លោក ចូវ ស៊ាវឈាន់ (Zhou Xiaochuan) អតីតទេសាភិបាលធនាគារកណ្ដាលចិន បានលើកឡើងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាអនាគតអាស៊ីថា លោកមានការជឿជាក់យ៉ាងមុតមាំថា ការកែសម្រួលគោលនយោបាយរបស់រដ្ឋាភិបាលចិន នឹងអាចបញ្ចប់វិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ខ្លួនបាន ហើយមហាយក្សចិន ត្រូវតែជម្នះការលំបាកទាំងនេះឱ្យបាន។
អតីតទេសាភិបាលធនាគារកណ្ដាលចិនរូបនេះ បានគូសបញ្ជាក់ថា ការសាងសង់ជារួមនៅតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសចិន ជាពិសេសតម្រូវការសាងសង់លំនៅឋាន និងផ្លូវដែកនៅតាមតំបន់ទីប្រជុំជន និង ក្រុង។ ទោះជាយ៉ាងណា ក្រុមហ៊ុនវិភាគទីផ្សារហិរញ្ញវត្ថុអន្តរជាតិ S&P Global ដែលមានទីស្នាក់ការ កណ្ដាលនៅសហរដ្ឋអាម៉េរិកបានលើកឡើងថា កញ្ចប់វិធានការស្ដារវិស័យអចលនទ្រព្យរបស់មហាយក្សចិន បានបង្កើនហានិភ័យដល់បណ្ដាធនាគារនៅក្នុងទីក្រុងតូចៗទូទាំងប្រទេសចិន។
ក្រុមហ៊ុន S&P Global បានលើកឡើងថា វិធានការចុងក្រោយរបស់ប្រទេសចិន ដែលត្រូវបានប្រកាសកាលពីដើមខែឧសភានេះ ដូចជាការកាត់បន្ថយចំនួនប្រាក់កក់ ឬ Down Payment សម្រាប់ការទិញផ្ទះ និងការលុបចោលកម្រិតអប្បបរមា សម្រាប់អត្រាការប្រាក់កម្ចីទិញផ្ទះជាដើម នឹងបង្កើនតម្រូវការលំនៅឋានជាបណ្ដោះអាសន្ន ប៉ុន្តែទន្ទឹមនេះវាក៏អាចធ្វើឱ្យកើនឡើងនូវការខកខានទូទាត់បំណុលផងដែរ។
ក្រុមហ៊ុន S&P Global បន្តទៀតថា តម្លៃលំនៅឋានក្នុងទីក្រុងតូចៗលំដាប់ទាបត្រូវបានរំពឹងថានឹងធ្លាក់ចុះប្រមាណ១៤% អំឡុងឆ្នាំ២០២៤-២០២៥ ហើយកត្តានេះអាចជំរុញឱ្យអ្នកទិញផ្ទះមួយចំនួនធ្លាក់ចូលក្នុងស្ថានភាព ដែលកម្ចីទិញផ្ទះមិនទាន់ទូទាត់របស់ពួកគេមានទំហំលើសពីតម្លៃផ្ទះរបស់ពួកគេទៅទៀត។ ជាលទ្ធផល អ្នកទិញផ្ទះមួយចំនួនអាចបោះបង់ផ្ទះរបស់ពួកគេចោល ហើយក៏ខកខានទូទាត់បំណុលដែលបង្កជាហានិភ័យដល់ធនាគារនានាផងដែរ៕
ដោយ: តែម សុខុម