វេទិកា វិនិយោគនិងធុរកិច្ចដំឡូងមី ជាលើកដំបូង ដែលធ្វើឡើងនៅក្រុងសៀមរាប គឺធ្វើឡើងស្របពេលដែលតម្លៃដំឡូងមីខ្មែរនៅតែមិនទាន់មានសញ្ញាអ្វីធ្វើឲ្យមានភាពល្អប្រសើរនៅឡើយ គួបផ្សំជាមួយបច្ចេកទេសដាំដុះ និងគុណភាពផលិតផលមួយនេះ ក៏នៅតែមិនទាន់ល្អនោះដែរ។
ដូច្នេះហើយ វេទិកាវិនិយោគនិងធុរកិច្ចដំឡូងមី ដែលធ្វើនៅថ្ងៃនេះគឺដើម្បីពង្រីកការដាំដុះ ពង្រឹងគុណភាព ពង្រីកទីផ្សារនាំចេញ និងធ្វើឲ្យតម្លៃដំឡូងមីខ្មែរយើងមានស្ថិរភាព។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅក្នុងវេទិកាវិនិយោគនិងធុរកិច្ចដំឡូងមី ថា តាមរយៈវេទិកានេះ ក្រសួងនឹងសហការរួមគ្នាជាមួយ UNDP ធ្វើការជាមួយគ្នា រកទិសដៅរួម ដើម្បីអភិវឌ្ឍវិស័យដំឡូងមីខ្មែរ ជួយដល់កសិករខ្មែរដែលតែងតែជួបផលលំបាកកន្លងមកនេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់អះអាងថា យើងត្រូវតែស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលវិស័យដំឡូងមីខ្មែរតែងតែជួបឧបសគ្គ រាំងស្ទះកន្លងមក។ យើងត្រូវបង្កើតនិងពង្រីកការកែច្នៃដំឡូងមីខ្មែរ បង្កើនផលិតភាព ដើម្បីនាំចេញ ឲ្យស្របតាមគោលនយោបាយបីចំណុចរបស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវផ្លាស់ប្តូរវិស័យដំឡូងមីកម្ពុជាឲ្យមានស្ថិរភាព។ គោលនយោបាយបីចំណុចសំខាន់ៗនោះ មាន ទី១ ធានាផលិតកម្មដំឡូងមី ទី២ ពង្រីកនិងពង្រឹងតម្លៃ និងទី៣ ពង្រីកនិងពង្រឹងទីផ្សារនាំចេញ។
ជាមួយគ្នានេះដែរ លោក និច បើរេសហ្វត នាយកអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងថា វេទិកានេះ នឹងផ្តល់សារសំខាន់ជាច្រើនសម្រាប់កសិករដំឡូងមី។ លោកថា ដំឡូងមីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា។ UNDP នឹងធ្វើឲ្យផលិតផលដំឡូងមីកម្ពុជា ក្លាយជាផលិតផលនាំចេញសំខាន់ទី២ បន្ទាប់ពីស្រូវ-អង្ករ។ ហើយយើងនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា និងជួយដល់ជីវភាពកសិករដាំដំឡូងមីនៅកម្ពុជាឲ្យមានភាពល្អប្រសើរផងដែរ។
លោក និច បើរេសហ្វត និយាយយ៉ាងដូច្នេះថា ៖ «នេះគឺជាវេទិកាវិនិយោគនិងធុរកិច្ចដំឡូងមីលើកដំបូងគេបង្អស់នៅកម្ពុជា ដែល UNDP បង្កើតឡើង ហើយយើងនឹងគាំទ្របង្កើតឲ្យមានកម្មវិធីជជែកពិភាក្សារកដំណោះស្រាយដែលតែងតែជួបឧបសគ្គ នៅក្នុងវិស័យដំឡូងមីខ្មែរ។ មិនតែប៉ុណ្ណោះ UNDP នឹងខិតខំស្វែងរកទំនាក់ទំនងប្រភពវិនិយោគក៏ដូចជា ឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យដំឡូងមី នៅតាមតំបន់ជនបទ និងជួយបង្កើនប្រាក់ចំណូលដល់កសិករនៅជនបទផងដែរ។ ខ្ញុំបានមើលឃើញអាជីវកម្មដំឡូងមីនៅកម្ពុជាយ៉ាងច្បាស់ថា នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈគោលនយោយជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើន»។
ក្នុងមួយឆ្នាំ ប្រជាកសិករតែងតែជួបបញ្ហាប្រឈម រអ៊ូរទាំ និងត្អូញត្អែរពីតម្លៃកសិផលរបស់ខ្លួន ដែលលក់មិនចេញ ឬធ្លាក់ថ្លៃ ពិសេស ពោត ដំឡូងមី តែម្តង។ បញ្ហាទាំងអស់នេះ បានកើតឡើងស្ទើរតែគ្រប់ខេត្ត ពិសេស កសិករនៅតាមបណ្តាខេត្តមួយចំនួនជាប់ព្រំដែនថៃ ដែលតែងតែជួបរឿងរ៉ាវត្រដាបត្រដួសយ៉ាងខ្លាំងពីការលក់កសិផលរបស់ពួកគេមិនដាច់ ឬតម្លៃថោក ធ្លាក់ថ្លៃលើសពីការរំពឹងទុក មិនរួចថ្លៃដើម មិនរួចថ្លៃកម្លាំងពលកម្ម និងមិនស័ក្ដិសមទៅនឹងពេលវេលាដែលពួកគាត់ខំដាំដុះថែរក្សានោះទេ។
លោក ថៃ ទីណូ អគ្គនាយកក្រុមហ៊ុន បាត់ដំបងកសិឧស្សាហកម្ម ដែលជាអ្នកទិញនិងកែច្នៃដំឡូងមីដ៏ធំមួយ នៅកម្ពុជា បានឲ្យដឹងថា តម្លៃដំឡូងមីខ្មែរតែងតែឡើងចុះតម្លៃ ជាមួយនឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជា ថៃនិងវៀតណាម។
លោករំពឹងថា តាមរយៈវេទិកាវិនិយោគនិងធុរកិច្ចដំឡូងមីនៅពេលនេះ ត្រួសត្រាយផ្លូវរកទីផ្សារនាំចេញឲ្យកាន់តែធំ។ វេទិកា វិនិយោគនិងធុរកិច្ចដំឡូងមី ដែលធ្វើឡើងពីថ្ងៃទី៦-៧ ខែវិច្ឆិកា ក៏មានការជជែកពិភាក្សាគ្នាយ៉ាងផុសផុលជុំវិញវិស័យដំឡូងមីខ្មែរ ផងដែរ។
វាគ្មិនជាតិនិងអន្តរជាតិជាច្រើន បានលើកឡើងដល់រដ្ឋាភិបាលឲ្យជួយផ្តល់ព័ត៌មានទីផ្សារឲ្យបានគ្រប់ជ្រុងជ្រោយដល់ប្រជាកសិករ ដោយប្រាប់ថា ផលិតផលណា ដំណាំណា មានទីផ្សារ មានតម្រូវការ និង ជួយផ្តល់បច្ចេកទេសដាំដំណាំវិលជុំ និងបែងចែកពេលវេលាដាំដុះ ដើម្បីកុំឲ្យមានតម្រូវការលើស និងកុំឲ្យឈ្មួញដើរក្រឡុកទីផ្សារ។ បញ្ជូនអ្នកបច្ចេកឲ្យមានតាមឃុំ ផ្តល់បច្ចេកទេសពិតប្រាកដដល់កសិករ កុំឲ្យគិតតែបង្រៀនប្រជាពលរដ្ឋពីការប្រើប្រាស់ជីរបស់ក្រុមហ៊ុន៕