គុណភាពទំនិញ

រដ្ឋាភិបាលគ្រោងបង្កើតស្ថាប័នថ្មីជួយសម្រួលធុរកិច្ច និងពង្រឹងគុណភាពទំនិញ តែអ្នកជំនាញហាក់បារម្ភពីប្រសិទ្ធភាព


ការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល កំពុងក្លាយជាប្រធានបទក្តៅគគុក និងជាជញ្ជីងថ្លឹងថ្លែងរវាងផលប្រយោជន៍ជាតិ និងដង្ហើមសេដ្ឋកិច្ច បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសពីគម្រោងបង្កើតស្ថាប័នថ្មីមួយ ដើម្បីលុបបំបាត់ភាពស្មុគស្មាញ និងការបំពេញតួនាទីជាន់គ្នារបស់ស្ថាប័នចាស់ៗ។
គុណភាពទំនិញ
ដោយ

ទោះជាយ៉ាងណា ទន្ទឹមនឹងបង្ហាញការក្តីរំពឹងក្នុងការជួយកាត់បន្ថយភាពស្មុគស្មាញ អ្នកជំនាញ និងអ្នកនៅក្នុងវិស័យឯកជន ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះការបង្កើតស្ថាប័នថ្មីនេះផងដែរថា ការបង្កើតច្រកថ្មីអាចនឹងមិនអាចក្លាយជាថ្នាំព្យាបាលជំងឺបានឡើយ ប្រសិនបើមន្ត្រីអនុវត្តច្បាប់នៅតែដេកលក់ក្នុងស្រមោលនៃផលប្រយោជន៍។

ទោះស្ថាប័នថ្មីមិនទាន់លេចរូបរាងក៏ដោយ តែលោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាថា គម្រោងបង្កើតស្ថាប័នថ្មីមួយ ដើម្បីទទួលខុសត្រូវលើការត្រួតពិនិត្យភាពអនុលោកច្បាប់ និងគុណភាពទំនិញនៅលើទីផ្សារហាក់ដូចជាកំពុងបើកផ្លូវ និងផ្តល់ដង្ហើមដល់អ្នកនាំចូលទំនិញពីបរទេសច្រើនជាងអ្នកផលិតក្នុងស្រុក ខណៈដែលសហគ្រាសផលិតក្នុងស្រុកកំពុងជួបបញ្ហាប្រឈមមួយចំនួន។ អ្នកជំនួញរូបនេះបានសង្កត់ធ្ងន់ថា ការបង្កើតស្ថាប័ន ដើម្បីលើកទឹកចិត្តអ្នកនាំចូលពុំអាចធ្វើឱ្យឧស្សាហកម្មក្នុងស្រុករីកចម្រើនបានឡើយ បើរដ្ឋាភិបាលមិនព្រមពង្រឹងយន្តការបង់ពន្ធឱ្យមានតម្លាភាព និងសម្រួលការនាំចូលវត្ថុធាតុដើមសម្រាប់សហគ្រាសក្នុងស្រុកទេនោះ។

ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏បានទម្លាយពីទុក្ខបុកម្នេញរបស់ម្ចាស់អាជីវកម្មនាពេលកន្លងមកផងដែរ។ លោកបានកត់សម្គាល់ថា ការចុះត្រួតពិនិត្យម្តងហើយម្តងទៀតជាន់លើគ្នាពីសំណាក់មន្ត្រីមានសមត្ថកិច្ចមកពីស្ថាប័នខុសៗគ្នានាពេលកន្លងមកមិនបានផ្តល់ផលវិជ្ជមានអ្វីក្រៅពីការបង្កើតភាពស្មុគស្មាញនោះទេ។ ដំណោះស្រាយពិតប្រាកដ គឺទាមទារឱ្យមានការធ្វើប្រតិភូកម្មអំណាចដាច់ណាត់ ឬការចុះពិនិត្យរួមគ្នាតែមួយដងគត់ទើបជាការជួយសង្គ្រោះអ្នកជំនួញពិតប្រាកដ។

ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា ស្ថាប័ន​ដែលបានបង្កើតឡើងនាពេលកន្លងមកហាក់មានភាពខ្វះចន្លោះក្នុងការទទួលខុសត្រូវលើតួនាទី។ បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាលគួរប្រើប្រាស់ស្ថាប័នចាស់តែត្រូវពង្រឹងចំពោះការទទួលខុសត្រូវ ឬមានការជ្រើសរើសថ្នាក់ដឹកនាំក្នុងស្ថាប័នជំនាញជំនួសវិញ ប្រសិនបើរកឃើញថា ពួកគេមិនបានបំពេញតាម​គោលការណ៍របស់រដ្ឋាភិបាល។ សម្រាប់លោក សេក សុជាតិ ការបង្កើតស្ថាប័នថ្មី គឺជាការចំណាយ និងពុំបានឆ្លើយតបចំពោះអ្វីដែលមានស្រាប់នោះទេ។ បន្ថែមលើនេះ វានឹងធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធនានាត្រូវរត់តាមនីតិវិធីថ្មី ហើយក៏ជាពេលវេលាសម្រាប់ជនឆ្លៀតឱកាសផងដែរ។

គួរបញ្ជាក់ថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានាពេលថ្មីៗនេះបានប្រកាសពីគម្រោង​កែសម្រួលស្ថាប័នមួយចំនួនដែលបំពេញតួនាទីជាន់គ្នា ដើម្បីសម្រួលការធ្វើធុរកិច្ច និងធានាសុវត្ថិភាពអ្នកប្រើប្រាស់​។ ​បើតាមសម្ដេចធិបតី ស្ថាប័នថ្មីដែលគ្រោងបង្កើតឡើងនេះ គឺក្នុងគោលបំណង​កាត់បន្ថយនីតិវិធីស្មុគស្មាញ ក្នុងការស្នើសុំចុះបញ្ជី ការសុំអាជ្ញាបណ្ណ ការត្រួតពិនិត្យទំនិញជាដើម​ ខណៈកន្លងមកទំនិញដែលនាំចូលក្នុងទីផ្សារកម្ពុជាត្រូវឆ្លងកាត់ស្ថាប័ន​គយ ក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងក្រសួងសុខាភិបាល​។

បើតាមការអះអាងរបស់អ្នកជំនាញ ការផ្លាស់ប្តូរក្បាលម៉ាស៊ីនមិនមែនជាដំណោះស្រាយទេ បើសិនជាមនុស្សដែលបញ្ជាម៉ាស៊ីននៅតែមានផ្នត់គំនិតពុករលួយ។ គម្រោងបង្កើតស្ថាប័នថ្មីរបស់រដ្ឋាភិបាលអាចក្លាយជាឱសថទិព្វលុបបំបាត់ភាពស្មុគស្មាញបានលុះត្រាតែវាត្រូវបានបង្កើតឡើងដោយផ្អែកលើតម្លាភាព គណនេយ្យភាព និងការដាក់ទោសទណ្ឌដាច់ណាត់លើមន្ត្រីខិលខូច។ ប៉ុន្តែប្រសិនបើស្ថាប័នថ្មីនេះ គ្រាន់តែជាការដូរឈ្មោះ ឬជាការបង្កើតច្រកសេដ្ឋកិច្ចថ្មីសម្រាប់បម្រើផលប្រយោជន៍បុគ្គលនោះ ឧស្សាហកម្មក្នុងស្រុកនឹងត្រូវស្លាប់៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ភ្លើងសង្គ្រាមឆាបឆេះឡើងវិញ តើកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ដើរដល់ផ្លូវទាល់ច្រកមែនទេ?

ស្នាបទឹកប៊ិចនៅលើកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលទើបតែចុះហត្ថលេខាមិនទាន់ដល់ពីរសប្តាហ៍ស្រួលបួលផង ពេលនេះកំពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ