បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី New Fortune លោក ខូលីន ហ័ង (Colin Huang) អាយុ៤៤ឆ្នាំ ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា PDD Holdings បានជាប់ចំណាត់ថ្នាក់កំពូលតារាងក្នុងចំណោមមហាសេដ្ឋីខាងបច្ចេកវិទ្យាកំពូលទាំង៤របស់ចិន។ លោក ខូលីន មានទ្រព្យសម្បត្តិសុទ្ធប្រមាណ៥៩ពាន់លានដុល្លារអាម៉េរិក។ ចំណែកចំណាត់ថ្នាក់ទីពីរបានទៅលើលោក ចាង យីមីង (Zhang Yiming) អាយុ៤១ឆ្នាំ ដែលជាស្ថាបនិកក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TikTok ដោយលោកបានកាន់កាប់ភាគហ៊ុន២១% របស់ TikTok។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន៤៧ពាន់លានដុល្លារ។
លោក ម៉ា ហួតេង (Ma Huateng) អាយុ៥៣ឆ្នាំ ដែលជាស្ថាបនិកក្រុមហ៊ុន Tencent Holdings ទទួលបានចំណាត់ថ្នាក់ទីបី ជាកំពូលមហាសេដ្ឋីរបស់ចិន។ ក្រុមហ៊ុន Tencent Holdings គឺជាម្ចាស់កម្មវិធីផ្ញើសារ WeChat ដែលមានអ្នកប្រើប្រាស់ជាង១ពាន់លាននាក់ ហើយក៏ជាក្រុមហ៊ុនលក់វីដេអូហ្គេមដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ លោក ម៉ា ហួតេង មានទ្រព្យសម្បត្តិចំនួន២៩ពាន់លានដុល្លារ។
ចំណាត់ថ្នាក់ចុងក្រោយនៃកំពូលមហាសេដ្ឋីចិនទាំងបួននេះ បានទៅលើលោក ចេក ម៉ា (Jack Ma) អាយុ៦០ឆ្នាំ ដែលជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group Holding។ លោក ចេក ម៉ា មានទ្រព្យសម្បត្តិសុទ្ធចំនួនជាង២៨ពាន់លានដុល្លារ។ លោក ម៉ា បានបង្កើតក្រុមហ៊ុន Alibaba ក្នុងឆ្នាំ១៩៩៩ ហើយឥឡូវនេះ គឺជាក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិកធំបំផុតមួយរបស់ពិភពលោក។ លោក ម៉ា បានលាលែងពីតំណែងប្រធានប្រតិបត្តិរបស់ក្រុមហ៊ុននេះក្នុងឆ្នាំ២០១៩៕
អត្ថបទ៖ សុខ មង្គល