ការបង្ហាញការចាប់អារម្មណ៍របស់ក្រុមហ៊ុនបារាំងទាំងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនេះជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអំឡុងសម្តេចចូលរួមវេទិកាធុរកិច្ចបារាំង-កម្ពុជានៅប្រទេសបារាំង។
នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនបារាំងធំៗចំនួន៥ ក្នុងចំណោម៦ក្រុមហ៊ុនបានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគ និងបោះទុនពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ ក្នុងនោះក្រុមហ៊ុន VINCI Airports ដែលកំពុងវិនិយោគក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ចង់បោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកការវិនិយោគ ខណៈក្រុមហ៊ុន ACCOR Group ដែលកំពុងមានការវិនិយោគលើវិស័យសណ្ឋាគារ ក៏ចង់ពង្រីកការវិនិយោគរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុន Wholesale International Group និង Orange Group របស់បារាំង បានបង្ហាញបំណងពង្រីកការវិនិយោគលើការតភ្ជាប់បច្ចេកវិទ្យាពីកម្ពុជាទៅកាន់ប្រទេសផ្សេងទៀតលើពិភពលោក តាមរយៈខ្សែកាបអុបទិកក្រោមបាតសមុទ្រ។
ដោយឡែកក្រុមហ៊ុន Alstom ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីល្បាញមួយរបស់បារាំង ក៏បានបង្ហាញពីបំណងចង់មកសិក្សាឱកាសវិនិយោគនៅកម្ពុជាផងដែរ ខណៈថ្នាក់ដឹកនាំក្រុមហ៊ុន Blue Circle និងក្រុមហ៊ុន TotalEnergies បានបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យថាមពល និងអគ្គិសនី។
គួរបញ្ជាក់ថា ដំណើរបំពេញបេសកកម្មនៅតំបន់អឺរ៉ុប របស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានរយៈពេល៦ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមូយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើង វិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញទស្សនកិច្ចនៅប្រទេសបារាំង តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវត្តមានរបស់សម្តេចទៅកាន់ទ្វីបអឺរ៉ុប រយៈពេល៦ថ្ងៃ ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក គឺជាពេលដែលសម្ដេចត្រូវដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីឲ្យមកវិនិយោគនៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រាល់ពេលសម្ដេចធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់បណ្ដាប្រទេសផ្សេងៗ សម្ដេចតែងតែដើរគោះទ្វារអ្នកធុរកិច្ចនៅទីនោះ ក្នុងគោលបំណងបង្កើនទំនាក់ទំនង ជំរុញឱកាសវិនិយោគ-ពាណិជ្ជកម្ម និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕