គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប

ថ្នាក់ដឹកនាំរំពឹងថា គម្រោងទីក្រុងឆ្លាតវៃនឹងជួយទាក់ទាញអ្នកវិនិយោគនិងភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើន


ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប បានអះអាងថា ទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន(JICA)នឹងជួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំក្រុងសៀមរាបឲ្យក្លាយជាទីក្រុងវៃឆ្លាតមួយរបស់កម្ពុជា។ បច្ចុប្បន្នរដ្ឋបាលខេត្តរូមជាមួយ JICA បានរៀបចំសេចក្តីព្រាងផែនការក្នុងការរៀបចំទីក្រុងវៃឆ្លាតក្នុងក្រុងសៀមរាបរួចហើយ ក្រោយសិក្សាអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ។
ទិដ្ឋភាពពីលើអាកាសនៃខេត្តសៀមរាបនាពេលបច្ចុប្បន្ន។ រូបថត៖ ក្រសួងទេសចរណ៍

ទីក្រុង​វៃឆ្លាត​សំដៅ​ដល់ទី​ក្រុង​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​អាច​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​របស់​ទីក្រុង ក្នុង​ន័យ​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​បង្កើត​ឱកាស​ថ្មី​ៗ​។ ថ្នាកដឹកនាំ​ខេត្តសៀមរាប​រំពឹង​ថា តាម​រយៈ​ទីក្រុង​វៃឆ្លាត​នេះ វា​នឹង​ជួយ​លើក​សម្រស់​ក្រុង​សៀមរាប​មួយ​កម្រិត​ទៀត​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​។

ក្រុង​សៀមរាប បាន​ឈាន​ទៅ​មួយ​កម្រិត​ទៀត​ហើយ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​ក្រុង​សៀមរាប ដាក់​ចេញ​នូវ​ផែនការ​រៀបចំ​ក្រុង​សៀមរាប ដែល​បណ្តុំ​ដោយ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ ឲ្យ​ក្លាយជា​ទីក្រុង​វៃឆ្លាត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ តាម​រយៈ​គម្រោង​នេះ វា​នឹង​ជួយ​រួមចំណែក​លើកមុខ​មាត់​ក្រុង​សៀមរាប​និយាយ​ដោយឡែក និង​ខេត្តសៀមរាប​និយាយ​ជា​រួម ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​។ 

ទោះបី​បច្ចុប្បន្ន​កម្ពុជា ក៏​ដូច​ជា​ខេត្តសៀមរាប​កំពុង​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ តែ​លោក សុខ ថុ​ល នាយក​រដ្ឋបាល​ខេត្តសៀមរាប​បាន​បញ្ជាប់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា បញ្ហា​នេះ​មិន​បាន​រំខាន​ដល់​ដំណើរការ​អភិវឌ្ឍន៍​ក្រុង​សៀមរាប​ឲ្យ​ក្លាយជា​ទីក្រុង​វៃឆ្លាត​នោះ​ទេ ខណៈ​បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ រួម​ជាមួយ​រដ្ឋបាល​ខេត្ត និង​ក្រុង​សៀមរាប​កំពុងធ្វើការ​ងារ​លើ​បញ្ហា​នេះ​យ៉ាង​សម្រាក់​សស្រាំ​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា ដើម្បី​រៀបចំ​ក្រុង​សៀមរាប​ឲ្យ​ស្រប​តាម​ផែនការ​ទីក្រុង​ឆ្លាត​វៃ​របស់​សមាគម​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន រដ្ឋបាល​ខេត្តសៀមរាប​បាន​ដាក់​សំណើរ​សុំ​ជំនួយ​បច្ចេកទេស​ពី​អង្គការ JICA តាំងពី​ឆ្នាំ​២០១៩ មក​ម្ល៉េះ​។ ពោល​គឺ​ក្រោយ​ក្រុង​សៀមរាប​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សមាជិក​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​-​ជប៉ុន​នៅ​ឆ្នាំ​២០១៨​។ 

ឯកឧត្តម បាន​បន្ថែម​ថា ក្រោយ​ក្រុង​សៀមរាប​ក្លាយជា​សមាជិកសមាគម​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ផែនការ​ក្នុង​ការ​បង្កើន​ការ​ចំណាយ​សាធារណៈ​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ដើម្បី​បង្ក​លក្ខណ​ងាយស្រួល​ក្នុង​ការ​រៀបចំ​ទីក្រុង​ឆ្លាត​វៃ​នេះ​។ ជាក់ស្តែង​រាជរដ្ឋាភិបាល​កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ខេត្តសៀមរាប ដែល​មក​ទល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​៦០%​ហើយ​។

បើ​តាម​ឯកឧត្តម ទៀ សីហា ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ និង​ការ​អភិវឌ្ឍន៍​ជាស​កល ដែល​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​អនុវត្ត​រួច​ទៅ​ហើយ​។

សម្រាប់​ការ​រៀបចំ​ទីក្រុង​សៀមរាប​ឲ្យ​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ​នេះ ដោយ​មានការ​សហការ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA) និង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន​។ បើ​តាម​លោក សុខ ថុ​ល ក្រោយ​សិក្សា​អស់​រយៈពេល​ជាង​១​ឆ្នាំ ភាគី​ជំនាញ​ទាំង​ពីរ​នេះ នឹង​ផ្តោត​លើ​ការ​រៀបចំ​គម្រោង​ប្រមូល និង​វិភាគ​ទិន្នន័យ​អំពី​ទីក្រុង​ឆ្លាត​វៃ និង​គម្រោង​រៀបចំ​បណ្តាញ​កាំ​មេ​រ៉ា​សុវត្ថិភាព​ក្នុង​ទីក្រុង​។ តែ​យ៉ាងណា​នាយក​រដ្ឋបាល​រូប​នេះ​មិនដឹង​ពី​ចំនួន​ថវិកា ដែល​គ្រោង​ចំណាយ​លើ​ការ​រៀបចំ​ទីក្រុង​ឆ្លាត​វៃ​នេះនោះ​ទេ​។

បើ​តាម​ក្រប​ខណ្ឌ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន  ទីក្រុង​ឆ្លាត​វៃ​ជាទី​ក្រុង​មួយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ និងប្រ​ព័ន្ធ​ឌី​ជី​ថ​ល​បួ​ក​រួម​នឹង​មធ្យោបាយ​មិនមែន​បច្ចេកវិទ្យា ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ទីក្រុង ពោល​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ការ​បង្កើត​ឱកាស​ថ្មី​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្លឹកគ្រៃក្រៀមពូជ«ភ្លុកដំរី» កំពុងមានការពេញនិយមសម្រាប់ទីផ្សារនាំចេញទៅប្រទេសថៃ

ព័ត៌មាន
ខណៈកម្ពុជា កំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ វិស័យកសិកម្ម ហាក់នៅតែមានភាពលេចធ្លោជាងគេ បើប្រៀបនឹងវិស័យដទៃ។ ដ្បិត កូវីដ-១៩ នៅបន្តវាយលុក និង…

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរើបបាន៧០% ខណៈការដឹកអ្នកដំណើរបន្តយ៉ាប់យ៉ឺន

ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់មានសភាពប្រសើរល្អឡើងវិញហើយនៅមួយរយៈចុងក្រោយនេះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ