វិស័យ​រោងចក្រ​កាត់ដេរ

អត្ថប្រយោជន៍​៤​យ៉ាង​ដែល​​កម្មករ​​កម្មការិនីនឹង​ទទួល​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ!​​


នាព្រឹក​​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៧ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ជាមួយ​កម្មករ កម្មការិនី ចំនួន ៤.២៧០​នាក់ មក​ពី ៩៣​រោងចក្រ​ផ្សេង​គ្នា នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ រាជ​ធានី​ភ្នំពេញ។
វិស័យ​កាត់ដេរ​កម្ពុជា
ដោយ

ក្នុង​ឱកាស​នេះ នាយករដ្ឋមន្ត្រី​សម្ដេច​តេជោ​បាន​និយាយច្រើន​ទាក់ទង​នឹង​សុខទុក្ខ​កម្មករ កម្មការិនី និង​ស្ដាប់​សំណូម​ពរ​នានា​ពី​ពួកគេ​វិញ។ សម្ដេច​បាន​ប្រកាស​ផង​ដែរ​ថា ពី​ពេល​នេះ​តទៅ សម្ដេច​នឹង​ទទួល​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​រៀងរាល់ថ្ងៃអាទិត្យ និង​ចុះ​ទៅ​សួរ​សុខទុក្ខ​ពួកគេ​ផ្ទាល់​តាម​រោងចក្រ នៅ​រៀងរាល់​ថ្ងៃ​ពុធ។

ខាងក្រោម​នេះ ជា​ប្រសាសន៍​របស់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ៤​ចំណុច ដែល​ផ្ដល់​ប្រយោជន៍​ដល់​កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ៖ 

១) ឆ្នាំ​២០១៨ ប្រាក់ឈ្នួល​អប្បបរមាអាច​​ឡើងដល់​ ១៦៨​ដុល្លារ ឬ​ច្រើន​ជាង​នេះ

សម្ដេច​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ដោយសារ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់​ធ្នាប់​ល្អ ព្រមទាំង​ការ​អនុគ្រោះ​ដល់​ការ​វិនិយោគ​ទុន​ពី​បរទេស គឺ​ចំនួន​រោងចក្រ​ត្រូវ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​បាន​ផ្តល់​ការងារ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​នោះ ប្រាក់ខែ​ក៏​ត្រូវ​បាន​ដំឡើង​ជា​បន្ត​បន្ទាប់ ដែល​នៅ​ឆ្នាំ​២០១៨ តិច​បំផុត គឺ​អាច​ឡើង​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​ បូកនឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ គឺ​ច្រើន។

២) កម្មករ​កម្មការិនី​ជិះ​ឡានក្រុង​រដ្ឋ​ដោយ​ឥត​បង់​លុយ​រយៈពេល ២ឆ្នាំ

សម្ដេច​តេជោ​បាន​ប្រកាស​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​សេវា​រថយន្ត​ក្រុង​សាធារណៈ​ដឹក​បង​ប្អូន​កម្មករ​កម្មការិនី​ដោយ​ឥត​គិត​ថ្លៃ (Free) មាន​រយៈពេល ២​ឆ្នាំ​ (ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩)។ 

៣) ពី​ដើម​ឆ្នាំ​២០១៨​ទៅ និយោជក​ត្រូវ​ចេញ​លុយ​ថ្លៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​​កម្មករ ១០០%

បច្ចុប្បន្ន របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​របស់​កម្មករ គឺ​ត្រូវ​បង់​ថ្លៃ​ពាក់​កណ្តាល​ម្នាក់ មានន័យថា (៥០%) ដោយ​និយោជក និង ៥០% ដោយ​និយោជិត។ ប៉ុន្តែ ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ បង​ប្អូន​និយោជិត (កម្មករ) មិន​ចាំបាច់​បង់​តទៅ​ទៀត​ទេ គឺ​និយោជក (ក្រុមហ៊ុន) ទទួល​រ៉ាប់​រង​បង់​លើការ​ចំណាយ​នេះ​ទាំង​អស់ (១០០%)។ ដូច្នេះ កម្មករ​យើង​អាច​នៅ​សល់​ប្រាក់​រវាង​ពី ៨០០០ ទៅ ១២០០០ រៀល​ក្នុង​មួយ​ខែ។ 

ជាមួយ​គ្នា​នោះ ក្រសួង​សុខាភិបាល​ត្រូវ​រៀបចំ​ឲ្យ​មាន​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​នៅ​ជិត​រោងចក្រ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ថែ​រក្សា​សុខភាព​ដល់​បង​ប្អូន​កម្មករ​កម្មការិនី រួមទាំង​រៀបចំ​ឲ្យ​មាន​ឡាន​ពេទ្យ​ប្រចាំការ​ដើម្បី​ត្រៀម​ដឹក​កម្មករ​នៅ​ពេល​មាន​គ្រោះថ្នាក់​អ្វី​មួយ​កើត​ឡើង។

៤) ពី​ឆ្នាំ​២០១៩​ទៅ កម្មករ​កម្មការិនី​នឹងមាន​ប្រាក់​រ៉ឺត្រែត​ដូច​មន្ត្រី​រាជការ​ដែរ

ចំពោះ​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍ ចាប់​ពី​ឆ្នាំ​២០១៩ ទៅ កម្មករនិយោជិតទាំងអស់ នឹងទទួល​ប្រាក់​សោធន​និវត្តន៍ (ប្រាក់​រឺត្រែត) មាន​ន័យ​ថា ពេល​នៅ​មាន​កម្លាំង​ធ្វើការ ក៏​ទទួល​ប្រាក់​ខែ ហើយ​ពេល​ចាស់​ទៅ​ ធ្វើការ​មិន​កើត​ក៏​មាន​ប្រាក់​រឺត្រែត ដូចជា​មន្ត្រី​រាជការ​ដែរ។ គឺ​មិន​ចាំបាច់​មាន​ក្របខ័ណ្ឌ​ការងារ​រដ្ឋ​ឡើយ៕




អត្ថបទបន្ទាប់


នាយក​រដ្ឋមន្ត្រី​នឹង​ចុះ​សួរ​សុខទុក្ខ​កម្មករ​កម្មការិនី​រោងចក្រ​រៀងរាល់​សប្ដាហ៍

នេះ​អាច​ជា​ដំណឹង​ល្អ​សម្រាប់កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ និង​សហគ្រាស​នានា! នាយក​រដ្ឋមន្ត្រី​ សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា លោក​នឹង…

Franchise ជា​កាំបិតមុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា (ភាគ១)

គិត​ត្រឹម​៥​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​ទិញ​លក់​សិទ្ធិ​អាជីវកម្ម​លើ​ស្លាក​យីហោ​ពី​បរទេស ឬ​គេ​និយម​ហៅ​ថា Franchise នោះ បាន​និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ