លោក Michael Hart ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិនបាននិយាយថា មានសញ្ញាមួយចំនួន ដែលបង្ហាញថា ក្រុមហ៊ុនអាមេរិកកំពុងចាកចេញពីទីផ្សាររបស់ប្រទេសចិន។
លោក Michael បានបន្តថា សភាពាណិជ្ជកម្មអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិនិយោគរបស់អាមេរិកដែលមានស្រាប់ និងនាពេលអនាគត និងក្រុមហ៊ុនបរទេសដទៃទៀតដែលចូលទៅក្នុងប្រទេសចិន ដោយសារតែមិនបានទទួលលក្ខខណ្ឌពេញលេញនៃការធ្វើដំណើរ”។
"ជាអកុសល ការបិទខ្ទប់ដោយសារជំងឺកូវីដ១៩នៅឆ្នាំនេះ និងការរឹតបន្តឹងនៅរយៈពេលពីរឆ្នាំចុងក្រោយនេះ និងអាចបន្ដច្រើនឆ្នាំទៅមុខទៀត នោះវានឹងទាញទម្លាក់ការវិនិយោគក្នុងប្រទេសចិនកាន់តែខ្លាំង"។
ខណៈពេលដែលពិភពលោកស្ទើរតែទាំងស្រុង បានដកការរឹតបន្តឹងលើមេរោគឆ្លងកូវីដ១៩ ប្រទេសចិនឯណោះវិញ នៅតែបន្តរឹតបន្តឹងជើងហោះហើរយ៉ាងតឹងរឹងទៅកាន់ប្រទេសខ្លូន ហើយបានទទូចថា គោលនយោបាយគ្មានកូវីដ គឺនៅតែចាំបាច់ដើម្បីការពារសុខភាពប្រជាជនខ្លួនពីការឆ្លងដ៏លើសលុប។
មួយវិញទៀត របាយការណ៍របស់សភាពាណិជ្ជកម្មខាងលើ បានលើកឡើងពីការរឹតត្បិតការតភ្ជាប់ប្រព័ន្ធទីផ្សារ បទប្បញ្ញត្តិនៃការរើសអើង និងកម្សោយនៃតម្រូវការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដែលជាកង្វល់ដ៏ចម្បងសម្រាប់អ្នកធ្វើអាជីវកម្មសហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន សភាពាណិជ្ជកម្មអាមេរិកក៏បានចេញផ្សាយការស្ទង់មតិមួយ ដែលព្រមានអំពី "ជម្លៀសចេញ" នៃបុគ្គលិកបរទេសនៅក្នុងប្រទេសចិន ដោយសារតែវិធានការកូវីដ១៩ ដ៏តឹងរឹង និងការបិទខ្ទប់ជាបន្តបន្ទាប់របស់ប្រទេសចិន ដោយក្នុងនោះ មាន ៥៨% នៃក្រុមហ៊ុនដែលជាសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសនិយាយថា ពួកគេបានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលសម្រាប់ឆ្នាំនេះ។
យ៉ាងណាមិញ សភាពាណិជ្ជកម្មអ៊ឺរ៉ុបក្នុងប្រទេសចិនឯណោះវិញ ក៏បាននិយាយកាលពីថ្ងៃទី ១៦ឧសភាដែរថា អាជីវកម្មរបស់អ៊ឺរ៉ុបមានឱកាសតិចតួចណាស់ ក្នុងទប់ទល់និងធ្វើឲ្យប្រសើរឡើងវិញ ចំពោះមុខនៃរំខានពីការផ្ទុះឡើងនូវរលកបន្ទាប់នៃជំងឺកូវីដ១៩ រហូតទាល់តែប្រទេសចិន បង្កើនអត្រាការចាក់វ៉ាក់សាំងឲ្យបានខ្ពស់ជាងមុន៕
អត្ថបទ: ហ៊ុន គន្ចថៃ