លោក គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយតាមទូរស័ព្ទ ថា មានទឹកជំនន់នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ហើយបើទោះបីជាទឹកបានធ្លាក់ចុះពីកម្រិតប្រុងប្រយ័ត្នក៏ដោយ ក្នុងរយៈពេល១០ថ្ងៃនេះ មានផ្ទះប្រជាពលរដ្ឋ ជិត ១០ម៉ឺនផ្ទះ បានលិចលង់។
លោក គន់ គីម បាននិយាយដូច្នេះថា «បងប្អូនដែលរងគ្រោះស្លាប់ដោយសារលង់ទឹកមាន ១១នាក់ មានក្មេង មានមនុស្សចាស់។ ក្មេងដូចមានតែ២នាក់ទេ ក្រៅពីហ្នឹង ជាចាស់ដែលគាត់ខ្លះ ជិះទូកលិចឆ្លងកាត់មិនប្រយ័ត្ន។»
លោក គន់ គីម បាននិយាយផងដែរថា «ក្នុងចំណោម១០ម៉ឺន[ផ្ទះ]នេះ បងប្អូនយើងដែលងាយរងគ្រោះ យើងបានជម្លៀសពួកគាត់ មានពិការ មានចាស់ជរា មានក្មេង ជាដើម ដើម្បីឡើងទួលសុវត្ថិភាព បានប្រមាណជាង ១ម៉ឺនគ្រួសារ។»
លោក គន់ គីម បាននិយាយបន្តថា នៅសល់ប្រមាណជា ៩ម៉ឺនគ្រួសារទៀត គឺគាត់មិនឡើងទីទួលសុវត្ថិភាពទេ ដោយសារតែផ្ទះគាត់ធំៗ ហើយគាត់មានទូក មានក្តារ មានអូប័រ មានម្ហូបអាហារ និយាយរួម គាត់មានភាពធូរធារច្រើន។
លោក គន់ គីម បាននិយាយដូច្នេះថា «គាត់ប្រាប់យើងនៅពេលដែលយើងទៅជម្លៀសពួកគាត់ គាត់បានផ្តល់គំនិតឲ្យយើងថា ទៅជួយមើលបងប្អូនដែលងាយរងគ្រោះចុះ ចំពោះគាត់ អាចមានលទ្ធភាព អាចដោះស្រាយបាន ដោយគាត់មានទូក មានក្តារ។»
យោងតាមលោក គន់ គីម ផ្ទះរបស់ពួកគាត់អាចនៅសល់ប្រហែលជា ១ម៉ែត្រ ឬ២ម៉ែត្រពីទឹក ហើយពួកគាត់អាចយកតែគោក្របីឡើងគោកតែប៉ុណ្ណោះ។
ស្រូវត្រូវបានលិចលង់អស់ប្រមាណ ជា ២៥០០០ហិកតា និងដំណាំរួមផ្សំផ្សេងទៀត មានប្រហែលជា ៥០០០ហិកតា, នេះបើយោងតាមលោក គន់ គីម ខណៈដែលការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធមិនទាន់មានតួលេខនៅឡើយទេ៕