ក្រុមហ៊ុនហ្វត គ្រោងដំឡើងរថយន្ត៤ពាន់គ្រឿងបន្ថែមនៅឆ្នាំក្រោយ

ក្រុមហ៊ុនហ្វត គ្រោងដំឡើងរថយន្ត៤ពាន់គ្រឿងបន្ថែមនៅឆ្នាំក្រោយ ខណៈ៦ខែមកនេះដំឡើងបាន៤រយគ្រឿង


ក្រោយសម្ពោធដាក់ឲ្យដំណើរការជាង៦ខែកន្លងមកនេះ រោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ ដំឡើងរថយន្ត Ford បានជាង៤០០គ្រឿងហើយ ខណៈតាមផែនការក្រុមហ៊ុនគ្រោងដំឡើងឲ្យបានជាង១ពាន់គ្រឿងនៅឆ្នាំនេះ។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនហ្វត គ្រោងដំឡើងរថយន្តហ្វតនៅកម្ពុជាឲ្យបាន៤ពាន់គ្រឿងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ នេះបើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន RMA ខេមបូឌា ដែលជាក្រុមហ៊ុនមេ នៃរោងចក្រដំឡើងរថយន្ដFord និងនាំចូលរថយន្ត Ford ផ្តាច់មុខមកកម្ពុជា។
ក្រុមហ៊ុនហ្វត គ្រោងដំឡើងរថយន្ត៤ពាន់គ្រឿងបន្ថែមនៅឆ្នាំក្រោយ ខណៈ៦ខែមកនេះដំឡើងបាន៤រយគ្រឿង

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននាពិធីសម្ពោធជាផ្លូវការនៃការដាក់តាំងលក់រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា មកទល់ពេលនេះរោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ដំឡើងរថយន្តហ្វតបានចំនួន៤រយគ្រឿងហើយ ក្រោយរោងចក្រនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាង៦ខែកន្លងមកនេះ។ ចំនួននេះមានការធ្លាក់ចុះខ្លាំងបើធៀបនឹងផែនការរបស់ក្រុមហ៊ុន ដែលគ្រោងដំឡើងឲ្យបាន១ពាន់៥រយគ្រឿងនៅឆ្នាំនេះ។ ការដំឡើងបានតិចជាងផែនការនេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុននេះអះអាងថា គឺដោយសារកង្វះការផ្គត់ផ្គង់គ្រឿងបង្គុំបម្រើឲ្យផលិតកម្ម ដែលបង្កឡើងដោយមេរោគរាតត្បាតនៃជំងឺកូវីដ-១៩។

បើតាមការគូសបញ្ជាក់របស់លោក ងន សាំង នៅឆ្នាំ២០២៣ ខាងមុខ ក្រុមហ៊ុន RMA ខេមបូឌាដាក់ផែនការឲ្យរោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ដំឡើងរថយន្តហ្វតឲ្យបាន៤ពាន់គ្រឿងបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សាររថយន្តថ្មីក្នុងស្រុក ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានបន្ថែមថា ការដំឡើងនៅឆ្នាំក្រោយនេះក្រុមហ៊ុនលោកនឹងដំឡើងរថយន្តហ្វត ម៉ូដែលថ្មីៗបន្ថែមលើម៉ូដែលកំពុងដំឡើងនៅកម្ពុជាបច្ចុប្បន្ន។

ពាក់ព័ន្ធទីផ្សាររថយន្តថ្មីនៅកម្ពុជាថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia រូបនេះកត់សម្គាល់ឃើញថា តម្រូវការទីផ្សាររថយន្តថ្មីនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់មួយរយៈចុងក្រោយនេះ។ បើតាមលោក ងន សាំង នៅឆ្នាំ២០២២នេះ ការនាំចូលរថយន្តមកកម្ពុជាមានការកើនឡើងប្រមាណ៤០% បើធៀបនឹងឆ្នាំ២០២១ ហើយការកើនឡើងស្ទើរទាំងអស់ជារថយន្តថ្មី។ អ្នកជំនាញរូបនេះវាយតម្លៃថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើងនេះ គឺដោយសារប្រជាពលរដ្ឋមានការយល់ដឹងលើបញ្ហាសុវត្ថិភាព គួបផ្សំសេដ្ឋកិច្ចរបស់ពួកគេមានការរីកចម្រើនជាងមុន។ តាមរយៈកំណើនតម្រូវការរថយន្តថ្មីនេះ លោកជឿជាក់ថា កម្ពុជានឹងអាចលុបបំបាត់ការនាំចូលរថយន្តមួយទឹកនាពេលអនាគតដ៏ខ្លីខាងមុខ ដូចបណ្តាប្រទេសក្នុងតំបន់មួយចំនួនដែរ។

ក្រៅពីដំឡើង និងនាំចូលរថយន្ត Ford និងរថយន្តថ្មីដើរដោយប្រេងឥន្ធនៈ ក្រុមហ៊ុន RMA Cambodia ក៏បាននាំចូលរថយន្តដើរដោយថាមពលអគ្គិសនីមកកាន់ទីផ្សារកម្ពុជាផងដែរ។ ជាក់ស្តែងមកទល់ពេលនេះក្រុមហ៊ុននេះបាននាំចូលរថយន្តអគ្គិសនីរបស់ Jaguar បានចំនួន៤គ្រឿង និងគ្រោងនាំចូលរថយន្តហ្វតដើរដោយថាមពលអគ្គិសនីពីរគ្រឿងបន្ថែមទៀតនាពេលខាងមុខនេះ។

គួរបញ្ជាក់ថា រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford ដែលសាងសង់លើផ្ទៃដី៤ហិកតាស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមានរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ រោងចក្រនេះអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្ត Ford Ranger និង Ford Everest បានប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕




អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង់ពន្ធឲ្យបានខ្ជាប់ខ្ជួន និងបោះចោលទម្លាប់សុំលើកលែងពន្ធ

ដើម្បីឲ្យកិច្ចការប្រមូលចំណូលពន្ធដារមានប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ ក៏បានជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តនូវ…

អង់គ្លេសដាក់គោលដៅឆ្នាំក្រោយនឹងចូលរួមក្នុងព្រមព្រៀងតំបន់ធំៗ និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយឥណ្ឌាឲ្យបាន

ចាប់តាំងពីបានចាកចេញពីសហភាពអឺរ៉ុប(Brexit) កាលពីដើមឆ្នាំ២០២០ ហើយលែងទទួលបានអត្ថប្រយោជន៍ ការលើកលែងពីប្លុកមួយនេះតទៅទៀត អង់គ្លេសបានស្វះស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ