ចិន​តភ្ជាប់​ផ្លូវ​ដឹកជញ្ជូន

ចិន ចំណាយរាប់ពាន់លានដុល្លារ តភ្ជាប់ផ្លូវដឹកជញ្ជូនដោយផ្ទាល់ ជាមួយប្រទេសជិតខាងកម្ពុជាចំនួន ២


ប្រទេសជិតខាងកម្ពុជា ចំនួន ២ គឺវៀតណាម និងឡាវ កំពុងទទួលបានការពង្រីកការតភ្ជាប់មធ្យោបាយដឹកជញ្ជូនដោយផ្ទាល់ពីប្រទេសចិនកាន់តែទូលំទូលាយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមព្រំដែនកាន់តែប្រសើរឡើង។
ផ្លូវរថភ្លើងតភ្ជាប់ពីចិន ទៅឡាវ (https://vanuatuindependent.com)
ដោយ

គម្រោងផ្លូវ​រថភ្លើងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​តភ្ជាប់​ពីទីក្រុងគួន​មិញ ខេត្ត​យូណាន ប្រទេសចិន ទៅកាន់​រដ្ឋធានី​វៀងចន្ទ ប្រទេស​ឡាវ បាននិង​កំពុងមាន​សន្ទុះ​សាងសង់​ទៅមុខគួរ​យ៉ាងរលូន។ ស្របជាមួយ​គ្នានេះ ប្រទេសចិន ក៏ទើបតែ​បើកសម្ពោធ ផ្លូវដឹកជញ្ជូន​ទំនិញដ៏សំខាន់​មួយទៀត​ជាមួយ វៀតណាម​ផងដែរ។

គម្រោងតភ្ជាប់ផ្លូវដឹក​ជញ្ជូនជាមួយប្រទេស​ជិតខាងកម្ពុជា​ទាំងពីរនេះ ត្រូវបានដឹងថា គឺធ្វើឡើង​ក្រោមក្របខណ្ឌ​គម្រោងខ្សែ​ក្រវាត់មួយ ផ្លូវមួយ​របស់​មហាអំណាចចិន។

ផ្លូវរថភ្លើងតភ្ជាប់ពីចិន ទៅឡាវ

ផ្លូវរថភ្លើង​តភ្ជាប់ពីចិន ទៅកាន់ប្រទេស​ឡាវ បានចាប់ផ្ដើ​មសាងសង់​តាំងពីខែកញ្ញា ២០១៦ ដែលវា​ជាគម្រោង​ស្ថិតក្រោម​ក្របខណ្ឌ​គោលនយោបាយ​ខ្សែក្រវាត់មួយ ផ្លូវមួយ​របស់ចិន ជាមួយនឹង​ទំហំទឹកប្រាក់សាង​សង់ ៦ពាន់​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន គម្រោងនេះ បាននិង​កំពុងធ្វើការ​ចាក់ពង្រាយ​ថ្ម ដែលគេរំពឹងថា នឹងបញ្ចាប់​ការចាក់ថ្ម​នៅក្នុង ខែមិថុនា​ខាងមុខនេះ​ហើយ និងគ្រោង​បញ្ចប់ឲ្យបានរួចរាល់​ទាំងស្រុង​នៅត្រឹម​ឆ្នាំ ២០២២។

ផ្លូវរថភ្លើង​ដែលតភ្ជាប់ពី​ទីក្រុងគួនមិញ ប្រទេសចិន ទៅកាន់រដ្ឋធានី​វៀងចន្ទ ប្រទេស​ឡាវនេះ មានប្រវែង​សរុបជាង ១ពាន់គីឡូម៉ែត្រ ដែលតភ្ជាប់ចេញ​ពីបណ្ដាញ​ផ្លូវរថភ្លើង​ដឹកជញ្ជូន​ទំនិញក្នុង​ស្រុក​របស់ចិន ហើយក្នុង​នោះ ក៏មានការ​សាងសង់​ស្ពានឆ្លង ចិន ឡាវ ប្រវែង​ជាង ៣,៥គីឡូ​ម៉ែត្រ​ផងដែរ។

នៅពេល​ដែលផ្លូវ​រថភ្លើងនេះ សាងសង់​រួចរាល់ និងដាក់ឲ្យ​ដំណើរការ សមត្ថភាព​ផ្លូវរថភ្លើងនេះ អាចដឹកជញ្ជូន​អ្នកដំណើរ និងទំនិញ ពីទីក្រុងគួន​មិញ​ប្រទេសចិន ទៅកាន់​រដ្ឋធានី​វៀងចន្ទ​ប្រទេស​ឡាវ ដោយប្រើប្រាស់​ពេលវេលា​ប្រហែល​តែមួយថ្ងៃ​ប៉ុណ្ណោះ។

ផ្លូវបញ្ជូនទំនិញតាមព្រំដែន​ចិន វៀតណាម

ការភ្ជាប់​ផ្លូវដឹកជញ្ជូន​តាមព្រំដែន​ជាមួយវៀតណាម​ឯណោះវិញ ប្រទេសចិន​ថ្មីៗ នេះដែរ ទើបតែបាន​បើកដាក់ឲ្យ​ដំណើរការ​នូវផ្លូវ​ដឹកជញ្ជូន​ទំនិញ​ទៅមក​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែមាន​សន្ទុះខ្លាំងក្លា​មួយកម្រិត​ទៀត។

ផ្លូវនេះ តភ្ជាប់ចេញ​ពីកំពង់​ផែភូចៃ ក្នុងទីក្រុង​ភីងឆាង ខេត្តគ័ងស៊ី ប្រទេសចិន ទៅកាន់​ខេត្តតាន់​ថាញ់ ប្រទេស​វៀតណាម។

ខេត្តគ័ងស៊ីនេះ គឺជាទីតាំង​ដ៏សំខាន់​ក្នុងការតភ្ជាប់​ពាណិជ្ជកម្ម​រវាងចិន និងវៀតណាម រួមទាំង​តំបន់អាស៊ីអាគ្នេយ៍​ផងដែរ។

បើនិយាយពី​ពាណិជ្ជកម្ម​បរទេស​នៅក្នុង​ខេត្តគ័ងស៊ី របស់​ប្រទេសចិន ឃើញថា ប្រទេស​វៀតណាម គឺជាដៃគូ​ពាណិជ្ជកម្ម​បរទេស​ធំបំផុតមួយ ដែលមាន ប្រហែល ៤៣% នៃទំហំ​ពាណិជ្ជកម្ម​បរទេស​សរុបក្នុងខេត្តនេះ។

ផ្លូវដែលជា​សរសៃឈាម​ថ្មីមួយ​បន្ថែមទៀត សម្រាប់​វិស័យដឹក​ជញ្ជូនចិន និងវៀតណាម​មួយនេះ ត្រូវបានសាងសង់​ឡើងក្នុង​តម្លៃទឹក​ប្រាក់ ជិត១០លាន​ដុល្លារ​អាមេរិក ដែលមាន​ប្រវែងជិត ៥គីឡូម៉ែត្រ​ ទទឹង ១៩ម៉ែត្រកន្លះ និងបាន​ចាប់ផ្ដើម​សាងសង់​ឡើងកាល​ពីឆ្នាំ ២០១៥។

ផ្លូវថ្មីនេះ ត្រូវបាន​អ្នកជំនាញ​សេដ្ឋកិច្ច មើលឃើញថា មិនត្រឹមតែ​បម្រើដល់​ប្រយោជន៍​វិស័យ​ដឹកជញ្ជូន និងពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បម្រើដល់​ប្រយោជន៍​វិស័យ​ទេសចរណ៍​ផងដែរ។

គួរបញ្ជាក់ថា គម្រោង​ខ្សែក្រវ៉ាត់មួយ​ផ្លូវមួយនេះ គឺស្ថិតនៅ​ក្នុងគម្រោង ផ្លូវសូត្រ ដែលពោរពេញ​ដោយមហិច្ឆតា របស់មហា​អំណាចចិន ដែលបាន​ប្រកាស​បើកដំណើរ​ការ​ឡើងកាល​ពីឆ្នាំ ២០១៣ ហើយគម្រោងនេះ ជាផែន​ការមេ របស់ប្រទេស​ចិនសម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់ប្រទេស​នៅតំបន់​អាស៊ី​និងអឺរ៉ុប ហើយចិន​ខ្លួនឯង​នឹងទទួល​បានឥទ្ធិពល​វិញពី​តំបន់​ទាំងនោះ។

បើតាមការ​ស្រាវជ្រាវ​របស់វិទ្យាស្ថាន​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ (CFR) បានឲ្យ​ដឹងថា បច្ចុប្បន្នមាន​ប្រទេសជាង ៦០ប្រទេស ដែលមាន​ប្រជាជន​សរុប​ប្រមាណ ២ភាគ ៣នៃពិភពលោក បានចុះហត្ថលេខាលើ​គម្រោង​នានា ក៏ដូចជាកំពុង​ជាប់ពាក់ព័ន្ធ​នឹងគម្រោង​ខ្សែក្រវាត់​មួយ ផ្លូវមួយនេះ។

វិទ្យាស្ថានស្រាវជ្រាវ ដដែលបាន​ឲ្យដឹង​ទៀតថា តាមអ្នក​វិភាគបាន​ប៉ាន់ស្មានថា ប្រទេស​ដែលទទួល​យកការ​វិនិយោគ​ក្រោមក្របខណ្ឌ ខ្សែក្រវាត់១ ផ្លូវ១ ច្រើនគឺ​បំផុត គឺ ប៉ាគីស្ថាន ដែលមាន​ទឹកប្រាក់ ៦៨ ពាន់លាន​ដុល្លារ​អាមេរិក។ តាមការ​ប៉ាន់ស្មាន របស់​អ្នកវិភាគ ជាសរុប ប្រទេសចិន បានចំណាយ​លើគម្រោង​នេះ អស់ ២០០ ពាន់លាន​ដុល្លារ​អាមេរិក​ហើយ។

ធនាគារ​វិនិយោគ​អាមេរិក Morgan Stanley បានព្យាករថា នៅឆ្នាំ២០២៧ ចិននឹង​ចំណាយលើ​គម្រោង​ផ្លូវមួយ ខ្សែក្រវាត់​មួយនេះ រហូតដល់ ១,២ ទៅ១,៣ ទ្រីលាន​ដុល្លារ​អាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាក្បាលម៉ាស៊ីនគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង

ព័ត៌មាន
ការប្រែប្រួលនៃវិស័យឌីជីថល ឆ្ពោះទៅរកឧស្សាហកម្ម ៤.០ បាននិងកំពុងត្រូវបានពិភពលោក យកចិត្តទុកដាក់ យ៉ាងខ្លាំង ដើម្បី​ទាញយក​ប្រយោជន៍ផង និងទប់ទ…

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ជំរុញ​នីតិ​វិធី​ពិនិត្យ​ឡើងវិញ​​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) សម្រាប់​កម្ពុជា

ព័ត៌មាន
សមាជិក​ព្រឹទ្ធ​សភា​អាមេរិក គឺ​លោក ថេត គ្រូស បាន​ជំរុញ​សភា​អាមេរិក ឲ្យ​បន្ត​នីតិ​វិធី​ទៅ​មុខ ពាក់ព័ន្ធ​នឹង​ច្បាប់​របស់​គាត់ ដែល​បាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ