គណៈកម្មការសិទ្ធមនុស្សកម្ពុជាអះអាងថា ទង្វើរបស់យោធាថៃទាំងនេះ គឺជាការរំលោភលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩០៧ អនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។
ពាក្យបណ្ដឹងរបស់កម្ពុជា ទៅកាន់ស្ថាប័នដែលស្ថិតក្រោមអង្គការសហប្រជាជាតិនេះ បានធ្វើឡើង បន្ទាប់ពី យោធាថៃ កាលពីថ្ងៃទី ៥ខែមករា តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន បានចេញមកច្រានចោល ចំពោះរបាយការណ៍ដែលថា ទាហានរបស់ខ្លួន បានរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា។ យោធាថៃ បានគូសបញ្ជាក់ទៀតថា ខ្លួនកំពុងរង់ចាំទំនាក់ទំនងដើម្បីប្រគល់ទ្រព្យសម្បត្តិទាំងនោះទៅឱ្យម្ចាស់ដើមវិញ និងថាខ្លួនតែងតែគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់។
ទោះយ៉ាងណា តាមរយៈវីដេអូ ដែលថតដោយទាហានថៃ និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម បានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពដ៏គឃ្លើនគ្មានមនុស្សធម៌ លួចប្លន់ទ្រព្យសម្បត្តិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងអនាធិបតេយ្យ ក្រោយពេលដែលពួកគេបានវាយឈ្លានពាន និងគ្រប់គ្រងដោយខុសច្បាប់ លើតំបន់មួយចំនួន ដែលជាដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងពាក្យបណ្ដឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានប្ដឹងប្រទេសថៃនោះ បានស្នើឱ្យយន្ដការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដូចជា៖
១, ពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការរំលោភបំពាន និងការបំផ្លិចបំផ្លាញ ពីសំណាក់ប្រទេសថៃ មកលើសិទ្ធិមានលំនៅដ្ឋាន និងសិទ្ធិជាម្ចាស់កម្មសិទ្ធិក្នុងប្រទេសកម្ពុជា។
២, ស្នើឱ្យមានការចូលរួមរវាងយន្ដការអង្គការសហប្រជាជាតិ និងរដ្ឋពាក់ព័ន្ធនានា ក្នុងការបញ្ឈប់ភ្លាមៗ នូវការបណ្ដេញចេញដោយបង្ខំ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិលត្រឡប់ចូលំនៅដ្ឋានវិញ។
៣, ស្នើឱ្យប្រទេសថៃ ដកកងទ័ពចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការបំផ្លិចបំផ្លាញ និងធានាការវិលត្រឡប់វិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរបស់ជនភៀសសឹកកម្ពុជា។
៤, បញ្ជាក់ស្ថានភាពនៅក្នុងបណ្ដឹង និងរបាយការណ៍នានា ថាជាករណីមួយនៃការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមានលំនៅដ្ឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។
៥, ជំរុញឱ្យប្រទេសថៃផ្ដល់នូវការជួសជុលការខូចខាតនានា ដល់ជនរងគ្រោះកម្ពុជា ដូចជា ការផ្ដល់សំណង និងការធានាមិនឱ្យមានករណីបែបនេះ កើតឡើងជាថ្មីម្ដងទៀត៕