
ការចាល់ផ្លែទុរេននេះ បានធ្វើទុរេនវៀតណាម ត្រូវបានឈ្មួញមួយចំនួននាំចូលយកមកលក់នៅលើទីផ្សារកម្ពុជា ដែលកំពុងធ្វើឱ្យកសិករដាំទុរេនក្នុងស្រុកមានការព្រួយបារម្ភធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ និងកិត្តិនាមរបស់ទុរេនកម្ពុជា និងស្នើឱ្យអាជ្ញាធរជួយទប់ស្កាត់ការនាំចូលឱ្យបានតឹងរ៉ឹង។ ពាក់ព័ន្ធបញ្ហានេះ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ស្នើឱ្យប្រជាពលរដ្ឋកុំឱ្យបារម្ភពីការហូរចូលទុរេនពីក្រៅស្រុក ថ្បិតភាគីពាក់ព័ន្ធបានអនុវត្តវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង។
លោក អាន ភីណា ម្ចាស់ចម្ការទុរេនម្នាក់នៅខេត្តក្រចេះ ហាក់បង្ហាញក្តីបារម្ភចំពោះការហូរចូលទុរេនពីប្រទេសវៀតណាម ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក និងកិត្តិនាមរបស់ទុរេនខ្មែរ ក្រោយលោកឃើញសារព័ត៌មាននៅវៀតណាម បានចុះផ្សាយពីការចាល់ និងធ្លាក់ថ្លៃរបស់ទុរេនវៀតណាម ដែលកត្តានេះ ចង់ឬមិនចង់នឹងមានឈ្មួញមួយចំនួននាំចូលទុរេនពីវៀតណាម មកលក់នៅលើទីផ្សារកម្ពុជា។ បើតាមម្ចាស់ចម្ការទុរេនរូបនេះ នៅឆ្នាំនេះចម្ការរបស់លោកមានអ្នកមកម៉ៅទិញដាច់ក្នុងមួយចម្ការតម្លៃ១២,០០០រៀលក្នុងមួយគីឡូក្រាម ហើយបើលក់រាយមានតម្លៃចន្លោះពី១៤,០០០រៀលទៅ១៦,០០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ប្រភេទទុរេនម៉ាន់ថង។ បើតាមការអះអាងរបស់លោក អាន ភីណា ស្របពេលទុរេននៅប្រទេសជិតខាងមានតម្លៃថោក កន្លងមកធ្លាប់មានម្ចាស់ចម្ការនៅតំបន់លោក នាំយកផ្លែទុរេនទាំងនោះមកបន្លំជាទុរេនចម្ការរបស់ពួកគេ ហើយលក់ឱ្យអតិថិជន។
មិនខុសគ្នានោះទេ លោកស្រី ហេង សុធាណា ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះការធ្លាក់ថ្លៃរបស់ទុរេនវៀតណាម ក្នុងការទាញទម្លាក់តម្លៃទុរេនរបស់កសិករឱ្យមានការធ្លាក់ចុះ តាមរយៈការឆ្លៀតឱកាសនាំចូលរបស់ឈ្មួញកណ្ដាល ដែលចង់បានប្រាក់ចំណេញមួយចំនួន។ ជាមួយគ្នានេះ លោកស្រី ស្នើឱ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលទុរេនស្រស់ពីវៀតណាម ព្រោះវាអាចធ្វើឱ្យកសិករដាំដំណាំទុរេនក្នុងស្រុកប្រឈមនឹងការលក់ខាតបង់ និងពុំមានលុយសម្រាប់សងបំណុល។
ពាក់ព័ន្ធគ្នានេះដែរឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានខេមបូណូមីសថា កាលពីកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញវិធានការហាមឃាត់ការនាំចូលទុរេនពីក្រៅស្រុក ដែលមានសារធាតុគីមីនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយក្រសួងពាណិជ្ជកម្មសហការជាមួយភាគីពាក់ព័ន្ធបានចុះត្រួតពិនិត្យតាមច្រកព្រំដែនដើម្បីបង្កាការនាំចូលទុរេនខុសច្បាប់។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ និងសំណូមពរដល់ម្ចាស់អាជីកម្មលក់ទុរេនចូលរួមគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់លើនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រកព្រំដែននៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់៕
អត្ថបទ ៖ ជា ម៉ារ៉ា