លោក ណាជីប ទំនងជាងនឹងប្ដឹងឧទ្ធរណ៍ទៅតុលាការមួយថ្នាក់ទៀត ប្រឆាំងនឹងសាលក្រមនេះ ។
នៅថ្ងៃអង្គារនេះ ចៅក្រមបានប្រកាសសាលក្រម បន្ទាប់ពីបានរកឃើញលោក ណាជីប មានទោសកំហុសក្នុងបទចោទប្រកាន់ទាំង ៧ចំណុច នៅក្នុងសំណុំរឿងនេះ ដែលពាក់ព័ន្ធនឹងលុយជិត ១០លានដុល្លារអាមេរិក ដែលផ្ទេរចេញពីក្រុមហ៊ុន SRC International ជាសាខារបស់មូលនិធិរដ្ឋ 1 Malaysia Development Berhad (1MDB) ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោកអតីតនាយករដ្ឋមន្ត្រី ។
បទចោទប្រកាន់ទាំង ៧ ចំណុចដែលតុលាការបើកសវនាការជំនុំជម្រះលើលោក ណាជីប រួមមាន ការលាងលុយ មាន ៣បទចោទ, ការរំលោភសេចក្ដីទុកចិត្ត មាន ៣បទចោទ និង ១បទចោទទៀត គឺការរំលោភបំពានអំណាច ។
នៅក្នុងការថ្លែងដោយផ្ទាល់មាត់ទៅកាន់តុលាការ នៅមុនការប្រកាសសាលក្រម លោក ណាជីប បាននិយាយថា លោកគ្មានទោសកំហុសទេ និងថា គ្មានភ័ស្តុតាង ឬសាក្សី បញ្ជាក់ថាលោកកិបកេងលុយ ៤២លានរីងហ្គីតដែលជាចំណុចស្នូលនៃសំណុំរឿងនេះ ដាក់ហោប៉ៅរបស់លោក នោះឡើយ ។
សាលក្រមនេះ បានធ្វើឲ្យអតីតនាយករដ្ឋមន្ត្រីវ័យ ៦៧ឆ្នាំរូបនេះ បាត់បង់ភាពស្របច្បាប់ក្នុងការឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតមុនអាណត្តិ ដែលអ្នកសង្កេតការណ៍និយាយថា អាចនឹងធ្វើឡើងនៅឆ្នាំនេះ ។ លោក ណាជីប នៅតែជាតួអង្គសំខាន់មួយរូប នៅក្នុងគណបក្ស United Malays National Organization (Umno) ជាបក្សដែលបានជ្រោមជ្រែងរដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ។
នៅមុនការប្រកាសសាលក្រមនេះ លោក ណាជីប បានប្រកាសសន្យាថា នឹងប្ដឹងករណីនេះទៅតុលាការឧទ្ធរណ៍ទៀត ប្រសិនបើរូបលោកត្រូវបានចៅក្រមតុលាការដំបូងរកឃើញថាមានទោស ៕ (ប្រភព ៖ Al Jazeera English)