វិស័យទេសចរណ៍

តើអ្នកវិនិយោគ និងអ្នកទេសចរបរទេសពិតជារងការលំបាក និងការកោសរូសទារប្រាក់ក្រោមតុមែនឬ?


បច្ចុប្បន្នអ្នកវិនិយោគបរទេសនានាកំពុងសម្លឹងមើលពីសក្ដានុពលរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ក្នុងការផ្ដល់នូវអត្ថប្រយោជន៍នានាដល់វិនិយោគិនទាំងនោះផងដែរ សំដៅទាក់ទាញពួកគេឱ្យមកបណ្ដាក់ទុនរកស៊ី និងមកលេងកម្សាន្តនៅកម្ពុជា។ ការផ្ដល់អត្ថប្រយោជន៍ដល់វិនិយោគិនបានធ្វើឱ្យបណ្ដាក្រុមហ៊ុនបរទេសមួយចំនួនជាពិសេសមកពីប្រទេសចិនចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះបានចាកចេញទៅវិញផងដែរ។
វិស័យទេសចរណ៍
ដោយ

ការចាកចេញរបស់ក្រុមអ្នកវិនិយោគ គួបផ្សំនៅមួយរយៈចុងក្រោយមិនសូវមានភ្ញៀវទេសចរជនជាតិចិនមកកម្សាន្តផងនោះ បានធ្វើឱ្យមានការលើកឡើងថា អាចដោយសារតែមន្រ្តីខ្មែរមួយចំនួនបង្កការលំបាកដល់ពួកគេ។ តើអ្នកវិនិយោគ និងអ្នកទេសចរបរទេសពិតជារងការលំបាក និងការកោសរូសទារប្រាក់ក្រោមតុពីមន្ត្រីខ្មែរមួយចំនួនមែនឬ?

កាលពីពេលថ្មីៗនេះមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកជំទាវ ហ៊ុន ស៊ីណាត ដែលគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងក្នុងបណ្ដាញសង្គមថា ការខ្សត់អ្នកវិនិយោគ និងភ្ញៀវទេសចរចិនមកវិនិយោគ និងមកកម្សាន្តនៅកម្ពុជា នៅមួយរយៈចុងក្រោយ គឺដោយសារពួកគេមានការរាងចាល បន្ទាប់ពីមានមន្ត្រីខ្មែរខិលខូចមួយចំនួនបានទារប្រាក់ក្រោមតុពីពួកគេទាំងដែលពួកគេមិនទាន់នឹងបានធ្វើអ្វីផងនោះ។

បើតាមលោកជំទាវ ហ៊ុន ស៊ីណាត ការបង្កផលលំបាកពីមន្រ្តីខ្មែរមួយចំនួន បានធ្វើឱ្យអ្នកវិនិយោគបរទេសមួយចំនួនចាកចេញពីកម្ពុជាទៅកាន់ប្រទេសជិតខាង ខណៈថ្នាក់ដឹកនាំកំពុងខិតខំទាក់ទាញ និងបើកចំហរឱ្យជនបរទេសមកវិនិយោគ និងមកលេងកម្សាន្តនៅកម្ពុជា។

ពាក់ព័ន្ធបញ្ហានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ទទួលស្គាល់ថា ស្ថានភាពវិស័យទេសចរណ៍របស់ប្រទេសជិតខាងពិតជាមានកំណើនខ្ពស់ជាងកម្ពុជា​ ប្រាកដមែន។

ការណ៍នេះ គឺទាមទារឱ្យអ្នកជំនាញពាក់ព័ន្ធត្រូវយកបញ្ហាដែលកើតមានជាក់ស្ដែងទៅពិគ្រោះយោបល់គ្នា និងសិក្សាឡើងវិញជាមួយអ្នកជំនាញក្នុងវិស័យទេសចរណ៍នានា ដើម្បីដោះស្រាយ។ បើតាមអ្នកជំនាញវិស័យទេសចរណ៍រូបនេះ ការបង្កផលលំបាក និងការកោសរូសក្រោមរូបភាពផ្សេងៗដើម្បីយកប្រាក់ពីជនបរទេសដែលមកវិនិយោគនៅកម្ពុជា គឺបង្កឡើងជាលក្ខណៈបុគ្គលប៉ុណ្ណោះ និងមិនមែនកើតឡើងដោយស្ថាប័នរដ្ឋនោះទេ ហើយបញ្ហានេះ គឺត្រូវតែកែទម្រង់លើបុគ្គលដែលស្ថិតក្នុងស្ថាប័នរបស់រដ្ឋជាមុនសិន បើពុំដូច្នោះទេ វានឹងបង្កផលប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិជាក់ជាមិនខាន។

​ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ការប្រព្រឹត្តអំពើកោសរូសក្រោមរូបភាពណាមួយមកលើជនបរទេស ទំនងជាមិនបានធ្វើឱ្យរាំងស្ទះដល់ភ្ញៀវទេសចរ ដែលចង់មកលេងកម្សាន្តនៅកម្ពុជានោះទេ ប៉ុន្តែសកម្មភាពមិនសមរម្យរបស់បុគ្គលមួយចំនួនទាំងនោះ​បានធ្វើឱ្យមានការរំខាន និងមានការមើលងាយពីជនបរទេសមកលើលើជាតិសាសន៍កម្ពុជា។ ពាក់ព័ន្ធស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា មកទល់ពេលនេះទីផ្សារទេសចរណ៍របស់កម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់កម្សាន្តនានាបម្រើឱ្យវិស័យទេសចរណ៍ក៏មិនទាន់មានការរីកចម្រើនផងដែរ​។

​បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅ៥ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាន៦សែននាក់ មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុខ តែមានធ្លាក់ចុះជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលជាមិនទាន់មានការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនេះ ថៃបានក្លាយជាទីផ្សារទេសចរធំជាងគេរបស់កម្ពុជា បន្ទាប់មកវៀតណាម និងចិន៕

None



អត្ថបទបន្ទាប់


បទល្មើសក្នុងវិស័យប្រេងឥន្ធនៈធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈមានស្ថានីយប្រេងឥន្ធនៈ១៨ប៉ុណ្ណោះត្រូវបានរកឃើញរកស៊ីមិនត្រឹមត្រូវនៅ៦ខែឆ្នាំនេះ

មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបន្តចុះត្រួតពិនិត្យនៅតាមបណ្តាស្ថានីយ និ…

តើបរធនបាលកិច្ចបានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា?

ក្រុមអ្នកជំនាញហិរញ្ញវត្ថុបានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការចូលរួមចំណែកជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ