វិស័យកសិកម្ម

ដំឡូងមីធ្លាក់ថ្លៃដល់១៨០រៀល ទៅ២០០រៀល ក្នុង១គីឡូក្រាម កំពុងបង្កជាក្តីបារម្ភដល់កសិករ


តម្លៃដំឡូងមីនៅកម្ពុជា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ដែលបញ្ហានេះកំពុងបង្កក្តីបារម្ភ និងជះផលអវិជ្ជមានដល់ជីវភាពរបស់កសិករ ខណៈបច្ចុប្បន្នដំឡូងមីនៅតំបន់ខ្លះត្រូវបានឈ្មួញប្រមូលទិញក្នុងតម្លៃ១៨០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ អ្នកដាំដំឡូងមីម្នាក់នៅខេត្តឧត្តរមានជ័យ បានអះអាងថា ប្រសិនបើដំឡូងមីធ្លាក់ចុះមកនៅត្រឹមចន្លោះពី១៨០ ទៅ២០០រៀល ក្នុង១គីឡូក្រាមនោះកសិករពិបាកនឹងទទួលបានផលចំណេញខ្លាំងណាស់។
វិស័យកសិកម្ម
ដោយ

ការធ្លាក់ថ្លៃដំឡូងមីនេះ ត្រូវបានអ្នកជំនាញអះអាងថា ដោយសារតែទីផ្សារប្រទេសចិន បានផ្អាកទិញដំឡូងពីបណ្ដាប្រទេសនានា ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក។ ភាពមិនច្បាស់លាស់នៃទីផ្សារដំឡូងមីនេះបានជំរុញឱ្យអ្នកជំនាញ និងមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់កសិករគួរពិចារណាកាត់បន្ថយក្នុងការដាំដុះ ឬបង្វែរដាំដុះដំណាំផ្សេងជំនួសវិញ។

លោក ប្រ៉ុក ប្រ៉ម អ្នកដាំដំឡូងមីម្នាក់នៅស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានឱ្យដឹងថា ដំឡូងមីរបស់លោកចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយ ដោយក្នុងនោះផ្ទៃដី១ហិកតាទទួលបានផលដំឡូងមីស្រស់ប្រមាណ១០តោន។ បើតាមការអះអាងរបស់កសិករដែលកំពុងដាំដំឡូងមីលើផ្ទៃដី១០ហិកតារូបនេះ តម្លៃដំឡូងមីបច្ចុប្បន្នត្រូវបានឈ្មួញប្រមូលទិញចន្លោះពី១៨០រៀល ទៅ២០០រៀល ក្នុង១គីឡូក្រាមអាស្រ័យទៅតាមតំបន់ ខណៈដែលតម្លៃនេះមិនអាចផ្តល់ប្រាក់ចំណេញដល់កសិករនោះទេ។ ការធ្លាក់ចុះតម្លៃដំឡូងមីនេះកំពុងជំរុញឱ្យកសិករូបនេះពិចារណាកាត់បន្ថយផ្ទៃដីដាំដុះ និងគ្រោងងាកទៅដាំដំណាំផ្សេងជំនួសវិញនាពេលខាងមុខ។

​ពាក់ព័ន្ធតម្លៃដំឡូងមីមានការធ្លាក់ចុះនេះដែរ លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានអះអាងថា កាលពីពេលថ្មីៗនេះ សមាគមបានជួបពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនមកពីប្រទេសចិន ដើម្បីស្វែងរកទីផ្សារជូនដល់ប្រជាកសិករ ហើយតំណាងក្រុមហ៊ុនចិន ក៏បានសន្យាកៀរគរអ្នកវិនិយោគឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ផងដែរ។ បើតាមអ្នកជំនាញរូបនេះ នៅមួយរយៈចុងក្រោយនេះ ទីផ្សារដំឡូងមី បានចុះថោកដោយសារកត្តាជាសកល ខណៈប្រទេសចិន ដែលជាទីផ្សារដ៏ធំបានផ្អាកទិញដំឡូងពីបណ្ដាប្រទេសនានា ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក។ ការធ្លាក់ចុះតម្លៃដំឡូងមីនេះ ត្រូវបានលោក ស៊ីន វុទ្ធី អះអាងថា កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កសិករ។

ស្ថិតក្នុងស្ថានភាពនេះ អគ្គលេខាធិការរូបនេះ លើកទឹកចិត្តឱ្យកសិករដែលប្រមូលផលរួចគួរហាលដំឡូងមីរក្សាទុក ឬលក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វជាដើម ខណៈមានតម្លៃដំឡូងមីស្ងួតតាមស្តង់ដាសម្ងួត១៤% ទទួលបានតំលៃ៨៧០៛ ក្នុង១គីឡូក្រាម។ បើតាមការលើកឡើងរបស់អគ្គលេខាធិការសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន រូបនេះ កាលពីថ្ងៃទី២២ ខែធ្នូ តម្លៃដំឡូងស្រស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឈ្មួញទិញចន្លោះពី២២០រៀល ទៅ២៤០រៀល ហើយតំបន់ខ្លះក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងតម្លៃ១៨០រៀល ទៅ២២០រៀល ខណៈបណ្ដាខេត្តជាប់ជាមួយប្រទេសវៀតណាម ត្រូវបានឈ្មួញទិញក្នុងតម្លៃប្រមាណ៣០០រៀល ក្នុង១គីឡូក្រាម។

​ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យកសិករគួរពិចារណាដាំដំណាំផ្សេងដែលមានគោលនយោបាយគាំទ្រច្បាស់លាស់ដូចជាស្រូវ ចន្ទី ម្រេច ឬបន្លែជាដើម។ ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់រូបនេះ ហាក់បារម្ភចំពោះផលវិបាកនៃការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ការប៉ះពាល់ដល់គុណភាពដី និងភាពមិនច្បាស់លាស់នៃទីផ្សារធ្វើឱ្យដំឡូងមីពិបាកក្លាយជាដំណាំអាទិភាព។

សូមបញ្ជាក់ថា នាពេលកន្លងទៅនេះ កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ដែលមានផ្ទៃដីដាំដំឡូងមីប្រមាណ៦០ម៉ឺន ទៅ៨០ម៉ឺនហិកតា និងបាននាំចេញដំឡូងមីស្រស់៩៥% ហើយកែច្នៃក្នុងស្រុក៥% ដែលបានរួមចំណែកប្រមាណ៧២៨លានដុល្លារដល់សេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា កម្ពុជា-អង់គ្លេស ទំនងជាអាចឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានាពេលខាងមុខ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រៅពីការរីកចម្រើននៃកិច្ចពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិក អង…

តើអ្វីដែលនៅតែជាបញ្ហាប្រឈម និងគំរាមកំហែងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥?

សេដ្ឋកិច្ចពិភពលោកនៅចុងឆ្នាំ២០២៤ នេះ បានបង្ហាញពីភាពល្អប្រសើរគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការកាត់បន្ថយអត្រាការប្រាក់នៅតំបន់អឺរ៉ុប និងអាម៉េ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ