ជុំវិញ​ការចោទប្រកាន់​ថា​កម្ពុជា​នឹង​ទទួលយក​យោធាចិន

ឆ្លើយតបចំពោះការចោទប្រកាន់ក្រុមហ៊ុនចិន UDG ថានឹងត្រូវប្រើជាមូលដ្ឋានយោធាចិន, កម្ពុជាស្វាគមន៍អាមេរិកឲ្យមកទស្សនកិច្ចស្វែងរកការពិត


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចស្វែងរកការពិតរបស់សហរដ្ឋអាមេរិក ឬប្រទេសជាមិត្តនានា ដើម្បីបញ្ចប់ការចោទប្រកាន់ និងការមន្ទិលសង្ស័យ ដែលថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន UDG ដែលបានវិនិយោគនៅតំបន់អភិវឌ្ឍន៍តារាសាគរខេត្តកោះកុង នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានយោធោចិននោះ។ នេះបើយោងតាមថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលចេញកាលពីថ្ងៃទី ២០ ខែកញ្ញាម្សិលមិញនេះ។
ឆ្លើយតបចំពោះការចោទប្រកាន់ក្រុមហ៊ុនចិន UDG ថានឹងត្រូវប្រើជាមូលដ្ឋានយោធាចិន, កម្ពុជាស្វាគមន៍អាមេរិកឲ្យមកទស្សនកិច្ចស្វែងរកការពិត (រូបភាព៖ Union Development Group)

ការ​ស្វាគមន៍​របស់​កម្ពុជា ឲ្យ​មាន​ការ​ចុះទស្សនកិច្ច​ពីសំណាក់​សហរដ្ឋអាមេរិក និងប្រទេសជាមិត្ត​ដទៃ​ទៀតនេះ គឺធ្វើឡើង​ក្រោយពី​សហរដ្ឋអាមេរិក នៅ​ពីថ្ងៃទី ១៥ ខែកញ្ញា បានសម្រេច​ដាក់បញ្ចូល​ក្រុមហ៊ុនចិន UDG ដែលបាន​និងកំពុង​វិនិយោគ​រាប់ពាន់លាន​ដុល្លារ នៅ​តំបន់​តារាសាគរ​ខេត្ត​កោះកុង ចូលក្នុង​បញ្ជីខ្មៅ ក្រោម​ហេតុផល​ចោទប្រកាន់ថា គម្រោង​របស់ក្រុមហ៊ុននេះ អាចនឹងត្រូវប្រើប្រាស់​សម្រាប់ជាកន្លែង​ទុកដាក់​ទ្រព្យសម្បត្តិ​យោធាចិន។ នេះបើយោងតាម​ការរាយការណ៍​ពី​ភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ។

ជាការឆ្លើយតប​ទៅនឹង​ការ​ចោទ​ប្រកាន់នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចេញសេចក្ដី​ថ្លែង​ការណ៍​របស់ខ្លួន​មួយ​នៅថ្ងៃទី ២០ ខែកញ្ញា ដោយបាន​លើកឡើង​ពីការ​សោកស្ដាយ​ជាទីបំផុត ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក ក្នុងការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ Union Development Group ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ មានទីតាំង​ស្ថិតនៅក្នុង​ស្រុក​បុទុមសាគរ និងស្រុក​គិរីសាគរ ខេត្ត​កោះកុង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​ចាត់ទុកថា ហេតុផល​ដែលបាន​ចោទ​ប្រកាន់​របស់​សហរដ្ឋអាមេរិក មកលើ​ក្រុមហ៊ុន​ចិនមួយនេះ គឺ​«មិនឆ្លុះបញ្ចាំង​ពីការពិតទាល់តែសោះ»។

យោងតាម​សេចក្ដីថ្លែងការ​ដដែលនេះ បាន​បញ្ជាក់ថា ការដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារអាមេរិកនេះ នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ ដែល​មិនត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន UDG ប៉ុណ្ណោះទេ តែក៏អាច​ប៉ះពាល់ធ្ងន់ធ្ងរ​ផងដែរ ដល់​ការ​ងារ​ប្រជាជន​ស្លូតត្រង់​ជាច្រើន ក៏ដូចជា​ដល់​បរិស្ថាន​ធុរកិច្ច​ និងវិនិយោគ​នៅកម្ពុជា។​

ក្នុងសេចក្ដីថ្លែងការណ៍​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជានោះ បាន​ឆ្លើយតប​៥ ចំណុចទៅកាន់​ការចោទ​ប្រកាន់​ពីសំណាក់​អាមេរិក។ ក្នុងនោះ ត្រង់ចំណុចទី៥ អាមេរិក​បាន​ចោទ​ប្រកាន់ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន UDG អាចនឹង​ត្រូវបាន​ប្រើប្រាស់​ជាមូលដ្ឋាន​យោធា​របស់ចិន។ ឆ្លើយតប​ត្រង់​ចំណុចនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​បកស្រាយថា «យោងតាម​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​មូលដ្ឋាន​កងទ័ព​បរទេសណាមួយ​អាច​ត្រូវបាន​បង្កើត​នៅកម្ពុជាឡើយ ទោះជាមូលដ្ឋាន​កងទ័ពចិន អាមេរិក ឬប្រទេស​ណាមួយ​ក៏ដោយ។ រាជរដ្ឋាភិបាល​កម្ពុជា ក៏ធ្លាប់បាន​បដិសេធ​ជាច្រើន​លើក​ច្រើនសាររួចហើយដែរ​ ចំពោះ​ព័ត៌មាន​ដែលថា កម្ពុជា​ទទួលយក​កងទ័ព​បរទេស​មកឈរជើង​នៅក្នុង​ទឹកដី​របស់ខ្លួន។»

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បន្តទៀតថា «ដូចនេះ កម្ពុជា ស្វាគមន៍​ចំពោះ ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​របស់​សហរដ្ឋអាមេរិក​ ឬប្រទេស​ជាមិត្ត​នានា ដើម្បី​បញ្ចប់​ការចោទប្រកាន់ និងការមន្ទិល​សង្ស័យ​នេះ»។

បើតាម​ការបញ្ជាក់​របស់​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដដែលនេះ បានឲ្យដឹងថា នាពេលកន្លមក​​តំណាង​ស្ថានទូត​នៃប្រទេស​មួយចំនួន រួមទាំង​អនុព័ន្ធ​យោធា​អមស្ថានទូត ក៏ធ្លាប់បាន​ទៅទស្សនកិច្ច​នៅតំបន់​អភិវឌ្ឍន៍​តារាសាគារ នាថ្ងៃទី ១២ ខែកុម្ភៈ និងថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៩ រួចហើយដែរ។

សូមបញ្ជាក់ថា តាមឯកសារ​ដែល​ផ្ដល់​ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យដឹងថា ក្រុមហ៊ុនចិន UDG ជាក្រុមហ៊ុន​បរទេស​ ដែលមាន​ចុះបញ្ជី​នៅក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និងមាន​កាន់កាប់ភាគហ៊ុន ១០០% ដោយ​ក្រុមហ៊ុន Tianjin Union Investment Development Group Co.,Ltd ជាក្រុមហ៊ុន​ឯកជន​សុទ្ធសាធ។ ក្រុមហ៊ុន UDG បាន​បានទទួល​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​នៅកម្ពុជា នៅថ្ងៃឍទី ១៧ ខែ មិថុនា ឆ្នាំ២០០៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគូស្រករវ័យក្មេង ដែលទើបនឹងរៀបការរួច គួរទិញផ្ទះបង់រំលស់ដែរឬទេ?

ព័ត៌មាន
កន្លងមកមានមនុស្សជាច្រើន ជាពិសេសគូស្រកវ័យក្មេងដែលទើបនឹងរៀបការរួចតែងមានចម្ងល់ថា «តើខ្លួនគួរទិញផ្ទះបង់រំលស់ឬទេ? ហើយបើទិញបង់រំលស់ តើខ្លួន…

នាយករដ្ឋមន្ត្រីកម្ពុជា៖ FTA រវាងកម្ពុជា-ចិន នឹងជួយឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតថ្មី

ព័ត៌មាន
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទទី ២១ ខែកញ្ញានេះ បានលើកឡើងពីកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ