើយ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ថា «ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនទាន់ឈានដល់រៀលូបនីយកម្ម តម្រូវឲ្យថៅកែបើកប្រាក់បៀវត្សរ៍ជាប្រាក់រៀលនោះទេ។ នេះក៏ជាចំណុចល្អដែលកម្ពុជាងាយទាក់ទាញវិនិយោគ»។

សម្តេច ហ៊ុន សែន បានបន្តថា ប្រទេសផ្សេងទៀត គឺគេប្រើរូបិយប័ណ្ណប្រទេសរបស់គេ ខណៈដែលកម្ពុជាអនុញ្ញាតឲ្យថៅកែបើកប្រាក់បៀវត្សរ៍ឲ្យកម្មករកម្មការិនីជាប្រាក់ដុល្លារ ហើយ«ទុកឲ្យទីផ្សារនេះកាត់សេចក្តី»។
សម្តេចមានប្រសាសន៍បន្តថា ចំណុចងាយស្រួលមួយទៀត ក្នុងការទាក់ទាញឲ្យគេមកដាក់ទុននៅកម្ពុជា គឺការមិនតម្រូវឲ្យមានភាគហ៊ុនអ្នកនៅក្នុងស្រុកទេ។
ធនាគារជាតិ កន្លងមក បាននិយាយថា ភោជនីយដ្ឋាននានាបានចាប់ផ្តើមដាក់ស្លាកតម្លៃជាលុយរៀលនៅក្នុងបញ្ជីមុខម្ហូបរបស់ខ្លួន ហើយថា វាជាឧទាហរណ៍ល្អ ក៏ដូចជាស្របតាមបទប្បញ្ញត្តិ។
យោងតាមមូលនិធិរូបិយវត្ថុអន្ដរជាតិ ការប្រើប្រាស់លុយដុល្លារមានប្រមាណ ៨០ភាគរយ នៅដើមឆ្នាំ២០០០ ហើយតួលេខបានធ្លាក់ចុះមកតិចជាង ៥០ភាគរយ នៅប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ។
កញ្ញា ពេញ វី អាយុ២០ឆ្នាំ ដែលជាអ្នកគិតលុយ នៅហាង Asian Kitchen ដែលដាក់ស្លាកតម្លៃជាលុយរៀល បាននិយាយថា «បើនិយាយពីប្រទេសវៀតណាម ឬប្រទេសផ្សេងទៀត គឺក្រៅពីលុយខ្លួន គឺអត់ចាយតែម្ដង។ អ៊ីចឹង នេះគឺជានិមិត្តរូបរបស់ប្រទេសនីមួយៗដូចគ្នា»។ «ភាគច្រើន អតិថិជនយើងគាត់ជាជនជាតិខ្មែរ ហើយគាត់ចូលចិត្តចាយលុយខ្មែរ ហើយជួនកាល លុយដុល្លារធ្លាក់តម្លៃ៕