InsuResilience Investment Fund (IIF) ដែលបង្កើតឡើងដោយរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈធនាគារអភិវឌ្ឍន៍KfW ក្នុងគោលបំណងដើម្បីរួមចំណែកដល់ការសម្របខ្លួនទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ក្រោម
យន្តការកែលម្អលទ្ធភាពទទួលបាន និងការប្រើប្រាស់មូលនិធិធានារ៉ាប់រងឱ្យបានគ្រប់គ្រាន់ក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍។
មូលនិធិរបស់IIF គឺបានកំណត់គោលបំណង និងទិសដៅច្បាស់លាស់ ដោយធ្វើយ៉ាងណាកាត់បន្ថយភាពងាយរងគ្រោះនៃគ្រួសារដែលមានប្រាក់ចំណូលទាប ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។
ក្រុមហ៊ុន Forte ជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យធានារ៉ាប់រងកសិកម្មនៅកម្ពុជា
ចំណុចសំខាន់នៃការវិនិយោគនេះ មានគោលបំណងដោះស្រាយ និងគាំទ្រដល់ការពង្រីកការផ្តល់ជូនធានារ៉ាប់រងកសិកម្មរបស់ក្រុមហ៊ុនហ្វតតេ។ រដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបានកំណត់ថា ការធានារ៉ាប់រងលើកសិកម្ម គឺជាឧបករណ៍អភិវឌ្ឍន៍ដ៏សំខាន់មួយ ដើម្បីការពារវិស័យសសរស្តម្ភ ប្រឆាំងនឹងការកើនឡើងនៃការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ។
យោងតាមការប៉ាន់ស្មាន់របស់រដ្ឋាភិបាល វិស័យកសិកម្ម បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងផលិតផលក្នុងស្រុកGDPចំនួន ២២ភាគរយ និងបានបង្កើតទីផ្សារការងារដល់ប្រជាពលរដ្ឋចំនួនប្រមាណ៣លាននាក់។ ក្រោមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រដ្ឋាភិបាលកម្ពុជាឆ្នាំ២០២១-២០៣០ ក្រសួងកសិកម្មបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយដល់ការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនភាពធន់ផ្នែកអាកាសធាតុ និងការកាត់បន្ថយផលប៉ះពាល់ពីបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។
ក្នុងនោះ ធានារ៉ាប់រងវិស័យកសិកម្ម ក៏ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មផ្នែកសិកម្មឱ្យកាន់តែរីកចម្រើន ដោយធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ និងអនុញ្ញាតឱ្យមានការវិនិយោគបន្ថែមទៀតនៅក្នុងអាជីវកម្ម និងផ្នែកកសិកម្មរបស់ពួកគេ។ ជាការឆ្លើយតប ក្រុមហ៊ុនហ្វតតេ នាពេលថ្មីៗនេះ បានដាក់ឱ្យដំណើរការសាកល្បងធានារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ(WICI) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងគោលបំណងពង្រើកចំនួនកសិករឱ្យបានជាង ១.៨ លាននាក់នៅឆ្នាំ ២០២៦។
ធានារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ គឺជាយន្តការ រឺវិធីសាស្រ្តផ្សេងគ្នាក្នុងការគ្រប់គ្រងអាកាសធាតុ និងហានិភ័យអាកាសធាតុ ដោយប្រើសន្ទស្សន៍អាកាសធាតុ ដូចជាទឹកភ្លៀងជាដើម ដើម្បីកំណត់ការទូទាត់ប្រាក់។ ទម្រង់នៃការធានារ៉ាប់រងបែបនេះ អនុញ្ញាតឱ្យមានការទូទាត់សំណងបានលឿនរហ័ស
និងមិនសូវមានភាពស្មុគស្មាញ់ជាងទម្រង់ធានារ៉ាប់រងផ្សេងទៀត បើប្រៀបធៀបទៅនឹងការធានារ៉ាប់រងលើផ្នែកដំណាំធម្មតាៗ ដែលការពារពីការបាត់បង់ដំណាំរបស់ប្រជាកិសករ ដោយសារគ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀង។
ក្នុងនោះ គំនិតផ្តួចផ្តើមផ្សេងទៀត ក្នុងការបង្កើតធានារ៉ាប់រងលើដំណាំសំខាន់ៗដូចជា ស្វាយ ចេក ស្វាយចន្ទី បន្លែស្រស់ កៅស៊ូ ។ល។ និង ។ល។ បន្ថែមពីលើនេះទៅទៀតក៏មានការសិក្សារក្នុងការបង្កើតធានារ៉ាប់រងលើវិស័យវារីវប្បកម្ម និងការចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងមីក្រូហិរញ្ញវត្ថុ ដើម្បីផ្តល់ការការពារ និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុដល់កសិករ។
ដោយឡែក ឧបសគ្គមួយចំនួនដែលបង្អាក់ទីផ្សារក្នុងស្រុកមិនឱ្យទទួលបានភាពជោគជ័យនោះ រួមមាន កត្តាកង្វះការអប់រំ កង្វះការជឿទុកចិត្តពីប្រជាកសិករ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ដែលធ្វើឱ្យមានបញ្ហាប្រឈមដល់ការដាក់ឱ្យដំណើរការសាកល្បងនេះ។
លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានថ្លែងថា៖«កសិកម្ម គឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់យើង។ ក្រុមហ៊ុនហ្វតតេ មានគោលបំណងរួមចំណែកផ្តល់ការគាំទ្រដល់កសិករជាមួយនឹងការធានារ៉ាប់រងដែលអាចការពារពីហានិភ័យហិរញ្ញវត្ថុដែលបណ្តាលមកពីអាកាសធាតុមិនទៀងទាត់ និងផលខូចខាតដំណាំ។ ដូច្នេះវិស័យកម្មកសិកម្មរបស់យើង នឹងអាចនៅតែបន្តរីកចម្រើន ទោះបីកសិករយើងជួបនូវបញ្ហបម្រែបម្រួលអាកាសធាតុ ឬគ្រោះធម្មជាតិផ្សេងៗ»។
គន្លឹះធានារ៉ាប់រងកសិកម្មសម្រាប់ទំនើបកម្មវិស័យកសិកម្ម
ថ្លែងជុំវិញគម្រោងវិនិយោគថ្មីនេះ លោក Thibaud Ponchon នាយកផ្នែកវិនិយោគនៃក្រុមហ៊ុន BlueOrchard បានលើកឡើងថា៖«ការធានារ៉ាប់រងផ្នែកកសិកម្ម គឺជាឧបករណ៍មួយសម្រាប់កាត់បន្ថយហានិភ័យដ៏មានប្រសិទ្ធភាព ដើម្បីការពារដល់ប្រជាកសិករដែលធ្វើកសិកម្មខ្នាតតូច ពីការខាតបង់ធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិនានា»។
លោកបានបន្ថែមថា ៖«យើងមានក្តីរំភើបក្នុងការចាប់ដៃគូជាមួយ ហ្វតតេ ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងឈានមុខគេលើវិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងការជំរុញ និងលើកកម្ពស់សេវាធានារ៉ាប់រងកសិកម្មនៅកម្ពុជា ដើម្បីជួយដល់កសិករដែលមានប្រាក់ចំណូលទាប និងមធ្យមឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។
យោងតាមក្រុមហ៊ុន BlueOrchard មូលនិធិ(IIF) នឹងតែងតាំងអ្នកជំនាញម្នាក់ នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហ្វតតេ ដើម្បីជួយជម្រុញដំណើរការវិនិយោគលើសេវាធានារ៉ាប់រងកសិកម្មរបស់ ហ្វតតេ តាមរយៈការពង្រីកការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាគំនិតផ្តួចផ្តើម insurtech របស់ខ្លួន ដើម្បីបង្កើនដើមទុនទុកសម្រាប់បង្ការហានិភ័យផ្សេងៗរបស់ក្រុមហ៊ុន។
ដោយឡែក លោក Charles Cheo, Chairman និងជាសហស្ថាបនិកនៃក្រុមហ៊ុន ហ្វតតេ ក៏បានលើកឡើងផងដែរថា ៖«យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នកជំនាញរបស់ BlueOrchard និងប្រើប្រាស់បទពិសោធន៍របស់ក្រុមហ៊ុនBlueOrchard ទៅក្នុងវិស័យធានារ៉ាប់រងសកល ដើម្បីអភិវឌ្ឍន៍ទីផ្សារមួយនេះនៅក្នុងតំបន់ជាមួយគ្នា។ ប៉ុន្មានឆ្នាំមកនេះ យើងបានសង្កេតឃើញថា ការវិនិយោគក្រោមមូលនិធិដែលគ្រប់គ្រងដោយ BlueOrchard ទទួលបានជោគជ័យនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងតំបន់»។
លោកបានបន្ថែមថា ៖«យើងមានទំនុកចិត្តថា ភាពជាដៃគូជាមួយ BlueOrchard និង មូលនិធិ IIF គឺពិតជាល្អណាស់ សម្រាប់ភាពជោគជ័យរបស់យើង។ យើងរួមគ្នា ដើម្បីពង្រីកភាពជោគជ័យនេះទៅក្នុងវិស័យធានារ៉ាប់រងសម្រាប់ប្រជាជននៅតាមជនបទក្នុងតំបន់ទន្លេមេគង្គទាំងអស់គ្នា»។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ មក ហ្វតតេ បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់មេគង្គ។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅប្រទេសឡាវ ហ្វតតេ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តន៍នូវស្តង់ដាអន្តរជាតិទាំង ផ្នែកសេវាកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ ហ្វតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែបទាំងបុគ្គល និងសាជីវកម្មដែលធ្វើឱ្យអតិថិជនរបស់យើងទទួលបានភាពកក់ក្តៅ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ។ ផលិតផលរបស់ ហ្វតតេ រួមមាន៖ សេវាធានារ៉ាប់រងអគ្គីភ័យ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ឬជាក្រុម សេវាធានារ៉ាប់រងផ្ទះ និងអចលនទ្រព្យ សេវាធានារ៉ាប់រងលើការដឹកជញ្ជួនទំនិញផ្សេងៗ សេវាធានារ៉ាប់រងហានិភ័យទាំងអស់របស់អ្នកម៉ៅការ សេវាធានារ៉ាប់រងអាកាសចរណ៍ សេវាធានារ៉ាប់រងយានយន្ត សេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងបំណុលសាធារណៈ និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនទៀត៕