ប្រេងដូងឥណ្ឌូនេស៊ី

ប្រជាកសិករឥណ្ឌូនេស៊ីធ្វើការតវ៉ាប្រឆាំងបម្រាមការនាំចេញប្រេងដូងទៅក្រៅប្រទេសរបស់រដ្ឋាភិបាល


ប្រជាកសិករដាំដូងប្រេងខ្នាតតូចរាប់រយនាក់នៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអង្គារ ទី១៧ឧសភានេះបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីហ្សាកាតា និងនៅតំបន់ផ្សេងទៀត ដោយទាមទារឱ្យរដ្ឋាភិបាលបញ្ចប់វិធានការហាមឃាត់ការនាំចេញប្រេងដូងឆៅ និងផលិតផលរបស់ខ្លួនមួយចំនួនទៀត ទៅកាន់ទីផ្សារក្រៅប្រទេស។ការប្រកាសបិទការនាំចេញនេះវាបានកាត់បន្ថយប្រាក់ចំណូលរបស់ពួកគេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
កសិករដាំដូងប្រេងខ្នាតតូចរាប់រយនាក់នៅប្រទេសឥណ្ឌូណេស៊ី នាំគ្នាំការតវ៉ាប្រឆាំងនឹងបម្រាមការនាំចេញប្រេងដូងទៅក្រៅប្រទេស

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​កំពូល​ប្រទេស​នាំ​ចេញ​ប្រេងដូង​ច្រើន​ជាងគេ​នៅ​ក្នុង​ពិភពលោក​នោះ​ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែមេសា​មក បាន​បញ្ឈប់​ការ​នាំ​ចេញ​ប្រេងដូង​ឆៅ និង​ផលិតផល​របស់​ខ្លួន​មួយ​ចំនួន​ទៀត ក្នុង​បំណង​គ្រប់គ្រង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ចម្អិន​អាហារ​ក្នុងស្រុក ដែល​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេង​បន្លែ​ពិភពលោក​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ​។

ប្រជា​កសិករ​បាន​ប្រមូលផ្តុំ​គ្នា​ដោយ​ដើរ​អម​ជាមួយ​រថយន្ត​ដឹក​ផ្លែ​ដូងប្រេង​នៅ​ខាងក្រៅ​ការិយាល័យ​នៃ​ក្រសួង​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច​ដែល​ដឹកនាំ​គោលនយោបាយ​របស់​រដ្ឋាភិបាល​។

អ្នក​តវ៉ា​បាន​កាន់​បដា​មួយ​សរសេរ​ថា «​កសិករ​ម៉ា​ឡេ​ស៊ី​កំពុង​មាន​ស្នាមញញឹម​ពេញទំហឹង ខណៈ​កសិករ​ឥណ្ឌូ​នេ​ស៊ី​កំពុង​រង​ទុក្ខ​!»​។ មែនទែន​ទៅ ប្រទេស​ម៉ា​ឡេ​ស៊ី​គឺជា​ប្រទេស​ផលិត​ប្រេងដូង​ធំ​ជាងគេ​ទី​ពីរ បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី ហើយ​នៅ​គ្រា​ដែល​ឥណ្ឌូ​នេ​ស៊ី​បិទ​ខ្ទប់​ការ​នាំ​ចេញ​ប្រេងដូង វា​បាន​ផ្ដល់​ឱកាស​សម្រាប់​ការ​នាំ​ចេញ​ប្រេងដូង​របស់​ម៉ា​ឡេ​ស៊ី​កាន់តែ​ខ្លាំង​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុម​កសិករ​ខ្នាត​តូច​របស់​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​ថា ចាប់តាំងពី​ការ​ប្រកាស​ហាមឃាត់​ការ​នាំ​ចេញ​មក តម្លៃ​ប្រេងដូង​បាន​ធ្លាក់​ចុះ ៧០% នៅ​ក្រោម​តម្លៃ​ទាប​បំផុត​ដែល​បាន​កំណត់​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​ទៅ​ទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​កសិករ​ខ្នាត​តូច​ក៏​បាន​ប៉ាន់​ប្រមាណ​ថា រោង​ម៉ាស៊ីន​ចម្រាញ់​ដូងប្រេង​យ៉ាង​ហោច​ណាស់ ២៥% បាន​ឈប់​ទិញ​ផ្លែ​ដូងប្រេង​ពី​ក្រុម​កសិករ​ឯករាជ្យ តាំងពី​ពេល​ដែល​មានការ​បិទ​ខ្ទប់​ការ​នាំ​ចេញ​ប្រេងដូង​។

តាម​ការ​គូសបញ្ជាក់​របស់​ក្រុម​កសិករ​ដែល​ជា​អ្នក​តវ៉ា​បាន​ឲ្យ​ដឹង​ដែរ​ថា ពូក​គេ​ក៏​មាន​គម្រោង​ដើរ​ដង្ហែ​ក្បួន​តវ៉ា​ទៅ​កាន់​វិមាន​ប្រធានាធិបតី​ផង​ដែរ ហើយ​ការ​តវ៉ា​ស្រ​ដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​ខេត្ត​ចំនួន ២២ ផ្សេង​ទៀត​ផង​ដែរ​។

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក Joko Widodo បាន​ដាក់​បម្រាម​នាំ​ចេញ​ប្រេងដូង និង​ផលិតផល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​ប្រើប្រាស់​ក្នុង​ការ​ផលិត​ប្រេងឆា​បន្ទាប់​ពី​គោលនយោបាយ​ជា​បន្តបន្ទាប់​របស់​លោក​បាន​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ទំនិញប្រើប្រាស់​ក្នុងផ្ទះ​ជា​មូលដ្ឋាន​។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឥណ្ឌូ​នេ​ស៊ី​លោក អៃ​ឡា​ង​ហ្កា ហា​តា​តូ (Airlangga Hartarto) បាន​និយាយ​ថា ការ​ហាមប្រាម​នេះ នឹង​ស្ថិត​នៅ​ដដែល​រហូត​ដល់​តម្លៃ​ប្រេង​ចម្អិន​អាហារ​ភាគច្រើន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ក្រោម​១ ដុល្លារ​ក្នុង​មួយ​លី​ត្រ​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូ​នេ​ស៊ី​បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី ១៣​ឧសភា ប្រេង​ចម្អិន​អាហារ​ភាគច្រើន​មាន​តម្លៃ​ជា​មធ្យម​នៅ​មាន​ប្រហែល​១​ដុល្លារ​២០​សេន​ក្នុង​មួយ​លី​ត្រ​នៅ​ប្រទេស​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការកសាងភាពធន់ប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិតជាមួយក្រុមហ៊ុន Meta

ព័ត៌មាន
ជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ នាពេលថ្មីៗនេះ ហើយមនុស្សទូទាំងពិភពលោកចំណាយពេលវេលាកាន់តែច្រើនលើអ៊ីនធឺណិតដើម្បីរក្សាទំនាក់ទំនងនឹងគ្នា អ្នក…

វិធានការគ្រប់គ្រងជំងឺកូវីដរបស់ចិន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិនិយោគទុនបរទេសច្រើនឆ្នាំទៅមុខទៀត

ព័ត៌មាន
ប្រធានសភាពាណិជ្ជកម្មអាមេរិកបានព្រមាននៅថ្ងៃអង្គារទី ១៧ ឧសភានេះថា ការគ្រប់គ្រងដ៏តឹងរ៉ឹងនៃមេរោគកូវីដ-១៩ របស់ប្រទេសចិន នឹងរារាំងដល់លំហូរច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ