
មិនដល់ពីរឆ្នាំផង ប្រទេសបារាំង ដែលបងធំទីពីរនៅតំបន់អឺរ៉ុបបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីរហូតដល់ទៅ៥រូបឯណោះ ដែលជាការផ្លាស់ប្តូរមិនធ្លាប់កើតមាននៅតំបន់អឺរ៉ុប ហើយឥឡូវនេះនាយករដ្ឋមន្រ្តីថ្មីកំពុងប្រឈមមុខនឹងបញ្ហាទាល់ច្រកដោយសារមិនអាចសម្រេចអ្វីបាន ព្រោះសភាដែលទើបកើតពីការបោះឆ្នោតឡើងវិញកាលពីខែកក្កដា ឆ្នាំ២០២៤ បានរាំងខ្ទប់ការអនុម័តច្បាប់ថវិកា។ ក្រៅពីបញ្ហាភាពវឹកវរនយោបាយ បញ្ហាសង្គមក៏កំពុងកើតមានឡើងផងដែរ ដោយក្រុមគ្រូបង្រៀន ឱសថការី និងបុគ្គលិកសេវាកម្មដឹកជញ្ជូនបាននាំគ្នាធ្វើកូដកម្ម ស្របពេលបំណុលជាតិបានឡើងដល់ជិត៧៩ពាន់លានដុល្លារ។
អ្នកសេដ្ឋកិច្ចបានព្រមានថា ប្រសិនបើបារាំងមិនអាចដោះស្រាយបញ្ហាចាក់ស្រេះ ជាពិសេសវិបត្តិនយោបាយនៅក្នុងប្រទេសឱ្យបានទាន់ពេលវេលាទេនោះ ទំហំបំណុលជាតិដែលបារាំងជំពាក់អាចនឹង ឡើងដល់ជិត១១៨លានដុល្លារនៅចុងទស្សវត្សរ៍នេះ។
តែទោះជាយ៉ាងណាក៏ដោយ លោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលនៅសល់ពេលវេលាត្រឹម១៨ខែសម្រាប់អណត្តិទី២នោះ នៅតែបន្តអះអាងថា លោកអាចនឹងដឹកនាំបារាំងឱ្យរួចផុតពីភាពរញ៉េរញ៉ៃនេះ បើទោះបីសភានៅតែហ៊ុំព័ទ្ធដោយក្រុមឆ្វេងនិយម និងស្តាំនិយមក៏ដោយ។
បច្ចុប្បន្នរដ្ឋាភិបាលបារាំងកំពុងដឹកនាំដោយលោក សេបាស្យៀង ឡឺករនូ (Sébastien Lecornu) ក្នុងនាមជានាយកដ្ឋមន្រ្តី ប៉ុន្តែវាមិនមែនជារឿងងាយស្រួលសម្រាប់បុរសវ័យ៣៩ឆ្នាំរូបនេះក្នុងការកសាងកម្លាំងគាំទ្រលើរដ្ឋាភិបាលថ្មី។
នៅពេលនេះលោក ម៉ាក្រុង កំពុងតម្រែតម្រង់មាគ៌ានយោបាយមួយសម្រាប់លោក ឡឺករនូ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា លោកដាច់ខាតត្រូវតែមានសម្បទានពីក្រុមឆ្វេងនិយម ជាពិសេសគណបក្សសង្គមនិយម៕
ដោយៈ សរ សុជាតិ