ស្របពេលដែលតំបន់អឺរ៉ុប កំពុងឆ្លងកាត់បញ្ហាអតិផរណាយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងមានអត្រា៩%នៅអេស្ប៉ាញ ១០%នៅអាល្លឺម៉ង់ និងជាង ៥%នៅបារាំង សហជីពនៃប្រទេសបារាំងខ្លួនឯងបានអំពាវនាវឱ្យកម្មករគ្រប់វិស័យ នាំគ្នាធ្វើបាតុកម្មដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួលរបស់ពួកគេ។ មុនផ្តើមចេញជាបាតុកម្មទូទាំងប្រទេសនេះដូចពេលនេះ គេធ្លាប់បានឃើញ បុគ្គលិកនិងកម្មករក្នុងវិស័យដឹកជញ្ជូន លក់រាយ និងវិស័យអប់រំ បានព្យាយាមតវ៉ារៀងៗខ្លួនដើម្បីស្នើសុំដំឡើងប្រាក់ឈ្នួលនេះដែរ។
បាតុកម្មកាលពីថ្ងៃទី២៩ខែកញ្ញា ត្រូវបានធ្វើឡើងជាង២០០កន្លែងនៅទូទាំងប្រទេសបារាំង តែនៅទីក្រុងបារីសជាទីដែលមានចលនាបាតុកម្មសកម្មជាងគេ។ បាតុកម្មបានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ផ្នែកសេវាកម្ម សាលារៀន និងបានធ្វើឱ្យវិស័យដឹកជញ្ជូនសាធារណៈ រួមមានរថយន្តក្រុង រថភ្លើងក្រោមដី និងរថភ្លើងឆ្លងតំបន់ មានភាពរអាក់រអួលយ៉ាងខ្លាំង។
គួរកត់សម្គាល់ថា បាតុកម្មលើកនេះបានផ្ទុះឡើងស្របពេលដែលរដ្ឋាភិបាលរបស់លោក ម៉ាក្រុងកំពុងរៀបចំកែទម្រង់ច្បាប់ និងប្រាក់ចូលនិវត្តន៍ថ្មី ស្របពេលដែលប្រធានាធិបតីដែលមានសម្លេងគាំទ្រតិច ក្នុងសភារូបនេះ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខការតវ៉ាពីពលរដ្ឋបន្តទៀតចាប់ពីខែក្រោយទៅ ពិសេសការតវ៉ាពីសហជីពធំៗជាច្រើនក្នុងប្រទេសបារាំង។
មែនទែនទៅ កម្មករនៅបារាំងទទួលស្គាល់ពីបរិបទសេដ្ឋកិច្ចដ៏លំបាកក្នុងពេលបច្ចុប្បន្ន ពិសេសគឺបញ្ហាអតិផរណាតែម្តង។ ប៉ុន្តែអ្វីដែលពួកគេចង់បាននាពេលនេះ គឺការដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យដល់២ពាន់អឺរ៉ូ ឬស្មើនឹងជាង២ពាន់ដុល្លារ បើតាមអត្រារូបិយបណ្ណបច្ចុប្បន្ន ដើម្បីយកមកដោះស្រាយការចំណាយលើទំនិញដែលកំពុងឡើងថ្លៃ។ ក្រៅពីនោះ កម្មករបានទាមទារ ឱ្យកំណត់អាយុចូលនិវត្តន៍របស់ពួកគេត្រឹម៦០ឆ្នាំ ជាមួយនឹងម៉ោងបំពេញការងារត្រឹម ៣២ម៉ោងក្នុងមួយសប្តាហ៍។
ការទាមទារដូចនេះ ដោយសារតែប្រធានាធិបតីម៉ាក្រុង បានដំឡើងអាយុចូលនិវត្តន៍មកនៅ ៦២ឆ្នាំ រួចទៅហើយក្រោយជាប់ឆ្នោតអាណត្តិទី២ភ្លាមៗ ស្របតាមការឃោសនារបស់លោក ដោយបានអះអាងថា ប្រព័ន្ធការងារបច្ចុប្បន្នមិនមាននិរន្តរភាព និងមានតម្លៃថ្លៃពេក។
សូមជម្រាបថា គម្រោងរបស់រដ្ឋាភិបាលទីក្រុងបារីស គឺត្រូវបន្តដំឡើងអាយុចូលនិវត្តន៍ឱ្យដល់ ៦៤ ឬ ៦៥ឆ្នាំឯណោះ ដែលការធ្វើបែបនេះត្រូវបានគេអះអាងថា ជាការបន្តរកចំណូលចូលរដ្ឋឱ្យបានច្រើន ដោយរដ្ឋមិនចាំបាច់ដំឡើងការយកពន្ធ។ កំណែទម្រង់ច្បាប់ចូលនិវត្តន៍នេះ គ្រោងអនុម័តឱ្យបានមុនរដូវរងារឆ្នាំនេះ ដើម្បីអាចចូលជាធរមាននៅរដូវក្តៅឆ្នាំក្រោយ៕