ក្រុមប្រឹក្សាសន្តិភាព

តើកម្ពុជា គួរចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដើម្បីផលប្រយោជន៍ ឬដកថយដើម្បីសុវត្ថិភាពថវិកា?


រហូតមកទល់ពេលនេះ កម្ពុជា ពុំទាន់បង្ហាញជំហរផ្លូវការណាមួយចំពោះលិខិតអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាពនៅឡើយទេ។ ការចូលជាសមាជិកធម្មតាមិនតម្រូវឱ្យបង់ប្រាក់នោះទេ តែបើចូលជាសមាជិកអចិន្ត្រៃយ៍ គឺតម្រូវឱ្យបង់វិភាគទានយ៉ាងតិច១ពាន់លានដុល្លារ។ តើការចូលរួម ឬមិនចូលរួមក្នុងក្នុងស្ថាប័នថ្មីនេះ នឹងផ្ដល់ផលចំណេញ ឬផលវិបាកអ្វីខ្លះដល់កម្ពុជា?
ក្រុមប្រឹក្សាសន្តិភាព
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានផ្តល់ទស្សនៈវិភាគថា ប្រសិនបើកម្ពុជា ចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ នោះនឹងធ្វើឱ្យកម្ពុជា មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិក និងអាចទទួលបានផលប្រយោជន៍រយៈពេលវែងនាពេលខាងមុខ។ លោកបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នកម្ពុជា ត្រូវការខ្នងបង្អែកដ៏រឹងមាំ ដើម្បីការពារបូរណភាពទឹកដី និងផលប្រយោជន៍សេដ្ឋកិច្ច។ ការចូលរួមនេះ មិនមែនមានន័យថា ជាការងាករេចោលមិត្តចាស់ ឬផ្អៀងទៅរកអាម៉េរិកទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាការដើរឱ្យទាន់សភាពការណ៍អន្តរជាតិ ដែលសូម្បីតែប្រទេសធ្លាប់មាននិន្នាការប្រឆាំងអាម៉េរិក ក៏បានសម្រេចចិត្តចូលរួមដែរ។ ប៉ុន្តែប្រសិនបើមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពទេ នោះនឹងធ្វើឱ្យបាត់បង់នូវការកសាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងពិបាកក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាង ព្រមទាំងការខាតបង់ផ្នែកសេដ្ឋកិច្ចជាដើម។

​ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កម្ពុជា គួរមានការពិចារណាឱ្យបានច្បាស់លាស់ក្នុងការចូលរួម ឬមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ខណៈមកដល់ពេលនេះគេពុំទាន់ដឹងច្បាស់អំពីលក្ខខណ្ឌរបស់ក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយលោក ដូណាល់ ត្រាំ នៅឡើយទេ។ សម្រាប់អ្នកជំនាញរូបនេះ វានឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា ប្រសិនបើត្រូវចំណាយ១ពាន់លានដុល្លារក្នុងការចូលជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់​ថា កម្ពុជា គួររង់ចាំពិនិត្យមើលគុណសម្បត្តិ និងគុណវិបត្តិរបស់ស្ថាប័នថ្មីនេះឱ្យបានហ្មត់ចត់ជាមុនសិន ដើម្បីចៀសវាងផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុជាតិ។

​គួររំលឹកថា សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានផ្ញើលិខិតផ្លូវការអញ្ជើញកម្ពុជា ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលជាយន្តការអន្តរជាតិថ្មី ដើម្បីដោះស្រាយបញ្ហាជម្លោះនៅតំបន់ហ្គាហ្សា និងបញ្ហាជម្លោះផ្សេងៗនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណា ជំហររបស់កម្ពុជា នៅតែស្ថិតក្នុងភាពស្ងប់ស្ងាត់នៅឡើយ ស្របពេលដែលការបែងចែករវាង សមាជិកធម្មតាដែលគ្មានតម្លៃសេវា និងសមាជិកអចិន្ត្រៃយ៍ ដែលតម្រូវឱ្យវិភាគទានខ្ពស់ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់ការជជែកដេញដោលក្នុងមជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅក្នុងប្រទេស និងក្រៅប្រទេស៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


កម្ពុជា ប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានជាង៧១លានដុល្លារនៅឆ្នាំមុន ទោះកាស៊ីណូមួយបានផ្អាកដំណើរការដោយសង្គ្រាមឈ្លានពានរបស់ថៃ

បន្ទាប់ពីមានការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩ ការប្រមូលចំណូលពន្ធពីវិស័យល្បែងពាណិជ្ជកម្ម បានបង្ហាញសញ្ញាពីការងើបឡ…

តើកម្ពុជា គួរប្រើយន្តការណាដើម្បីអាចទាមទារដីដែលថៃ កំពុងកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ?

ក្រោយយោធាថៃ បានឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ទាំងខុសច្បាប់ ថ្មីៗនេះគេសង្កេតឃើញថា ថៃ បានសាងសង់សំណង់រឹងនៅទឹកដីខ្មែរជាច្រើនកន្លែង ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ