អង់គ្លេស-ឥណ្ឌា

អង់គ្លេសដាក់គោលដៅឆ្នាំក្រោយនឹងចូលរួមក្នុងព្រមព្រៀងតំបន់ធំៗ និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយឥណ្ឌាឲ្យបាន


ចាប់តាំងពីបានចាកចេញពីសហភាពអឺរ៉ុប(Brexit) កាលពីដើមឆ្នាំ២០២០ ហើយលែងទទួលបានអត្ថប្រយោជន៍ ការលើកលែងពីប្លុកមួយនេះតទៅទៀត អង់គ្លេសបានស្វះស្វែងរស់ដោយខ្លួនឯងតាមរយៈការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងពហុភាគីក្នុងក្របខណ្ឌនានា។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនៅក្នុងឆ្នាំ២០២២នេះ ក្នុងការសុំចូលជាសមាជិកកិច្ចកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយឥណ្ឌា សុទ្ធតែមិនទទួលបានលទ្ធផលឡើយ។
អង់គ្លេសបរាជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP និងទ្វេភាគីជាមួយឥណ្ឌា!

រាជរដ្ឋាភិបាលក្រុងឡុងដ៏ បានដាក់គោលដៅនឹងសម្រេចកិច្ចព្រមព្រៀងទាំងពីរខាងលើនេះ ឱ្យខានតែបាននៅឆ្នាំក្រោយឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។

បើតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ក្រុមអ្នកចរចាដែលជាសមាជិកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) ប្រមាណ១៥០នាក់ បានមកជំនុំគ្នាក្នុងទីក្រុងឡុងដ៏អស់ជាច្រើនថ្ងៃ កាលពីខែវិច្ឆិកា ក្នុងកិច្ចខិតខំប្រឹងប្រែង បើកផ្លូវឱ្យអង់គ្លេសចូលជាសមាជិកដែរ។ ដោយឡែក ក្នុងកិច្ចព្រមព្រៀងជាមួយឥណ្ឌា រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី កេមី បេតណុច (Kemi Badenoch) បានធ្វើដំណើរទៅរដ្ឋធានីញូដេលីរបស់ឥណ្ឌា ដើម្បីជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីដែរ។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងទាំងពីរ មិនទទួលបានជោគជ័យក្នុងការសម្រេចបានការព្រមព្រៀងគ្នាចុងក្រោយឡើយ។ ទោះយ៉ាងណា រដ្ឋបាលលោក ស៊ុនណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស មានបំណងបញ្ចប់កិច្ចព្រមព្រៀងទាំងពីរនៅឱ្យបានអំឡុងឆ្នាំ២០២៣ខាងមុខនេះ។

គួរជម្រាបថា ចក្រភពអង់គ្លេសបាននឹងកំពុងបង្កើនការចូលរួមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយកិច្ចព្រមព្រៀងទាំងពីរនេះ ជាផ្នែកសំខាន់ណាស់នៃការទូតសេដ្ឋកិច្ចរបស់អង់គ្លេសនៅក្នុងតំបន់។ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Liz Truss ចក្រភពអង់គ្លេសធ្លាប់បានសន្យាថា នឹងបញ្ចប់ការចរចាដើម្បីចូលរួមជាមួយកិច្ចព្រមព្រៀង CP TPP នៅចុងឆ្នាំ២០២២នេះ។ ដោយឡែកអ្នកកាន់តំណែងមុនលោកស្រី Liz Truss ទៀតគឺលោក Boris Johnson ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីខែមេសា ធ្លាប់បានដាក់កំណត់គោលដៅ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងខែតុលាផងដែរ។

បើតាមប្រភពស្និទ្ធនឹងបញ្ហានេះឱ្យដឹងថា កាលពីខែកុម្ភៈឆ្នាំ២០២១ ចក្រភពអង់គ្លេសបានដាក់ពាក្យចូលជាសមាជិកដំបូងបង្អស់ក្រោយប្រទេសទាំង១១ដែលជាសមាជិកដើម បានបង្កើត CPTPP ឡើងកាលពីឆ្នាំ២០១៨។ ប៉ុន្តែភាគីទាំងពីរមានការខ្វែងគំនិតគ្នា លើបរិមាណទីផ្សារដែលសមាជិកដើមរបស់ CPTPP អាចទទួលបានក្នុងវិស័យមួយចំនួនពីប្រទេសអង់គ្លេស។

ទន្ទឹមនឹងនេះ ឥណ្ឌាកំពុងជំរុញឱ្យចក្រភពអង់គ្លេសបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការការងារ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់ពួកគេ។ ប៉ុន្តែសំណូមពរនេះ ត្រូវបានសមាជិកមួយចំនួននៃបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចជំទាស់ថា អាចនាំឱ្យមានការកើនឡើងនៃអន្តោប្រវេសន៍។

សូមជម្រាបថា បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបក្នុងខែមករាឆ្នាំ២០២០ ចក្រភពអង់គ្លេសក្រោមការដឹកនាំរបស់លោក បូរីស ចនសុនបានចាប់ផ្តើមបន្តការចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅខាងក្រៅប្លុកនេះ។ ក្រោយមក លោកស្រី Liz Truss ដែលនៅពេលនោះជារដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារនេះ។ គិតមកទល់នឹងពេលនេះ ចក្រភពអង់គ្លេសបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេស និងតំបន់យ៉ាងហោចណាស់សរុប ៧០រួមទាំងប្រទេសដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបផងដែរ ដូចជាអូស្ត្រាលី និងនូវែលសេឡង់ជាដើម៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនហ្វត គ្រោងដំឡើងរថយន្ត៤ពាន់គ្រឿងបន្ថែមនៅឆ្នាំក្រោយ ខណៈ៦ខែមកនេះដំឡើងបាន៤រយគ្រឿង

ព័ត៌មាន
ក្រោយសម្ពោធដាក់ឲ្យដំណើរការជាង៦ខែកន្លងមកនេះ រោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ ដំឡើងរថយន្ត Ford បានជាង៤០០គ្រឿងហើយ ខណៈតាមផែន…

ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅអាមេរិក តើលោកហ្សេលេនស្គី បាននិយាយអំពាវនាវអ្វីខ្លះទៅកាន់លោក ចូ បៃដិន និងសភាអាមេរិក?

ព័ត៌មាន
ក្នុងដំណើរទស្សនកិច្ចដ៏កម្រ និងជាលើកដំបូងទៅកាន់ទឹកដីសហរដ្ឋអាមេរិក ចំពេលដែលសង្គ្រាមអូសបន្លាយដល់ប្រមាណ ៣០០ថ្ងៃមកហើយនោះ ប្រធានាធិបតីអ៊ុយក្រែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ