ការប្រកាសពីការប្ដេជ្ញាចិត្តរបស់ G20 ក្នុងការបញ្ជៀសផលប៉ះពាល់មកសេដ្ឋកិច្ច ដែលបណ្ដាលមកពីការដំឡើងអត្រាការប្រាក់នេះ បានធ្វើឡើងនៅក្រោយរយៈពេល២ថ្ងៃបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G-20 ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ី។ ទោះយ៉ាងណាកិច្ចប្រជុំនេះ មិនបានបញ្ចេញសេចក្ដីថ្លែងការណ៍រួមគ្នានោះទេ ដោយសារតែមានការខ្វែងគំនិតគ្នាពីជម្លោះ ដែលអូសបន្លាយពេលយូរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែននៅក្នុងចំណោមសមាជិក G-20 ដែលរួមមានជប៉ុន អាមេរិក និងរុស្ស៊ី។
ប្រទេសឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះថា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុម G-20 និងទេសាភិបាលធនាគារកណ្តាលបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយ«ការកើនឡើងនូវបញ្ហាប្រឈមសេដ្ឋកិច្ចជាសកល»ដោយបានលើកឡើងពីការកើនឡើងនូវតម្លៃអាហារ និងថាមពល ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងការរីករាលដាលនៃជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា ដើម្បីសម្រេចបាននូវស្ថិរភាពតម្លៃ និងជៀសវាងវិបត្តិនោះ សមាជិកក្រុមប្រទេស G-20 បាននិយាយថា ពួកគេនឹង«កំណត់ល្បឿននៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុឱ្យបានសមស្រប»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី ស្រ៊ី មុលយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) បានប្រាប់សន្និសីទសារព័ត៌មានថា ការផ្លាស់ប្តូរឆ្ពោះទៅរកការបង្កើនអត្រាការប្រាក់ និងការរឹតបន្តឹងសាច់ប្រាក់នោះកំពុងបង្កើត«ហានិភ័យដ៏ធំ»មួយ សម្រាប់ប្រទេសដែលមានបន្ទុកបំណុលធ្ងន់ធ្ងរ។ ដូច្នេះហើយ ពួកគេមិនគួរបំភ្លេចចោលនូវលទ្ធភាពបង្កឱ្យមានហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែខ្លាំងឡើង ដោយសារតែវិធានការនៃការដំឡើងអត្រាការប្រាក់នោះឡើយ។
ស្របពេលមានការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកដ៏ស្មុគស្មាញនោះ លោកស្រី អ៊ីនដ្រាវ៉ាទី ក៏បានអំពាវនាវឱ្យមាន«ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងសកម្មភាពរួមគ្នា» ពីក្រុម G-20 ហើយបានគូសបញ្ជាក់ថា ក្រុមនេះគួរតែបន្តជា«វេទិកាសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ»បើទោះជាមានការរិះគន់ជុំវិញភាពមិនដំណើរការរបស់ខ្លួននៅចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក ស៊ុនីឈិ ស៊ុហ្សុគី (Shunichi Suzuki) បានប្រាប់សន្និសីទព័ត៌មានដាច់ឡែកមួយថា សង្គ្រាមរបស់រុស្ស៊ីកំពុងធ្វើឱ្យមានការលំបាកសម្រាប់ក្រុម G-20 ក្នុងការឈានដល់ការឯកភាពគ្នា ដែលនឹងធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមមួយនៃកិច្ចប្រជុំនេះ៕
អត្ថបទ៖ សុខ ជា