
តែយ៉ាងណាអ្នកជំនាញកត់សម្គាល់ឃើញថា ការរីកចម្រើននៃវិស័យសេវាកម្មដឹកជញ្ជូននេះ ក៏បានបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងអសណ្តាប់ធ្នាប់នៅលើដងផ្លូវផងដែរ ដោយសារអ្នកដឹកទំនិញមួយចំនួនបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកលើសល្បឿនកំណត់ជាដើម។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា កំពុងមានស្ថានភាពល្អ ដោយចំនួនអ្នកប្រកបរបរដឹកជញ្ជូននៅកម្ពុជា ក៏កំពុងមានចំនួនច្រើនផងដែរ។ ទន្ទឹមនឹងការកើនឡើងក្រុមហ៊ុនដឹកជញ្ជូនអាហារ និងទំនិញរហ័សជួយផ្តល់ការងារ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ វាក៏បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងអសណ្តាប់ធ្នាប់នៅតាមដងផ្លូវផងដែរ ដោយសារអ្នកបម្រើសេវាកម្មដឹកជញ្ជូនមួយចំនួនបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកលើសល្បឿនកំណត់ និងវ៉ាជែងគ្មានសណ្តាប់ធ្នាប់ជាដើម។
ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កត់សម្គាល់ឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជា ហាក់រីកចម្រើនច្រើន ក៏ដូចជាមានក្រុមហ៊ុនផ្នែកដឹកជញ្ជូនប្រកួតប្រជែងគ្នាច្រើន ដែលជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ បើតាមលោក វន់ ពៅ ក្រុមហ៊ុនដឹកជញ្ជូនគួរតែគិតគូរឡើងវិញឱ្យមានរបបសន្តិសុខសង្គម កាត់បន្ថយភាគរយខ្ពស់ពីអ្នកដឹកជញ្ជូន ផ្ដល់រង្វាន់លើកទឹកចិត្តឱ្យបានច្រើនដល់អ្នកដឹកជញ្ជូនជាដើម។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់រដ្ឋាភិបាលគួរតែបង្កើតជាយន្តការឱ្យបានច្បាស់លាស់ ដើម្បីឱ្យក្រុមហ៊ុនដឹកជញ្ជូនមានទំនួលខុសត្រូវក្នុងករណីគ្រោះថ្នាក់ណាមួយកើតឡើងទៅលើអ្នកដឹកជញ្ជូន។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សារព័ត៌មានខេមបូណូមីសថា ទោះមានក្រុមហ៊ុនមួយចំនួននៅប្រទេសក្បែរខាងកម្ពុជា បានបញ្ឈប់ប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួនជាបណ្ដើរៗក្តី តែវិស័យដឹកជញ្ជូនរហ័សនៅកម្ពុជា កំពុងរីកចម្រើនទៅមុខក្នុងស្ថានភាពល្អប្រសើរនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ ការលក់តាមប្រព័ន្ធអនឡាញក៏មានការរីកចម្រើន ដោយពួកគេមិនចាំបាច់ចំណាយដើមទុនបើកកន្លែងលក់ដូរ ក៏អាចដំណើរការបាន ដែលកត្តានេះបានជំរុញដល់សេដ្ឋកិច្ចជាតិ ផងដែរ។
យ៉ាងណាក៏ដោយ កន្លងមកមានប្រជាពលរដ្ឋបានបង្ហោះសារជារឿយៗតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងការមិនពេញចំពោះសេវាកម្មដឹកជញ្ជូនតាមអនឡាញ ជាពិសេសម្ហូបអាហារ ដោយសារមានការពន្យាពេលដឹកជញ្ជូន ការគ្មានប្រព័ន្ធតាមដាន ត្រួតពិនិត្យឱ្យបានត្រឹមត្រូវ សេវាកម្មបម្រើដល់អតិថិជនមានភាពមិនប្រក្រតី និងបញ្ហានៃគុណភាពទំនិញជាដើម៕
អត្ថបទ ជា ម៉ារ៉ា