វិស័យកសិកម្ម

ពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភចំពោះការហូរចូលបន្លែគ្មានគុណភាព ក្រោយបិទការនាំចូលបន្លែ ផ្លែឈើពីថៃ


ក្រោយរដ្ឋាភិបាលបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ដើម្បីឆ្លើយតបការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ កសិករអ្នកដាំបន្លែក្នុងស្រុកហាក់មានព្រួយបារម្ភពីការនាំចូលបន្លែពីប្រទេសជិតខាង និងប្រទេសផ្សេងទៀត អាចមានផ្ទុកសារធាតុគីមី ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងទាញទម្លាក់តម្លៃបន្លែក្នុងស្រុក។
វិស័យកសិកម្ម
ដោយ

អ្នកជំនាញសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលបានបិទមិនឱ្យមានការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ការនាំចូលបន្លែ និងផ្លែឈើពីវៀតណាម មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលទាមទារឱ្យភាគីពាក់ព័ន្ធត្រូវត្រួតពិនិត្យស្វែករកសារធាតុគីមីលើបន្លែទាំងនោះឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោក ពន របាំង កសិករដាំខ្ទឹមយកស្លឹកម្នាក់នៅខេត្តបាត់ដំបង ហាក់បង្ហាញក្តីបារម្ភពីការហូរចូលបន្លែមានតម្លៃថោកពីប្រទេសដទៃក្នុងការធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ និងតម្លៃបន្លែក្នុងស្រុក ក្រោយរាជរដ្ឋាភិបាល បានបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ។ ការបង្ហាញការព្រួយបារម្ភបែបនេះធ្វើឡើងក្រោយលោកសង្កេតឃើញថា តម្លៃបន្លែក្នុងស្រុកដែលបានហក់ឡើងថ្លៃពេលកម្ពុជា បិទការនាំចូលបន្លែពីប្រទេសថៃ ភ្លាមៗ បានធ្លាក់ចុះមកវិញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ តែយ៉ាងណាក៏ដោយ កសិកររូបនេះ ស្នើឱ្យភាគីពាក់ព័ន្ធបង្កើនការពិនិត្យស្វែងរកសារធាតុគីមីលើបន្លែតាមច្រកព្រំដែនបន្ថែមទៀត។

​ជាមួយគ្នានេះ លោកស្រី ឌឿក ដា កសិករដាំស្ពៃក្រញាញ់ម្នាក់នៅខេត្តតាកែវ បានលើកឡើងថា ក្រោយរដ្ឋាភិបាលបិទការនាំចូលបន្លែពីប្រទេសថៃ ធ្វើឱ្យការប្រមូលផលលក់របស់លោកស្រីបានតម្លៃល្អបានមួយរយៈ ដោយអាចលក់បានពី២ទៅ៣ពាន់រៀលក្នុងមួយគីឡូក្រាម តែមក​ទល់ពេលនេះអាចលក់បានក្នុងតម្លៃ៨រយទៅ១ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ យ៉ាងណាមិញកសិកររូបនេះបានបង្ហាញការព្រួយបារម្ភចំពោះការលួចនាំចូលបន្លែពីប្រទេសជិតខាងរបស់ឈ្មួញកណ្តាលមួយចំនួនក្នុងការធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលរបស់លោកស្រី និងកសិករផ្សេងទៀត។

​ដោយឡែក លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា ក្រោយរដ្ឋាភិបាលបានប្រកាសបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ បានធ្វើឱ្យបន្លែ និងផ្លែឈើក្នុងស្រុកចាប់ផ្ដើមមានទីផ្សារល្អឡើងវិញ។ តែយ៉ាងណាអ្នកជំនាញរូបនេះ ក៏សង្កេតឃើញផងដែរថា ក្រោយមានការបិទការនាំចូលពីថៃ ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសវៀតណាម មានសកម្មភាពយ៉ាងផុសផុលជាងមុន​ផងដែរ ដែលកត្តានេះចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារបន្លែក្នុងស្រុក ដែលអាចទាញឱ្យធ្លាក់ថ្លៃបាន។ លោកបណ្ឌិតបានបន្ថែមថា ដំណាំកសិកម្មវៀតណាម ត្រូវបានអន្តរជាតិ រកឃើញមានផ្ទុកសារធាតុគីមីជាបន្តបន្ទាប់ ដែលទាមទារឱ្យមន្ត្រីជំនាញបន្ថែមការត្រួតពិនិត្យឱ្យខ្ពស់បន្ថែមទៀត។

​ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញមានមតិជាច្រើនបានលើកឡើងថា ក្រោយបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ឈ្មួញកណ្ដាលបានងាកទៅបង្កើនការនាំចូលបន្លែពីប្រទេសក្បែរខាងផ្សេងទៀតចូលមកទីផ្សារកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ទោះបីបន្លែផ្លែឈើក្នុងស្រុកខ្វះខាតការផ្កត់ផ្គង់យ៉ាងណាក៏ដោយ ក៏ឈ្មួញកណ្ដាលមិនគួរនាំចូលបន្លែដែលមានផ្ទុកសារធាតុគីមីនោះដែរ។

​គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ទាំងស្រុង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយយោធាថៃ មិនបានបើកច្រកទ្វារព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគីឱ្យដូចសភាពដើមវិញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឌមួយចំនួនបានបង្ហាញការព្រួយបារម្ភ មានការនាំចូលបន្លែពីប្រទេសជិតខាងផ្សេងទៀត ដែលមានផ្ទុកនូវសារធាតុគីមី ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជីវភាពរបស់ពួកគេផងដែរ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសផ្តល់ជំនួយ និងដៃគូសហប្រតិបត្តិការដើម្បីពិភាក្សាអំពីឯកសារទស្សនាទាន ស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រច…

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Microsoft គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់?

ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ដោយជំហានដំបូងក្រុមគោលដៅផ្តោតលើបុគ្គលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ