ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង ត្រូវបានពន្យារពេលរហូតដល់ដើមឆ្នាំ២០២២ ដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងការដ្ឋានសាងសង់ និងបញ្ហាអាកាសធាតុដែលបណ្តាលមកពីមានភ្លៀងធ្លាក់ច្រើន។ ព្រលានយន្តហោះនេះ សាងសង់លើផ្ទៃដី ២១៨ហិកតាក្នុងដំណាក់កាលទី១នេះ និងសម្រេចការសាងសង់បានជាង៩០% ហើយ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ត្រូវបានពន្យារពេលបើកដំណើរការហោះហើរសាកល្បងរបស់ខ្លួនរហូតដល់ចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលតាមគម្រោងពីមុនធ្លាប់រំពឹងថា ព្រលានយន្តហោះលំដាប់អន្តរជាតិមួយនេះ នឹងបញ្ចប់ការសាងសង់នៅអំឡុងខែតុលា និងគ្រោងបើកឲ្យហោះហើរសាកល្បងនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១នេះ។
ការពន្យារពេលនេះ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អះអាងថា គឺបន្ទាប់ពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើកម្មករ និងបុគ្គលិកមួយចំនួនក្នុងការដ្ឋានកសាងសង់ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ និងបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ច្រើន ដែលបានបង្កការរំខានដល់ដំណើរការសាងសង់លើការងារដែលនៅសេសសល់។ ការមិនទាន់បំពេញព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពក៏ជាបញ្ហារាំងស្ទះមួយផងដែរ។
ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ សាងសង់លើផ្ទៃដី២១៨ហិកតា នៅក្នុងដំណាក់កាលទី១នេះ និងមានដីបម្រុងទុក ១ពាន់ហិកតា ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន Tianjin Union Development Group ដោយគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក។ ព្រលានយន្តហោះដ៏ធំមួយនេះ មានសមត្ថភាពអាចទទួលយន្តហោះប្រភេទប៊ូអ៊ីង(Boeing)777 និងប្រភេទអ៊ែប៊ើស(Airbus) A340 ឲ្យចុះចតបានផងដែរ៕