អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានគូសបញ្ជាក់ថា ដើម្បីផ្តល់ជូនពលរដ្ឋកម្ពុជា នូវផលិតផលផលិតក្នុងស្រុកជាមួយស្តង់ដាផលិតអន្តរជាតិ ដើម្បីជំនួសឱ្យការប្រើប្រាស់ផលិតផលនាំចូល ជាពិសេសទំនិញថៃ ក្រុមហ៊ុនខ្លួនបានបោះទុនវិនិយោគប្រមាណ៣០លានដុល្លារបង្កើតបណ្តុំរោងចក្រផលិតចំណីអាហារចម្រុះ វីរ:ប៊ុនថាំ ហ្វូត ដែលមានរោងចក្រចំនួន១០ផ្សេងៗគ្នា។ បើតាមថ្នាក់ដឹកនាំរូបនេះ ក្រៅពីដំណើរការផលិតផ្ទាល់ខ្លួន ក្រុមហ៊ុន ក៏គ្រោងសហការជាមួយសហគ្រាស SME ផ្សេងទៀត ដោយផ្តល់ទាំងការគាំទ្រទុន និងបច្ចេកទេស ដើម្បីឱ្យពួកគេអាចចូលរួមផលិតនៅក្នុងរោងចក្រខ្លួនផងដែរ។
ថ្នាក់ដឹកនាំរូបនេះ ជឿជាក់ថា ក្រោយផលិតផល វីរ:ប៊ុនថាំ ហ្វូត ដាក់ចេញលក់នៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ នឹងអាចប្រកួតប្រជែងទាំងតម្លៃ និងគុណភាពជាមួយនឹងផលិតផលនាំចូល។ ការអះអាងបែបនេះ ក៏ដោយសារវត្ថុធាតុដើម ដែលបម្រើក្នុងខ្សែច្រវាក់ផលិតកម្មនេះភាគច្រើនសុទ្ធសឹងជាផលិតផលដែលមាននៅក្នុងស្រុក ដែលវានឹងជួយជំរុញដល់លំហូរសាច់ប្រាក់នៅក្នុងប្រទេសកាន់តែរីកចម្រើន។
គួរជម្រាបថា ផលិតផលរបស់ក្រុមហ៊ុនវីរ:ប៊ុនថាំ ហ្វូត មានដូចជាប្រេងឆា មី ត្រីខ ទឹកប្រេងខ្យង ម្សៅស៊ុប ប៊ីចេង ទឹកម្ទេស កាហ្វេ និងគ្រឿងទេសផ្សេងៗទៀត។ បន្ថែមលើការផ្គត់ផ្គង់សម្រាប់ចំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ក្រុមហ៊ុននេះ ក៏គ្រោងផលិតសម្រាប់នាំចេញទៅលក់លើទីផ្សារក្រៅប្រទេសផងដែរ៕