រដ្ឋាភិបាលវៀតណាម បានស្នើពង្រីកកិច្ចព្រមព្រៀងទ្វេភាគី ស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដែលមកពីទីផ្សារសំខាន់ៗ ដែលមានសក្តានុពលខ្លាំងក្នុងការរីកចម្រើនផ្នែកទេសចរណ៍ មានកម្លាំងចំណាយខ្ពស់ និងមានការតភ្ជាប់ជើងហោះហើរងាយស្រួល។ យោងតាមសេចក្តីព្រាងសេចក្តីសម្រេចមួយ ដែលរដ្ឋាភិបាលបានដាក់ជូនរដ្ឋសភាកាលពីថ្ងៃសៅរ៍ គោលនយោបាយទិដ្ឋាការនឹងត្រូវបានរៀបចំឡើងដោយមានភាពបត់បែនស្របតាមទីផ្សារនីមួយៗ ដោយផ្តល់អាទិភាពដល់ភ្ញៀវទេសចរដែលចំណាយច្រើន ស្នាក់នៅរយៈពេលយូរ អ្នកដែលត្រឡប់មកទស្សនាឡើងវិញ និងអ្នកដែលធ្វើដំណើររួមបញ្ចូលគ្នារវាងការកម្សាន្ត ជាមួយនឹងការធ្វើអាជីវកម្ម ការចូលរួមសន្និសីទ ឬសិក្ខាសាលា។ សេចក្តីព្រាងនេះគ្របដណ្តប់លើគោលនយោបាយសំខាន់ៗមួយចំនួន រួមមាន ការលើកទឹកចិត្តផ្នែកវិនិយោគ ការគាំទ្រអាជីវកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចពេលយប់ ធនធានមនុស្ស គោលនយោបាយទិដ្ឋាការ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី ឡាំ ធី ផុងថាញ់ (Lam Thi Phuong Thanh) បានអះអាងថា គោលនយោបាយដែលបានស្នើឡើងនេះមានគោលបំណងដោះស្រាយឧបសគ្គដែលមានស្រាប់ និងទាក់ទាញការវិនិយោគដោយកំណត់យកវិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចស្នូល និងជាកម្លាំងចលករឆ្ពោះទៅរកគោលដៅរបស់ប្រទេសក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាពីរខ្ទង់។
នៅក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៦ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១៩លាននាក់កើនឡើងជិត១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន២៥លាននាក់នៅត្រឹមដំណាច់ឆ្នាំនេះ។ ប្រទេសចិន កូរ៉េខាងត្បូង និងរុស្ស៊ី គឺជាប្រភពភ្ញៀវទេសចរអន្តរជាតិធំជាងគេបំផុតសម្រាប់ប្រទេសវៀតណាម ក្រៅពីនោះមានសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។ យោងតាមស្ថិតិ វៀតណាមទាក់ទាញអ្នកទេសចរកម្ពុជាបានជិត៧៩ម៉ឺននាក់ ច្រើនជាងភ្ញៀវទេសចរជប៉ុន ឥណ្ឌា ហ្វីលីពីន និងអូស្រ្តាលីទៅទៀត។ បច្ចុប្បន្នវៀតណាមផ្តល់ការលើកលែងទិដ្ឋាការដល់អ្នកទេសចរបរទេសមកពីប្រទេសចំនួន៣៩ ហើយបានអនុញ្ញាតឱ្យពួកគេស្នាក់នៅបានរយៈពេលចាប់ពី១៤ថ្ងៃ ដល់៩០ថ្ងៃ៕
ដោយៈ សរ សុជាតិ