មិនត្រឹមតែប៉ុណ្ណោះ អតីតមេបក្សប្រចាំតំបន់ស្វយ័តស៊ីនជាំង និងអតីតប្រធាននិយតករហិរញ្ញវត្ថុជាតិ ក៏ត្រូវបានដកចេញផងដែរ ដែលនេះជាសញ្ញាបង្ហាញថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងបន្តរឹតបន្តឹងការបោសសម្អាតមន្ត្រីជាន់ខ្ពស់ទាំងក្នុងជួរកងទ័ព និងរដ្ឋាភិបាលដោយគ្មានសញ្ញាថយចុះឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន (NPC) មន្ត្រីជាន់ខ្ពស់សរុបចំនួន១៣រូបត្រូវបានដកចេញពីសមាជិកភាពសភា ខណៈមួយរូបទៀតបានលាលែងពីតំណែងដោយខ្លួនឯង។ ក្នុងចំណោមមេទ័ពដែលត្រូវដកចេញមានឧត្តមសេនីយ៍ ស៊ូ ស៊ូឈាំង (Xu Xueqiang) មកពីនាយកដ្ឋានអភិវឌ្ឍន៍បរិក្ខារយោធា, ឧត្តមសេនីយ៍ លី ហ្វឹងប៉ាវ (Li Fengbiao) ស្នងការនយោបាយនៃបញ្ជាការដ្ឋានភាគខាងលិច, ឧត្តមសេនីយ៍ គ័រ ភូស៊ាវ (Guo Puxiao) ស្នងការនយោបាយនៃកងទ័ពអាកាស, ឧត្តមសេនីយ៍ទោ វ៉ាង ខាងភីង (Wang Kangping) មកពីបញ្ជាការដ្ឋានភាគខាងកើត និងឧត្តមសេនីយ៍ទោ ចាង មីងហ័រ (Zhang Minghua) មកពីកងកម្លាំងសង្គ្រាមអ៊ីនធឺណិតជាដើម។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា មេទ័ពមួយចំនួនធ្លាប់បង្ហាញសញ្ញាថា កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយខ្លះទៀតបានបាត់មុខពីព្រឹត្តិការណ៍សំខាន់ៗរបស់បក្ស និងខ្លះទៀតមិនត្រូវបានដំឡើងតំណែងដូចការរំពឹងទុក។ ក្រៅពីមេទ័ពទាំងនេះ ចិនក៏បានដកលោក ម៉ា ស៊ីងយួយ (Ma Xingrui) អតីតសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងអតីតមេបក្សប្រចាំតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ព្រមទាំងលោក លី យុនចឺ (Li Yunze) អតីតប្រធានរដ្ឋបាលត្រួតពិនិត្យហិរញ្ញវត្ថុជាតិចេញពីសមាជិកភាពសភាប្រជាជនជាតិចិនផងដែរ។ អ្នកទាំងពីរសុទ្ធតែកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ។
គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតី ស៊ី ជីនពីង បើកយុទ្ធនាការបង្ក្រាបអំពើពុករលួយក្នុងជួរកងទ័ពរំដោះប្រជាជនចិនមក មេទ័ព និងមន្ត្រីជាន់ខ្ពស់រាប់សិបនាក់ត្រូវបានស៊ើបអង្កេត ដកតំណែង ឬបាត់ខ្លួនសូន្យឈឹងយ៉ាងអាថ៌កំបាំងដោយមិនមានការបកស្រាយជាផ្លូវការឡើយ។ លោក ស៊ី ជីនភីង ក៏បានសង្កត់ធ្ងន់ដែរថា យុទ្ធនាការនេះនឹងបន្តដោយគ្មានការលើកលែងដើម្បីធានាថា កងទ័ពរំដោះប្រជាជនចិននៅតែមានភាពស្មោះត្រង់ចំពោះបក្សកុម្មុយនីស្តចិនឥតងាករេ៕
ដោយ: តែម សុខុម