លោក កែវ ផាន់ណារ៉ា នាយកប្រតិបត្តិផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុនអង្គរហ្រ្គីន បានគូសបញ្ជាក់ថា ការប្រើប្រាស់គ្រឿងយន្តនៅក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានការវិវឌ្ឍទៅមុខច្រើនគួរឲ្យគត់សម្គាល់ ជាពិសេសគឺការប្របា្រស់គ្រឿងយន្តកសិកម្មប្រភេទថ្មីៗ មួយចំនួន ដូចជាការប្រើប្រាស់នូវប្រភេទទ្រូនក្នុងការបាញ់ថ្នាំកសិកម្មជាដើម។ បើតាមលោក កែវ ផាន់ណារ៉ា កសិករគួរប្រឹក្សាជាមួយអ្នកជំនាញ ជាមុនសិនមុននឹងសម្រេចថា ទិញគ្រឿងយន្តកសិកម្ម ដើម្បីឲ្យការប្រើប្រាស់គ្រឿងយន្តកសិកម្មណាមួយរបស់ពួកគាត់ចំគោលដៅ ទទួលបានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងអស់លទ្ធភាព។ បន្ថែមលើនោះ កសិករ ក៏គួរពិនិត្យមើលលទ្ធភាពរបស់ខ្លួនជាមុនសិន លើការសម្រេចចិត្តទិញគ្រឿងយន្តកសិកម្មសម្រាប់ប្រើប្រាស់ ដើម្បីចៀសវាងហានិភ័យផ្នែកហិរញ្ញវត្ថុ។
លោក កែវ ផាន់ណារ៉ា បានពន្យល់ទៀតថា ជានិច្ចកាល ក្រុមហ៊ុនអង្គរហ្រ្គីន តែងយកចិត្តទុកដាក់ និងផ្ដល់ការប្រឹក្សាយោបល់ជាមួយក្រុមកសិករ ទាំងមុននិងក្រោយពេលកសិករទិញគ្រឿងចក្រកសិកម្ម ដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព។
នាយកប្រតិបត្តិផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុនអង្គរហ្រ្គីន រូបនេះ បានសង្កត់ធ្ងន់ថា ក្រៅពីផ្ដល់ការប្រឹក្សាយោបល់ជូនកសិករ ក្រុមហ៊ុនអង្គរហ្រ្គីន តែងតែសិក្សាលម្អិតពីស្ថានភាពហិរញ្ញវត្ថុរបស់កសិករជាមុន ដើម្បីសម្រួលដល់កសិករក្នុងការសម្រេចចិត្តទិញគ្រឿងចក្រទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម ចៀសវាងពួកគាត់ជួបប្រឈមនូវហានិភ័យផ្នែកសេដ្ឋកិច្ច និងអាចឈានដល់ការជំពាក់បំណុល។
ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដីអ្នកជំនាញផ្នែកគ្រឿងចក្រកសិកម្មរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន ទាំងក្រសួងកសិកម្ម ក៏ដូចជា វិស័យឯកជន បានយកចិត្តទុកដាក់ និងចាប់ដៃគ្នាយ៉ាងសស្រាកសស្រាំ ធ្វើយ៉ាងណាឲ្យប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងវិស័យកសិកម្មមានការកើនឡើង និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយហានិភ័យ និងការចំណាយផ្សេងៗរបស់ប្រជាកសិករ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានកម្លាំងពលកម្មក្នុងវិស័យកសិកម្មសរុប ៣៥% ប៉ុណ្ណោះ និងអាចបន្តធ្លាក់ចុះថែមទៀតនាពេលខាងមុខ ខណៈកាលពី១០ឆ្នាំមុនមានប្រមាណ ៥០% ឯណោះ។ ការធ្លាក់ចុះ កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មនេះ ត្រូវបានក្រសួងកសិកម្មអះអាងថា គឺដោយសារតែវិស័យនេះ មានការផ្លាស់ប្ដូរការគ្រប់គ្រងក្នុងការធ្វើកសិកម្មទៅជាលក្ខណៈទំនើបកម្ម ពោលគឺប្រើកម្លាំងគ្រឿងយន្ដ ច្រើនជាងកម្លាំងមនុស្ស៕