កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដែលស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមទាំង ៥ ដែលត្រូវបានជ្រើសរើសដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីរួមមាន៖
● Adero គឺជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នកធ្វើទីផ្សារកំណត់តំបន់ផ្សព្វផ្សាយ ពាណិជ្ជកម្ម តំណត់រយៈពេល និងកំណត់ពេលវេលានៃចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម។
● FlexFloc គឺជាដំណោះស្រាយប្រព័ន្ធមួយ (Internet of Things) ដែលមានឯកទេសក្នុងការលើកកម្ពស់ វារីវប្បកម្មនៅកម្ពុជាដោយធ្វើប្រតិបត្តិការស្វ័យប្រវតិ្តកម្មក្នុងប្រព័ន្ធជលផលថ្មីមួយដែលមានឈ្មោះថា biofloc ក្នុងគោលបំណង តាមដានគុណភាពនិងបរិមាណទឹកនៅក្នុងប្រព័ន្ធ biofloc ដើម្បីធានាឱ្យបាននូវផលចំណេញ ជាអតិបរិមាសម្រាប់អតិថិជន។
● iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅជាជីកំប៉ុស្តដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។
● KELA គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកទីកន្លែងលេងកីឡាជាមួយមិត្តរួមក្រុម ក្រុមជាគូប្រជែង ជិតទីតាំងរបស់ខ្លួន និងកន្លែងលេងកីឡានានា ដែលអាចរកបានដោយផ្អែកលើប្រភេទកីឡា។
● Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទៅក្នុងកម្មវិធីលើទូរស័ព្ទដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែក្លាយកន្លែងនោះទៅជាចំណតរថយន្តមិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។
ឃិន ភក្ដី ដែលជាសមាជិកក្រុម FlexFloc បាននិយាយថា៖ «ខ្ញុំទទួលបានបទពិសោធន៍ផ្សេងៗគ្នា ជាច្រើន ហើយបានជួបមនុស្សផ្សេងៗជាច្រើនទៀតផងដែរក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយ ការទទួលបានដំណឹងអំពីការឆ្លងទៅវគ្គបន្ទាប់របស់ក្រុមយើងគឺជារឿងដ៏អស្ចារ្យបំផុតរហូតមកដល់ពេលនេះ។ ខ្ញុំនិងក្រុមខ្ញុំទន្ទឹងរងចាំ ដើម្បីប្រែក្លាយគោលដៅនិងបេសកកម្មអាជីវកម្ម របស់យើងឲ្យក្លាយទៅជាការពិត។»
Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមទាំង ៥ ដែលត្រូវឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនេះសុទ្ធតែបានបង្ហាញពីការតាំងចិត្ត ចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តដើម្បី យកផ្នត់គំនិតរបស់ពួកគេឲ្យចេញជារូបរាង និងក្លាយឲ្យទៅជាគម្រោងអាជីវកម្មពិតៗដែលអាចវិនិយោគបាន។ នេះនឹងក្លាយជាដំណាក់កាលចុងក្រោយដ៏គួឲ្យរំភើបមួយ នៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលចុងឆ្នាំខាងមុខនេះ ហើយយើងសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។»
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះ បានចាប់ផ្តើមឡើងវិញនៅខែឧសភា ជាមួយនិងកម្មវិធីវគ្គ «Hatch» ដែលមានអ្នកចូលរួមចំនួន ១២០ នាក់ បានចែករំលែកគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គ Elevator Pitch នៅមុខរគណៈកម្មការវិនិច្ឆ័យជំនាញ។
ក្នុងចំណោមអ្នកចូលរួមទាំង ១២០ នាក់នេះ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកចូលរួមចំនួន ២៥ ក្រុម ដែលមានគំនិតល្អបំផុត ដើម្បីឆ្ពោះទៅវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ ដែលសហគ្រិនឌីជីថលវ័យក្មេងស្វែងយល់យ៉ាងស៊ីជម្រៅពីបច្ចេកវិទ្យា Internet of Things (IoT) និងសក្តានុពល ដែលបច្ចេកវិទ្យានេះនឹងផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃ និងភាពជាសហគ្រិន។
ក្នុងចំណោមអ្នកចូលរួមទាំង ១២០ នាក់នេះ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកចូលរួមចំនួន ២៥ ក្រុម ដែលមានគំនិតល្អបំផុត ដើម្បីឆ្ពោះទៅវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ ដែលសហគ្រិនឌីជីថលវ័យក្មេងស្វែងយល់យ៉ាងស៊ីជម្រៅពីបច្ចេកវិទ្យា Internet of Things (IoT) និងសក្តានុពល ដែលបច្ចេកវិទ្យានេះនឹងផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃ និងភាពជាសហគ្រិន។
ក្រោយបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល «Digithon» រួចមក ក្រុមចំនួន ១៥ បានឆ្លងទៅវគ្គ «Technopreneurship Challenge» ដែលមានរយៈពេលចំនួន ៦ថ្ងៃ អំឡុងពេល៣ចុងសប្ដាហ៍ ដែលពួកគេបានបង្កើតគំនិតរបស់ពួកគេនិងបង្កើតគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះដល់ក្រុមចៅក្រម ដែលបានជ្រើសរើសក្រុមឈ្នះទាំង ៥ ក្រុម កាលពីចុងសប្តាហ៍មុន។
គណៈកម្មការវិនិច្ឆ័យរួមមាន លោក Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលនៃក្រុមហ៊ុន Smart Axiata អ្នកនាង Nipoan Chheng-Chavigny នាយកគ្រប់គ្រងនៃ Impact Hub Phnom Penh អ្នកនាង Natalja Rodoinova នាយកគ្រប់គ្រងនៃ IT Academy STEP Cambodia លោក David Shelters សហគ្រិន Entrepreneur-in-Residence នៃ Mekong Strategic Partners និងលោក Buntha Ly ប្រធានផ្នែកបច្ចេកវិទ្យានៃ Morakot Technology។
អ្នកនាង Nipoan Chheng-Chavigny នាយកគ្រប់គ្រង Impact Hub Phnom Penh បានឲ្យដឹងថា៖ «នេះគឺជាឆ្នាំដ៏ជោគជ័យមួយផ្សេងទៀត ដោយកម្មវិធី SmartStart អាចបន្តរីកចម្រើន និងបង្ហាញឲ្យឃើញថាកម្ពុជា សម្បូរដោយយុវជន និងគំនិតប្រកបដោយភាពឆ្នៃប្រឌិត។ កម្មវិធី វគ្គបណ្ដុះបណ្ដាលរយៈពេល ៦ ខែ មិនមែនជាកម្មវិធីប្រកួតប្រជែងនោះទេប៉ុន្តែជាឱកាសសម្រាប់ក្រុមទាំង ៥ ដើម្បីពង្រីកនិងអភិវឌ្ឍន៍សមត្ថភាព ដែលអាចនឹងជោគជ័យរបស់ពួកគេ។»
ក្រុមដែលឈ្នះទាំង ៥ នឹងទទួលបានកម្មសិក្សារយៈពេល៣ ខែ រួមទាំងប្រាក់ខែ នៅក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ព្រមទាំងការណែនាំ និងការបណ្តុះបណ្តាលពីអ្នកជំនាញឌីជីថលនៅ Smart Axiata និង Impact Hub Phnom Penh។
ក្រុមជ័យលាភីដែលនឹងត្រូវបានជ្រើសរើសនៅឯការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅខែធ្នូ ដោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ចំនួន ១០,០០០ដុល្លារ ហើយនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់នៅឆ្នាំក្រោយ។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើមដំណើរការអាជីវកម្មឌីជីថលទើបបង្កើតថ្មី ដោយផ្តល់នូវបទពិសោធន៍សិក្សាល្អៗបំផុតតាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីក វិសាលភាពដើម្បីផ្តល់ការអប់រំផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់និស្សិតប្រហែលមួយពាន់នាក់៕
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗ របស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក “Smart for Cambodia” តាមរយៈគេហទំព័រ www.facebook.com/smartforcambodia ឬក៏ចូលមកកាន់គេហទំព័រ www.smart.com.kh។