ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ឲ្យដឹងថា ផលិតផលដំឡូងមីបានចូលរួមចំណែក៣ភាគរយនៃផលិតកម្មដំឡូងមីពិភពលោក ដោយកម្ពុជាមានផ្ទៃដីដាំ ដំឡូងមី ប្រមាណជាង ៥៤ម៉ឺនហិកតារក្នុងឆ្នាំ២០១៦ ដែលស្មើនឹង១,៤ភាគរយនៃផ្ទៃដីដាំដំឡូងមីរបស់ពិភពលោក។
ក្នុងឆ្នាំ២០១៦ កម្ពុជាបានផលិតដំឡូងមីបាន១៣លានតោន។ ក្នុងរយៈ១០ឆ្នាំចុងក្រោយ ការផលិតដំឡូងមីរបស់កម្ពុជាមានការកើនឡើងខ្លាំង ពោលគឺកម្ពុជាផលិតដំឡូងមីបាន ២លានតោន ក្នុងឆ្នាំ២០០៦ រហូតមកដល់ជាង១៣លានតោនក្នុងឆ្នាំ២០១៦។
ចំណែកឯផ្ទៃដីដាំដុះវិញ មានការកើនឡើងពី ២ម៉ឺន៥ពាន់ហិកតា ពង្រីករហូតដល់ជាង៥៤ម៉ឺនហិកតាក្នុងឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះ កម្ពុជាជាប្រទេសឈរនៅលំដាប់ថ្នាក់ទី៥ ដែលទទួលទិន្នផលខ្ពស់បំផុតលើពិភពលោក ខាងដំណាំដំឡូងមី។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហ៊ាន វណ្ណហន ពីសន្និសីទអន្តរជាតិលើកទីពីរស្តីពីម្សៅដំឡូងមីអន្តរជាតិនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់។
កំណើននៃការផលិតដំឡូងមីនៅកម្ពុជា អាចចាត់ថាជាឱកាសផង និងជាក្ដីបារម្ភផង។ បារម្ភគឺដោយសារតែតម្លៃទីផ្សារសម្រាប់កសិផលនេះមិនទៀងទាត់ គឺពឹងផ្អែកតែទៅលើឈ្មួញមកពីប្រទេសជិតខាងជាអ្នកកំណត់តម្លៃ។
កាសែត ខ្មែរថាមស៍កាលពីពេលថ្មីៗ សរសេរដោយស្រង់សម្ដីប្រធានក្រុមហ៊ុននាំដំឡូងមីចេញទៅក្រៅប្រទេសដែលមានមូលដ្ឋាននៅខេត្តបាត់ដំបងថា សព្វថ្ងៃ តម្លៃដំឡូងមីខ្មែរគឺ «ស្ថិតនៅលើបបូរមាត់របស់ឈ្មួញមកពីប្រទេសថៃ និងវៀតណាម។ ហើយដោយសារកម្ពុជាពុំមានរោងចក្រកែច្នៃដំឡូងមី ធ្វើឲ្យកសិករខ្មែរត្រូវបង្ខំចិត្តលក់ដំឡូងមីក្នុងតម្លៃថោក»។
បើតាមអ្នកជំនាញ ប្រសិនបើកម្ពុជាមានរោងចក្រកែច្នៃដំឡូងមីទៅជាចំណីសត្វ និងជាម្សៅមី នោះដំណាំមួយប្រភេទនេះអាចក្លាយជាប្រភពចំណូលដ៏សំខាន់មួយទៀតសម្រាប់កសិករខ្មែរដែលក្រីក្រ ហើយម្យ៉ាងទៀត ឈ្មួញមកពីប្រទេសជិតខាងក៏មិនងាយស្រួលក្នុងការក្រឡុកតម្លៃតាមតែអំពើចិត្តផងដែរ៕