ចរាចរណ៍​ផ្លូវ​ទឹក

លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ សេវា​​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ព្រែកព្នៅ-​ភ្នំពេញ-​តាខ្មៅ នឹង​បើក​ដំណើរការ​នៅ​ខែ​មេសា


នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ការធ្វើ​ដំណើរ​ទៅ​មក ព្រែកព្នៅ-​ភ្នំពេញ-​តាខ្មៅ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ ២៥គីឡូម៉ែត្រ​ (ព្រែកព្នៅ-​តាខ្មៅ) ដោយ​សេវា​ទូក​ដឹក​អ្នក​ដំណើរ គ្រោង​នឹង​ចាប់​ដំណើរការ​ពី​ខែ​មេសា​ខាង​មុខ​នេះ​ហើយ ដោយ​ជា​ជំហាន​ដំបូង ចាប់ផ្ដើម​ដោយ​ទូក​ចំនួន ៣​គ្រឿង​សិន។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​សាធារណការ​និងដឹក​ជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ក្នុង​ពេល​ចុះ​ពិនិត្យ​ការសាងសង់​កំពង់ផែ​ផ្លូវ​ទឹក នៅ​ឫស្សីកែវ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ នា​ថ្ងៃ១០ មីនា ២០១៨។ រូបភាព៖ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន
ដោយ

នេះជា​ការ​បង្ហើប​ឲ្យ​ដឹង​ពីសំណាក់​​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន នៅ​ពេល​ចុះ​ពិនិត្យ​ការសាងសង់​កំពង់ផែ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវទឹក នៅ​ចំណុច​ឃ្លាំង​សាំង​ សូគីមិច ឫស្សីកែវ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ កាលពីថ្ងៃទី១០ មីនា កន្លង​ទៅ។ 

លោក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន មានប្រសាសន៍ថា ការដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវទឹក ព្រែកព្នៅ-ភ្នំពេញ-​តាខ្មៅ​ នា​ពេល​ខាង​មុខ​នេះ គឺ​ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​តាម​ផ្លូវ​គោក និង​បង្កើន​សុវត្ថិភាព​​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ ចូល-​ចេញ និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ រៀងរាល់​ថ្ងៃ។ 

បើ​តាម​គម្រោងដែល​បង្ហើប​ដោយ​លោក​រដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ជាជំហាន​ដំបូង គេ​នឹង​ដាក់​ឲ្យ​ដំណើរការ​ទូក​ដឹក​អ្នក​ដំណើរចំនួន ៣គ្រឿង ដោយ​ក្នុង​នោះ ២​គ្រឿងជា​ទូក​របស់​ក្រុមហ៊ុន Royal Express Boat អាច​ផ្ទុក​មនុស្ស​ ៦០​នាក់​ក្នុង​មួយ​គ្រឿង និង​ ១គ្រឿង​ទៀត ជា​ទូក​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់ អាច​ផ្ទុក​បាន ៥៤នាក់ បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ និង​ពោង​សុវត្ថិភាព។ 

រូបថត​ពី​លើ​នៃ​កំពង់ផែ​ទូក​ដឹក​អ្នក​ដំណើរ​ដែល​កំពុង​សាងសង់​នៅ​​ឫស្សីកែវ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៥។ (រូបភាព៖ ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន)

ជាមួយ​ទូក ៣​គ្រឿង នៅ​ក្នុង​​ជំហាន​ដំបូង​នេះ ការ​​ផ្តល់​សេវា​​ចេញ​ដំណើរ​ពី​ព្រែកព្នៅ ទៅ​កាន់​ក្រុង តាខ្មៅ ចម្ងាយ​សរុប​ប្រមាណ ២៥​គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល​វេលា ជា​មធ្យម ៣៤​នាទី មាន​ចំណត​ផែ​ចំនួន ៥ កន្លែង រួមមាន ចំណតផែ​ព្រែកព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី (ឃ្លាំង​សាំង​សូគីមិច ឫស្សីកែវ) ផ្សារ​រាត្រី កោះពេជ្រ និង​ក្រុង​តាខ្មៅ។

ជាមួយ​នឹង​កំណើន​ប្រជាជន​ឥត​ឈប់​ឈរ រាជធានី​ភ្នំពេញ​កំពុង​ជួប​បញ្ហា​ប្រឈម​នៃ​ការ​កកស្ទះ​ចរាចរណ៍ ដូច្នេះ គេ​មើល​ឃើញថា សេវា​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​នេះ​នឹង​បាន​ចូល​រួម​ចំណែក​មួយ​ផ្នែក ក្នុង​ដំណោះ​ស្រាយ​ការ​កក​ស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ធ្វើ​ឲ្យ​ចំណេញ​ពេល​វេលា​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ៕




អត្ថបទបន្ទាប់


របរ​ចិញ្ចឹម​ទន្សាយ​ផ្តល់​ប្រាក់​ចំណូល​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ

ព័ត៌មាន
នៅ​ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ មាន​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ​លក្ខណៈ​គ្រួសារ​មួយ ដែល​បាន​ដំណើរការ​អស់​…

ជប៉ុន​បោះទុន​ជិត​៤០​លាន​ដុល្លារ ហក់​ចូល​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​មួយ​របស់​ជប៉ុន គ្រោង​នឹង​ពង្រីក​ខ្លួន​ចូល​ក្នុង​ទីផ្សារ​នៃ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ខណៈ​ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ