ក្រសួងពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងឥន្ធនៈនឹងនៅតែខ្ពស់ បើប្រទេសធំៗមិនបញ្ចេញស្តុកប្រេង


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជឿជាក់ថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើង ឬនៅទ្រឹង ប្រសិនបើប្រទេសផលិតប្រេងធំៗលើពិភពលោកមិនបញ្ចេញប្រេង ដែលបានស្តុកទុក ហើយសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបន្តអូសបន្លាយ។ សម្រាប់កម្ពុជាមិនចង់ឃើញតម្លៃទំនិញចាំបាច់ដូចជាប្រេងឡើងខ្ពស់នោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់វិស័យផ្សេងៗ ជាពិសេសទំនិញប្រើប្រាស់ប្រចាំថ្ងៃតែម្តង។ ពាក់ព័ន្ធការកើនឡើងតម្លៃប្រេងនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ខណៈបច្ចុប្បន្នកំពុងរៀបចំកន្លែងស្តុកប្រេងដែលអាចផ្គត់ផ្គង់ចន្លោះពី២០ថ្ងៃទៅ៣០ថ្ងៃ។
ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងឥន្ធនៈនឹងនៅតែខ្ពស់ បើប្រទេសធំៗមិនបញ្ចេញស្តុកប្រេង

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ឯកឧត្តមមិនទាន់អាចវាយតម្លៃបានទេថា តម្លៃប្រេងឥន្ធនៈដែលកំពុងមានការកើនឡើងយ៉ាងគំហុកនឹងអាចចុះថ្លៃវិញនៅពេលណានោះទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើងមួយកម្រិតទៀត ឬអាចរក្សាតម្លៃដូចបច្ចុប្បន្ន ប្រសិនបើប្រទេសអ្នកផលិត និងប្រទេសដែលមានប្រេងបម្រុងធំៗដូចជាសហរដ្ឋអាមេរិកមិនបញ្ចេញប្រេងបម្រុងរបស់ខ្លួន។ ការជឿជាក់បែបនេះ ក៏ព្រោះគេមិនទាន់អាចដឹងទេថា សង្គ្រាមរុស្ស៊ីវាយចូលឈ្លានអ៊ុយក្រែននឹងត្រូវបញ្ចប់នៅពេលណាក។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សម្រាប់កម្ពុជា ដែលជាប្រទេសនាំចូលប្រេងសុទ្ធសាធ ក៏មានការព្រួយបារម្ភចំពោះការកើនឡើងតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្នដែរ ហើយរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ។ ជាក់ស្តែងបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំកន្លែងស្តុកប្រេង ដើម្បីធានាសន្និធិប្រេងសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋឲ្យបានចន្លោះពី២០ថ្ងៃទៅ៣០ថ្ងៃ។ សម្រាប់ ឯកឧត្តម កម្ពុជាមិនចង់ឃើញទំនិញ ដែលជាតម្រូវការចាំបាច់ដូចជាប្រេងមានការកើនឡើងតម្លៃនោះទេ ព្រោះការកើនឡើងតម្លៃប្រេងឥន្ធនៈវាអាចធ្វើឲ្យប៉ះពាល់ដល់វិស័យនានាពិសេសវិស័យដឹកជញ្ជូន និងតម្លៃទំនិញផ្សេងៗ។

ទោះបីតម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ ប៉ុន្តែកម្ពុជាមិនមានជួបបញ្ហាខ្វះប្រេងឥន្ធនៈប្រើប្រាស់ដូចកំពុងកើនមានឡើងនៅប្រទេសឡាវនោះទេ។ ឯកឧត្តម ជឿជាក់ថា បញ្ហានេះក៏ទំនងជាមិនអាចកើតមានឡើងនៅកម្ពុជានោះដែរ។ ព្រោះរាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។ គោលនយោបាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាធ្វើយ៉ាងណារក្សា និងគ្រប់គ្រងសន្និធិប្រេង សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋឲ្យគ្រប់គ្រាន់ ជាមួយការធានាតម្លៃសមរម្យស្របតាមទីផ្សារអន្តរជាតិ។

ពាក់ព័ន្ធតម្លៃប្រេងឥន្ធនៈនៅកម្ពុជានេះដែរ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ាង ថៃ កន្លងមករាជរដ្ឋាភិបាលបានជួយចេញ២សេនដុល្លារក្នុងមួយលីត្រ និងក្រុមហ៊ុននាំចូលជួយ២សេនក្នុងមួយលីត្រ។ ហើយកាលពីពេលថ្មីៗនេះ ដោយសារថ្លៃប្រេងលើទីផ្សារអន្តរជាតិឡើងច្រើនពេក រាជរដ្ឋាភិបាលបានជួយបញ្ចុះ ១,៥ សេនក្នុងមួយលីត្រទៀត ហើយក្រុមហ៊ុនក៏ជួយ១សេនក្នុងមួយលីត្រ បើថ្លៃសាំងឡើងលើស៩០ដុល្លាក្នុងមួយបារ៉ែល និងម៉ាស៊ូតឡើងលើសពី ១០០ ដុល្លាក្នុងមួយបារ៉ែល។ សរុបមក បច្ចុប្បន្ននេះ ក្នុងប្រេងមួយលីត្រ រាជរដ្ឋាភិបាល និងអ្នកនាំចូលជួយ ៦,៥ សេនក្នុងមួយលីត្រ។

យើងសង្កេតឃើញថាក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានរុញច្រានតម្លៃប្រេងឥន្ធនៈនៅលើពិភពលោកឲ្យហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ហើយតម្លៃម្ហូបអាហារ និងរបស់របរប្រើប្រាស់ក៏មានការកើនឡើងតាមនឹងផងដែរ ដែលធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកជួបប្រទះបញ្ហាការកើនឡើងអតិផរណា។ វិបត្តិនៅអ៊ុយក្រែននេះក៏បានធ្វើឲ្យប្រទេសមួយចំនួនជួបបញ្ហាវិបត្តិខ្វះថាមពលនិងប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ក្រោយប្រទេសទាំងនោះដាក់ទណ្ឌកម្មរុស្ស៊ីដោយឈប់ទិញប្រេង និងថាមពលពីរុស្ស៊ី៕

None



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំកំពូលក្រុមប្រទេសG7 ផ្តើមជួបប្រជុំគ្នា ដោយករឿងសង្គ្រាមនៅអ៊ុយក្រែនជាប្រធានបទសំខាន់

អធិការបតីអាល្លឺម៉ង់លោក អូឡាវ ស្កុល៍(Olaf Scholz) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បានទទួល ស្វាគមន៍មេដឹកនាំនៃក្រុមប្រទេសរីកចម្រើនទាំងប្រាំ…

ចិនបន្តបើកជើងហោះហើរអន្តរជាតិបន្ថែម ស្របពេលដែលករណីឆ្លងកូវីដ១៩ហាក់ថយចុះ

និយតករអាកាសចរណ៍របស់ប្រទេសចិន សម្លឹងមើលការបង្កើនការបើកជើងហោះហើរអន្តរជាតិ ខណៈដែលប្រទេសនេះបន្ធូរបន្ថយបន្តិចម្តងៗនូវការទប់ស្កាត់ការធ្វើដំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ