តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងកម្ពុជា និងសិង្ហបុរី ដែលធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលមួយសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោងដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។
ថ្នាក់ដឹកនាំធនាគារជាតិរូបនេះបានគូសបញ្ជាក់ថា គម្រោង FTC នេះ ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរីដើម្បីគាំទ្រលំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យមតាមរយៈពង្រឹងគុណភាពទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី ដែលនឹងផ្ដល់លទ្ធភាពដល់សហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ។
សម្រាប់ថ្នាក់ដឹកនាំរូបនេះ ការដាក់ឱ្យដំណើរការគម្រោង FTC នេះ បានសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្ដាលទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរំភាព។
លោក ជៀ ដឺ ចាយអិន នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរីបានគូសបញ្ជាក់ថា ការចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្ដូរទិន្នន័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យមនៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះនឹងផ្ដល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោងនេះ។
គួរជម្រាបថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក នឹងបានតភ្ជាប់ក្នុងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុនេះ សម្រាប់ភាគីកម្ពុជារួមមានធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហើយសម្រាប់ភាគីសិង្ហបុរីរួមមាន ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limited។
ដំណាក់កាលបន្ទាប់នៃគម្រោង FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីខែកក្កដា ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ៕