ប៉ុន្តែបើក្រឡេកទៅមើលប្រទេសជិតខាងដូចជាថៃ និងវៀតណាមឯណោះវិញ ប្រទេសទាំងពីរទទួលបានភ្ញៀវទេសចរបរទេសទៅកម្សាន្តយ៉ាងច្រើននៅក្នុងរដូវខ្សត់ភ្ញៀវនេះ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចេញនូវយន្តការលើកលែងទិដ្ឋការ និងការសម្រួលកញ្ចប់សេវាទេសចរជាដើម។ តើរដ្ឋាភិបាលកម្ពុជាគួរមានយន្តការពិសេសណាមួយ ដើម្បីទាក់ទាញអ្នកទេសចរបរទេសនៅក្នុងរដូវខ្សត់ភ្ញៀវដែរឬទេ?
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា គួរពិចារណាឡើងវិញក្នុងការផ្ដល់ជូនភ្ញៀវទេសចរបរទេសដែលមានសក្ដានុពលនូវការលើកលែងទិដ្ឋការពិសេសក្នុងរយៈពេលកំណត់ណាមួយ ឬបញ្ចុះតម្លៃសេវាទេសចរជាដើម ដើម្បីទាក់ទាញពួកគេឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជា នៅក្នុងរដូវខ្សត់ភ្ញៀវទេសចរនេះ។ ការស្នើបែបនេះធ្វើឡើងក្រោយអ្នកជំនាញរូបនេះ សង្កេតឃើញថា បណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងលើពិភពលោកបានប្រើប្រាស់យន្តការនេះជាមួយការទទួលបានលទ្ធផលដ៏ល្អប្រសើរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ការស្នើសុំលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសទំនងជាពិបាក ព្រោះតែកិច្ចការនេះធ្លាប់ត្រូវបានវិស័យឯកជនស្នើសុំជាច្រើនឆ្នាំមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ។
តែយ៉ាងណាអ្នកជំនាញរូបនេះបានលើកឡើងថា នៅមានយន្តការជាច្រើនទៀត ដែលអាចទាក់ទាញអ្នកទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា ដូចជាការផ្ដល់ឱ្យជនបរទេសចូលទស្សនាប្រសាទនានា ដោយមិនគិតប្រាក់ ឬការលក់កាតក្នុងតម្លៃពិសេសដែលផ្ដល់ឱ្យជនបរទេសអាចចូលទស្សនាតាមប្រាសាទទាំងអស់ ដោយមានកំណត់រយៈពេលជាដើម។ ហើយតាមរយៈយន្តការទាំងនេះលោកជឿជាក់ថា វានឹងធ្វើឱ្យលំហូរភ្ញៀវទេសចរបរទេសមានច្រើនជាងមុន ហើយសេដ្ឋកិច្ចមានដំណើរការល្អ ខណៈរដ្ឋកាន់តែទទួលបានចំណូលពន្ធច្រើនជាងមុនផងដែរ។
ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ហាក់មានការព្រួយបារម្ភចំពោះស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា នាឆ្នាំខាងមុខៗទៀត ក្រោយបញ្ហាប្រឈមនានាដែលបានកើតឡើងនៅក្នុងវិស័យនេះពុំទាន់ទទួលបានដំណោះស្រាយសមស្របណាមួយនៅឡើយ ហើយបញ្ហានេះវានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងវិស័យឯកជនផ្សេងៗ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅ៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង២លាន ៦សែននាក់ មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុខ តែមានធ្លាក់ចុះជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលជាពេលវេលាមិនទាន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនេះ ថៃបានក្លាយជាទីផ្សារទេសចរធំជាងគេរបស់កម្ពុជា បន្ទាប់មកវៀតណាម និងចិន៕
អត្ថបទ៖ បូ ដូឡា