លោកស្រី ឡាលីដា ផេរ៉ាតវីវ៉ាតាណា (Lalida Peratwiwatana) អ្នកនាំពាក្យរងនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអះអាងថា នាយកដ្ឋានត្រួតពិនិត្យការបំពុលខ្យល់នៃក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ថៃ បានប្រើកម្មវិធីផ្សព្វផ្សាយតាមទូរសព្ទដៃ ដើម្បីប្រកាសអាសន្នពីកម្រិតខ្យល់ពុលខ្ពស់ (PM2.5) ទៅកាន់អ្នករស់នៅក្នុងតំបន់មានហានិភ័យខ្ពស់ ដើម្បីឱ្យមានការការពារសុខភាពឱ្យបានទាន់ពេលវេលា។
លោក ស៊ូជាតិ ជុំគ្លីន (Suchart Chomklin) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានសង្កត់ធ្ងន់ថា គ្រប់ស្ថាប័នក្រោមឱវាទក្រសួងទាំងអស់ត្រូវប្រើប្រាស់កម្មវិធីបច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន។ កម្រិតខ្យល់ពុល PM2.5 ត្រូវបានគេរំពឹងថា នឹងបន្តកើតឡើងរហូតដល់ថ្ងៃទី ២ ខែធ្នូ ដោយសារតែស្ថានភាពអាកាសធាតុមិនស្ថិតស្ថេរ ចំហាយខ្យល់ត្រជាក់មកពីប្រទេសចិន និងកម្លាំងខ្យល់ខ្សោយបណ្តាលឱ្យមានខ្យល់ចេញចូលមិនល្អ។ ទន្ទឹមនឹងនេះ កម្រិតខ្យល់នេះ ត្រូវបានរកឃើញថែមទៀតនៅតំបន់ភាគកណ្តាល និងឦសាន ក៏ដូចជានៅតំបន់ភាគខាងជើង និងឦសាននៃទីក្រុងបាងកក។
នៅទីក្រុងបាងកក និងតំបន់ប្រជុំជនមួយចំនួននៅក្បែរនោះ ស្ថានីយត្រួតពិនិត្យជាច្រើនបានឈានដល់កម្រិតប្រកាសអាសន្នពណ៌ទឹកក្រូច ដែលចាប់ផ្តើមប៉ះពាល់ដល់សុខភាព ជាមួយកម្រិតខ្ពស់ជាពិសេសនៅពេលព្រឹកតែម្ដង។ កម្រិតខ្យល់ពុលនេះអាចកើនឡើងជាប្រចាំ បើស្ថានភាពអាកាសធាតុនៅតែបន្តរារាំងការសាយភាយនៃធូលីល្អិតៗ។
លោកស្រី ឡាលីដា បានបន្ថែមថា សម្រាប់ខ្យល់ពុលក្នុងកម្រិតពណ៌ទឹកក្រូច មនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស់ការពារនៅពេលចេញក្រៅផ្ទះ កាត់បន្ថយពេលនៅក្រៅផ្ទះ ហើយមនុស្សចាស់ កុមារតូចៗ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺបេះដូង ឬផ្លូវដង្ហើមជាក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ ខណៈអ្នកមានរោគសញ្ញាមិនប្រក្រតីគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
ដោយ៖ សុខ មង្គល