
លោក រ៉ន រ៉ប កសិករដាំដំឡូងមី នៅខេត្តឧត្តរមានជ័យ បានលើកឡើងថា បច្ចុប្បន្នដំឡូងមីនៅតំបន់របស់លោកមិនទាន់ឡើងថ្លៃនោះទេ ដោយអាចលក់បានចន្លោះ១១០រៀលទៅ១២០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ សម្រាប់ដំឡូងមីស្រស់ ខណៈដំឡូងស្ងួតអាចលក់បាន៥៥០រៀលក្នុងមួយគីឡូក្រាម។ បើតាមកសិកររូបនេះ តម្លៃដំឡូងមីស្រស់បច្ចុប្បន្នជាតម្លៃមួយទាប ដែលអាចធ្វើឱ្យលោកប្រឈមនឹងការខាតបង់ តែយ៉ាងណាលោករំពឹងថា តម្លៃដំឡូងមីស្រស់នឹងអាចហក់ដល់៣០០រៀលក្នុង១គីឡូក្រាមនាពេលខាងមុខ។
មិនខុសគ្នាពីកសិករខាងលើនោះទេ លោក ប្រ៉ុក ប៉្រុម កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យម្នាក់ដែរនោះបានលើកឡើងថា បច្ចុប្បន្នតម្លៃដំឡូងមីស្រស់បានធ្លាក់ថ្លៃមកនៅចន្លោះពី១១០រៀលទៅ១២០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីប៉ុន្មានខែមុនអាចលក់បានចន្លោះពី១៥០រៀលទៅ១៦០រៀលក្នុងមួយគីឡូក្រាម។ កសិកររូបនេះរំពឹងថា តម្លៃដំឡូងមីស្រស់អាចលក់បាន២០០រៀល និងស្ងួតលក់បាន៦៥០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាមនាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះលោក នួន ណារិន្ទដា កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យម្នាក់ដែរនោះបានអះអាងថា កាលពីឆ្នាំមុនលោកបានបង្ខំចិត្តលក់ដំឡូងមីស្រស់ទាំងខាតដើម ដែលកត្តានេះបានជំរុញឱ្យលោកកាត់បរិមាណដាំដំឡូងមីនៅឆ្នាំនេះ ព្រោះលោកខ្លាចខាតច្រើនដូចឆ្នាំមុន។ ដោយសារមិនចង់ទ្រាំទ្រជាមួយនឹងការខាតបន្តទៀត កសិកររូបនេះនឹងផ្លាស់ប្តូរទៅដាំដំណាំស្វាយចន្ទីវិញនៅឆ្នាំក្រោយ ត្បិតវាមានទីផ្សារល្អ និងងាយស្រួលក្នុងការមើលថែ។
ដោយឡែក លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានលើកឡើងថា កត្តាដែលនាំឱ្យដំឡូងមីស្រស់ធ្លាក់ថ្លៃ ដោយសារពេលនេះចូលដល់រដូវមានភ្លៀងធ្លាក់ ដែលអាចធ្វើឱ្យពូជដំឡូងមីមួយចំនួនរបស់កសិករបាត់បង់ជាតិម្សៅខ្ពស់។ តែយ៉ាងណាតម្លៃដំឡូងមីស្ងួតនៅថ្មីៗនេះ នៅតែរក្សាបានឱ្យតម្លៃថេរ ដោយនៅតំបន់ខ្លះហក់ឡើងថ្លៃផងដែរ។ លោក ស៊ីន វុទ្ធី កត់សម្គាល់ឃើញថា បច្ចុប្បន្នកសិករបានកាត់បន្ថយការដាំដុះដំឡូងមីមានច្រើនអាចរហូតដល់៦០% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមការអះអាងរបស់ក្រុមកសិករ នៅឆ្នាំនេះពួកគេបានកាត់បន្ថយការដាំដំណាំដំឡូងមីស្ទើរពាក់កណ្ដាលនៃផ្ទៃដី ដោយជំនួសមកដាំដំណាំផ្សេង។ ជាមួយគ្នានេះពួកគេ សំណូមពរដល់រដ្ឋាភិបាលជួយស្វែងរកទីផ្សារដំឡូងមីឱ្យបានច្រើន ដើម្បីជួយឱ្យពួកគេមានកម្លាំងចិត្តដាំដុះបន្តទៀត៕
អត្ថបទដោយ៖ ជា ម៉ារ៉ា