ស្រីលង្ការ-IMF

ស្រីលង្ការំពឹងខ្ពស់ថានឹងបានជំនួយសង្គ្រោះសេដ្ឋកិច្ចនៅមុនខែធ្នូ ប៉ុន្តែ IMF ថាពេលវេលាជាក់លាក់មិនទាន់អាចប៉ាន់ស្មានបាន


រដ្ឋាភិបាលស្រីលង្កាហាក់ដូចជាមានក្តីសង្ឃឹមខ្លាំងឡើងអំពីឱកាសរបស់ខ្លួនក្នុងការទទួលបានការយល់ព្រមពីក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF សម្រាប់ថវិកាសង្គ្រោះសេដ្ឋកិច្ចចំនួន ២,៩ពាន់លានដុល្លារនៅត្រឹមខែធ្នូឆ្នាំនេះ។ ប៉ុន្តែភាគីខាង IMF បានព្រមានថា ពេលវេលានៃការទទួលបានមូលនិធិននេះ នៅតែមិនច្បាស់លាស់ដដែល ដោយត្រូវពឹងផ្អែកលើការពិភាក្សាជាមុនសិន ជាមួយប្រទេសអ្នកផ្តល់ប្រាក់កម្ចី និងប្រទេសម្ចាស់បំណុលផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ស្រីលង្ការំពឹងជំនួយសង្គ្រោះនៅមុនខែធ្នូតែIMFថាទេ!

មន្ត្រីជាន់ខ្ពស់ពីររូបរបស់ IMF ទទួលបន្ទុកកិច្ចការនៅប្រទេសស្រីលង្កា​បានប្រាប់សារព័ត៌មាន Nikkei ថា IMF ពិបាកក្នុងការកំណត់ពេលវេលាជាក់លាក់ណាស់សម្រាប់ជំនួយសង្គ្រោះរបស់ស្រីលង្កា។ ប៉ុន្តែមន្ត្រីរបស់ស្ថានប័នមួយនេះ កត់សម្គាល់ពីភាពចាប់បាច់នៃការចូលរួមឱ្យបានសកម្មពីភាគីពាក់ព័ន្ធទាំងអស់ ដោយសារតែកិច្ចពិភាក្សាត្រូវចំណាយពេលច្រើន។ បើមិនដូច្នេះទេ គេមិនអាចជួយស្រោចស្រង់ស្រីលង្កាចេញពីវិបត្តិបានឡើយ។

ដំណើរការទទួលបានប្រាក់ជំនួយសង្គ្រោះពី​ IMF សម្រាប់ស្រីលង្កាធ្វើឡើងក្នុងភាពយឺតយ៉ាវមែនទែន​ ដោយប្រទេសមួយនេះទើប​ទទួលបានការព្រមព្រៀងកំរិត​មន្ត្រី​នឹងមន្រ្តី​រវាង IMF និងអាជ្ញាធរស្រីលង្កាកាលពីដើម​ខែ​កញ្ញា​ប៉ុណ្ណោះ ពាក់ព័ន្ធនឹង​ការទទួលបានជំនួយសង្គ្រោះសេដ្ឋកិច្ច គិតជាទឹកប្រាក់ជិត៣ពាន់លានដុល្លារ។

ប៉ុន្តែអស់ពេលជិត១ខែមកនេះ និតិវិធីបន្តមិនទាន់បានសម្រេចជារូបរាងនៅឡើយ ខណៈដែលសេដ្ឋកិច្ចរបស់ស្រីលង្កាជាប់ផុងជ្រៅទៅៗ នៅក្នុងវិបត្តិដ៏អាក្រក់បំផុត​នៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ទិន្នន័យកាលពីខែសីហា បង្ហាញថា អតិផរណានៅក្នុងប្រទេសបានកើនឡើងដល់ ៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ចំណែកគិតមកទល់ពេលនេះ ពលរដ្ឋនៅបន្តប្រឈមមុខ​នឹងការខ្វះខាត​យ៉ាងធ្ងន់ធ្ងរ នូវសម្ភារៈប្រើប្រាស់ចាំបាច់​ជាច្រើន​មុខដូចជា ប្រេងឥន្ធនៈ ថ្នាំសង្កូវជាដើម។​

គួរជម្រាបថា IMF មិនមែនជាស្ថាប័នតែមួយ​ដែលស្រីលង្កា​ខិតខំស្វែងរកប្រាក់ជំនួយនោះទេ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្រីលង្កាបានបើកកិច្ចប្រជុំតាម​អនឡាញមួយ ជាមួយម្ចាស់បំណុលក្រៅប្រទេសជាច្រើន ដើម្បីពន្យល់ពួកគេពីស្ថានភាពបច្ចុប្បន្នរបស់ស្រីលង្កា និងពិភាក្សាអំពីការរៀបចំបំណុល​ឡើងវិញផងដែរ។ នៅក្នុងជំនួបនោះ មន្ត្រីរដ្ឋាភិបាលទីក្រុងកូឡំបូ បានដាក់បន្ទុកលើការអនុវត្តគោលនយោបាយខុស គួបផ្សំជាមួយវិបត្តិកូវីដ១៩​ ដែល ជាដើមចម ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិ ទុនបំរុងធ្លាក់ចុះ និងបង្ខំឱ្យប្រទេសនេះបញ្ឈប់ការសងបំណុល។

ទិន្នន័យក្រសួងសេដ្ឋកិច្ចស្រីលង្កាបង្ហាញថា គិតត្រឹមចុងខែមិថុនាឆ្នាំនេះ បំណុលសាធារណៈរបស់ប្រទេសស្រីលង្កាមានចំនួន ១២២% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះប្រទេសចិន ជប៉ុន និងឥណ្ឌា គឺជាម្ចាស់បំណុលទ្វេភាគីធំៗទាំងបីរបស់ប្រទេសនេះ ដោយប្រទេសចិនដំណាងឱ្យ៥២%នៃបំណុលសរុប បន្ទាប់មកគឺប្រទេសជប៉ុនជិរ២០% និងឥណ្ឌាចំនួន១២%៕




អត្ថបទបន្ទាប់


បារាំងផ្ទុះបាតុកម្មទូទាំងប្រទេសប្រឆាំងច្បាប់ចូលនិវត្តន៍ថ្មី និងទាមទារការដំឡើងប្រាក់ឈ្នួល

ព័ត៌មាន
ពលរដ្ឋបារាំងបាននាំគ្នាចេញតាមដងផ្លូវធ្វើបាតុកម្មទូទាំងប្រទេសតែម្តងកាលពីថ្ងៃទី ២៩ខែកញ្ញា ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលកម្មករ ប្រឆាំងន…

ប្រទេសមួយចំនួននៅអាស៊ានចាប់ផ្ដើមប្រាសខ្លួនពីការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិកដែលកំពុងឡើងថ្លៃខ្ពស់

ព័ត៌មាន
ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ានមួយចំនួន ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃជាដើម កំពុងស្វះស្វែងរកវិធីសាស្ត្រក្នុងការសម្រួលដល់ការដោះដូរពាណិជ្ជកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ