ជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គ្រោះទឹកជំនន់បានកើតឡើងនៅខេត្តចំនួន៨ ដូចជា៖ ខេត្តកំពង់ធំ ត្បូងឃ្មុំ ព្រះសីហនុ ព្រះវិហារ បាត់ដំបង ក្រចេះ និងពោធិ៍សាត់ ហើយវាបានបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មសរុបចំនួនជាង ៩ពាន់ហិកតា ក្នុងនោះដំណាំស្រូវ មានចំនួន ជិត ៧ពាន់ហិកតា និងដំណាំសាកវប្បកម្មសរុបប្រមាណ ២ពាន់ហិកតា។
ពាក់ព័ន្ធនឹងស្ថានភាពគ្រោះទឹកជំនន់ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបណ្ដាថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវតាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា នៅក្នុងករណីមានបញ្ហាទឹកជំនន់ ដែលប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ដោយត្រូវយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់ដោយសហការជាមួយគណៈអភិបាលរាជធានី ខេត្ត ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍សង្រ្គោះបន្ថែមនៅក្នុងករណីដែលរាជធានី ខេត្តត្រូវការ ដើម្បីឆ្លើយតបទាន់ពេលវេលា។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀងនិងបរិក្ខាសម្ភារចំបាច់ដើម្បីបញ្ចេញទៅឱ្យប្រជាពលរដ្ឋរងគ្រោះ។ ដោយឡែក ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារ ដើម្បីស្រោចស្រង់ឡើងវិញក្នុងករណីមានការខូចខាតធំដូចពេលកន្លងទៅ។
ទាក់ទងនឹងជំនន់ទឹកភ្លៀងនេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមខេត្ត ដែលរងផលប៉ះពាល់ កំពុងបន្តតាមដានពិនិត្យ និងវាយតម្លៃអំពីផលប៉ះពាល់ទាំងអស់ ដើម្បីរៀបចំវិធានការសង្គ្រោះតាមស្ថានការណ៍ និងផលប៉ះពាល់ជាក់ស្ដែង។ ទោះយ៉ាងណា បើគិតមកទល់ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ២០២៣នេះ មិនទាន់មានសេចក្ដីរាយការណ៍អំពីគ្រោះថ្នាក់ដល់ជីវិតរបស់ពលរដ្ឋ ដោយសារតែគ្រោះទឹកជំនន់នេះនោះទេ៕