វិស័យទេសចរណ៍

តើវិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២៧ អាចមានសញ្ញាងើបឡើងវិញទេ?


តើវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២៧ អាចមានសញ្ញាងើបឡើងវិញ ឬយ៉ាងណា? អ្នកជំនាញក្នុងវិស័យនេះបានអះអាងថា ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល រួមផ្សំ នឹងបញ្ហារូបភាពអវិជ្ជមានក្នុងសង្គមកំពុងក្លាយជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា។
វិស័យទេសចរណ៍
ដោយ

ទន្ទឹមនឹងនេះ អ្នកជំនាញបានអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវតែចាប់ដៃគ្នារួមចំណែកដោះស្រាយបញ្ហាប្រឈម លុបបំបាត់ភាពអវិជ្ជមាន និងកសាងទំនុកចិត្តឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យមានភាពប្រសើរឡើង។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជាបានលើកឡើងថា ស្របពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោកកំពុងមានភាពមិនប្រាកដប្រជា ព្រមទាំងភាពតានតឹងជាមួយប្រទេសជិតខាង និងបញ្ហារូបភាពអវិជ្ជមានមួយចំនួន ដែលកំពុងកើតមានក្នុងសង្គម កំពុងក្លាយជាឧបសគ្គដល់ការស្ដារវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញនៅឆ្នាំ២០២៧​ ខាងមុខ។ អ្នកជំនាញរូបនេះយល់ឃើញថា ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាកេរ្តិ៍ឈ្មោះពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនក៏ដោយ ប៉ុន្តែប្រសិនបើអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាកែប្រែឥរិយាបថ និងលុបបំបាត់ភាពអវិជ្ជមានដែលកំពុងកើតមាន ព្រមទាំងកសាងរូបភាពវិជ្ជមានឡើងវិញ នោះនឹងអាចរួមចំណែកជំរុញ និងស្ដារទំនុកចិត្តលើវិស័យទេសចរណ៍កម្ពុជាបានមួយកម្រិត។

បើតាមអ្នកជំនាញរូបនេះ សមាគមរបស់លោកបានខិតខំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទាំងក្នុង និងក្រៅប្រទេស តាមលទ្ធភាពដែលខ្លួនមាន។ លោកយល់ថា ការផ្សព្វផ្សាយវិស័យទេសចរណ៍មិនមែនជាតួនាទីរបស់ក្រសួងទេសចរណ៍តែមួយនោះទេ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់ និងជំរុញឱ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែមានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ទូលំទូលាយពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,៤លាននាក់ធ្លាក់ចុះជិត៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះភ្ញៀវទេសចរវៀតណាមឈរកំពូលតារាងមានរហូតដល់ជាង៦៥ម៉ឺននាក់ធ្លាក់ចុះ២៨% ចិនជាង ៦៤ម៉ឺននាក់ធ្លាក់ចុះជាង២៧% និងអាម៉េរិកមានប្រមាណ១៤ម៉ឺននាក់ធ្លាក់ចុះជាង៥%៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


នៃសហព័ន្ធអតីតជនជាតិខ្មែរនៅអ៊ីស្រាអែល (ACI) និងក្លឹបសន្តិភាព (Shalom Club) ត្រូវបានបើកសម្ពោធជាផ្លូវការនៅកម្ពុជា

សហព័ន្ធអតីតជនជាតិខ្មែរនៅអ៊ីស្រាអែល (ACI) និងក្លឹបសន្តិភាពនៅ  កម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ